អានតួអត្ថបទ
ទប់ស្កាត់លំហូរជនអន្តោប្រវេសន៍

បារាំង-អង់គ្លេសចាប់ដៃគ្នា ​សាង​ទំនុកចិត្ត ហើយរួមគ្នាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍

នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ប្រកាសសហការ​ជាមួយ​​​បារាំង ក្នុង​​គម្រោង​ទប់​ស្កាត់​លំហូរ​ជន​ភៀសខ្លួន​ខុស​ច្បាស់​ ដែល​ចេញ​បន្ត​ពី​ទឹក​ដី​បារាំង ​ឆ្លង​សមុទ្រ​ទៅ​ អង់គ្លេស។ ក្នុង​គម្រោង​នេះ អង់គ្លេសសម្រេច​ផ្តល់​វិភាគទាន​ទឹកប្រាក់​ ជាង​ ៥០០លា​នអឺរ៉ូ​។ ការ​ប្រកាស​ដូច្នេះ គឺធ្វើ​ឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ពេញ​១​ថ្ងៃ​សុក្រ ​ទី១០មីនា នៅ​ទីក្រុង​​ប៉ារីស​​ ​ជាទី​ដែល ​នាយករដ្ឋមន្ត្រីអង់គ្លេស អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​អង់គ្លេស​ ៧ រូប ជួប​ចរចា​ជាមួយ​ប្រធានាធិបតីបារាំង។​​

ថ្នាក់ដឹកនាំ​បារាំងនិងអង់គ្លេសចាប់ដៃគ្នា ​សាង​ទំនុកចិត្ត ហើយរួមគ្នាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍។
ថ្នាក់ដឹកនាំ​បារាំងនិងអង់គ្លេសចាប់ដៃគ្នា ​សាង​ទំនុកចិត្ត ហើយរួមគ្នាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍។ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​លំហូរជនភៀសខ្លួនខុសច្បាស់ ដែល​​ចេញបន្តពីទឹកដីបារាំង ឆ្លងសមុទ្រ La Manche ទៅ អង់គ្លេស គឺជា​ប្រធាន​បទ​រស៊ើប​សម្រាប់នយោបាយ​ផ្ទៃក្នុង​​ទាំងពីរភាគី​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​នីមួយៗ ត្រូវ​រង​ការ​រិះ​គន់​ជុំវិញ​ចំណាត់​ការ​ទប់​ស្កាត់​ជន​ភៀសខ្លួន ជា​ពិសេស ​នេះ​គឺជាទាមទារ​របស់​គណ​បក្ស​អភិរក្ស​និយម​ បក្ស​កាន់​អំណាច​របស់​អង់គ្លេស​។​​​ ​ម្តងម្តាល​ អាជ្ញាធរអង់គ្លេស ក៏​បាន​ទម្លាក់​កំហុស​លើ​បារាំង និង​ថែមទាំង​បាន​ប៉ះទង្គិច​សម្តី​គ្នា​​ខ្លះ​ផង។ សូម្បី​តែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​អាណត្តិមុន អ្ន​កស្រី លីស្ស ត្រាស្ស ក៏​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​ ដែល​សួរ​ថា​ តើ​ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង ជាមិត្ត​ឬ​ជា​សត្រូវ។​

ផ្ទុយ​ពីនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស រីស៊ី ស៊ូណាក់ បាន​អះអាង​ជាមួយ​កាសែត​បារាំង Le Frigaro ​ក្នុង​ដំណើរ​មក​ប៉ារីស ថា​លោក ​ម៉ាក្រុង​ ជា«មហា​មិត្ត​ដ៏​ពិតប្រាកដ»។​

ពីចំណែក​ខ្លួន ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ​បាន​ប្រកាសក្នុង​សន្និសីទ​កាសែត​រួមគ្នា​  ពី​​ការ​បើកទំព័រ​ទំនាក់​ទំនង​ថ្មី​ជាមួយ​អង់គ្លេស ដោយ​ឈរ​លើ​ទំនុកចិត្ត​និង​កិច្ច​សហការរួម​គ្នា។ ភាគី​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ បាន​យល់​ព្រម​ពួត​ដៃ​គ្នា​ទប់​ស្កាត់​ជន​ភៀសខ្លួន​ ត្រង់​ច្រក​សមុទ្រ​ La Manche ប្រវែង​ប្រមាណ​ជាង ៤០ គីឡូម៉ែត្រ​ចន្លោះ​ប្រទេស​ទាំង​ពីរ​។

អាជ្ញាធរ​បារាំងនិង​អង់គ្លេស ​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បន្ថែម នៅ​ប៉ែក​ខាង​ជើង​បារាំង​ ដើម្បី​ដាក់​ឃុំ​ជន​ភៀសខ្លួនខុសច្បាប់​ មុន​ត្រៀម​នឹង​បញ្ជូន​ចេញ​ពីប្រទេស។​ បារាំង​ក៏​នឹង​បង្កើត​យន្តការរួម​ជាមួយ​អង់គ្លេស ដាក់​ភ្នាក់​ងារ​៥០០នាក់​ សម្រាប់​ឃ្លាំមើលតាម​មាត់​​ឆ្នេរ​ និង​​តាម​ដាន​អ្នក​ជិះទូក​កាត់​សមុទ្រ។ នៅក្នុង​គម្រោង​នេះ រដ្ឋបាល​រាជធានី​ឡុងដ្រ៍ បាន​លម្អិត​ថា ផ្តល់​ថវិកា​ ៥៤០ លាន​អឺរ៉ូ ដែល​ត្រូវបែក​ចែង​ជា​ ៣ ​ដំណាក់​កាល​ និង​ថា​ បារាំង​​ទទួល​បន្ទុក​ចេញ​ថវិកា​ច្រើន​ជាង​អង់គ្លេស​ដល់​ទៅ ​៥ ឯណោះ។ ​​

នៅប្រទេស​បារាំង អង្គការ​សង្គម​ស៊ីវិល​ការពារសិទ្ធ​ជន​ភៀសខ្លួន បាន​រិះគន់​រដ្ឋាភិបា​លបារាំង យ៉ាង​ចាស់​ដៃ​ថា ផ្សំគំនិត​​ឃុបឃិតជាមួយ​អង់គ្លេស​នៅក្នុង​នយោបាយ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ និង​ថា​ នេះ​ជា​វិធានាការ​ដ៏​អសមនុស្សធម៌។ ចំណែក​អង្គការសិទ្ធិមនុស្ស​ ​Amnesty International បាន​បន្ទោស​ ​អង់គ្លេស ថា ​ទម្លាក់​ចោល​ការ​ទទួល​ខុសត្រូវ​​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ