អានតួអត្ថបទ

UBS​ទិញ​ធនាគារ​​Crédit Suisse ​តែ​ទីផ្សារ​ហិរញ្ញវត្ថុ​​​​បន្តរំជើបរំជួលខ្លាំង​ដដែល

ទីផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប​និង​អាស៊ី នៅ​តែ​បន្ត​ដាំក្បាល​ធ្លាក់​ចុះ​ដដែល នៅ​ព្រឹក​ថ្ងៃ​ចន្ទទី ២០មីនា នេះ។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​វិនិយោគ​ពិភពលោក ពុំ​ទាន់​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ទេ បើ​ទោះបី​ជា​ធនាគារ​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ស្វីស UBS​ បានប្រកាស​​ទិញ ធនាគារ Crédit Suisse ដែល​កំពុង​ជួប​បញ្ហា​ក៏​ដោយ។

ធនាគារ​UBS​​ទិញCredit Suisse ដើម្បី​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក
ធនាគារ​UBS​​ទិញCredit Suisse ដើម្បី​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក AFP - FABRICE COFFRINI
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ងរ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគនៅទូទាំង​ពិភពលោក​​ឡើង​វិញ ក្រុមហ៊ុនUBS​ធនាគារដ៏​ធំ​ជាង​គេ​បង្អស់​របស់​ស្វ៊ីស បាន​ព្រមព្រៀង​ទិញធនាគារ​Crédit Suisse ជា​គូប្រជែង​ដែល​កំពុង​ជួប​ការ​លំបាកខ្លាំង ដោយ​មាន​ការ​ធានា​រ៉ាប់រង​ដ៏​សំខាន់​ពី​រដ្ឋាភិបាល​ស្វ៊ីសផង។ សម្រាប់​លោកAlain Berset ​ប្រធានាធិបតី​សហព័ន្ធ​ស្វីស​ នេះ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​តែ​ប្រទេស​ស្វ៊ីស​តែ​មួយ​ទេ ប៉ុន្តែ​ជា​ការ​​ផ្តល់ស្ថិរភាព​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ទាំង​មូល។ ស្វីស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ហួស​ព្រំដែន​ទៅ​ទៀត ព្រោះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ការ​ដួលរលំ​នៃ​ធនាគារ​Crédit Suisse អាច​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​សេដ្ឋកិច្ច​ដែល​មិន​អាច​ស្តារ​បាន។

ប៉ុន្តែ​ ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ជាពិសេស ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​តែ​បន្ត​ដាំក្បាល​ចុះ និង​រំជើបរំជួល​ខ្លាំង​ដដែល។ អ្នក​វិភាគ​យល់ថា ការ​សង្ស័យ​និង​ការ​បាត់​បង់​ទំនុក​ចិត្ត​នៅ​តែ​មាន​ខ្លាំង​មួយ​រយៈ​ពេលទៀត បើ​​​ទោះ​បី​ជាអាជ្ញាធរ​ប្រឹងប្រែង​ធានា​យ៉ាង​ណា​ក៏​ដោយ។ បើ​តាម​អាជ្ញាធរ​រូបិយបណ្ណ​ហុងកុង ធនាគារ​Crédit Suisse​ គ្មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ធនាគារ​ហុងកុង​ទេ ព្រោះ​តំណាង​ឱ្យ​មិន​ដល់​០,៥%​នៃ​ភាគហ៊ុន​សរុប​នៃ​ប្រព័ន្ធ​ធនាគារ​ហុងកុង​។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​ បាន​ចេញ​មុខ​ធានា នៅថ្ងៃ​នេះ​​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ជប៉ុន​មាន​លុយ​និង​ទុន​ហូរហៀ​ ហើយ​​ទីផ្សារ​ហិរញ្ញវត្ថុមាន​ស្ថិរភាពល្អ​ជា​ទូទៅ។

ជាមួយ​នឹង​​ការ​អបអរ​ពេញ​ចិត្ត ដែល​ធនាគារ​UBS ព្រម​ទិញ​Crédit Suisse ធនាគារកណ្តាល​អឺរ៉ុប និ​ងធនាគារ​កណ្តាល​អាមេរិក បាន​ប្រកាស​បញ្ចេញ​សកម្មភាព​សម្រួល​ការ​ប្រើប្រាស់​សាច់​​លុយ​ដុល្លារ​ ដើម្បី​​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដល់​​អ្នក​វិនិយោគ។ ជាង​នេះ​ទៅ​ទៀត ធនាគារ​កណ្តាល​អឺរ៉ុប​ ​បារាំង និងអាល្លឺម៉ង់ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា  ប្រព័ន្ធ​ធនាគារ​បារាំង អាល្លឺម៉ង់ មាន​ភាព​ធុន​និង​រឹង​មាំ ព្រោះ​មាន​ច្បាប់​សុវត្តិភាព​ខុស​ពី​នៅ​សហរដ្ឋ​អាមេរិក​។ ចំណែក​បញ្ហា​របស់​ធនាគារCrédit​ Suisse ជា​បញ្ហា​របស់​ធនាគារ​ផ្ទាល់​ដែល​គេ​បាន​ដឹង​តាំង​ពីយូរ​មក​ហើយ​ ហើយដែល​នឹង​ក្លាយ​ទៅ​ជា​​ធនាគារ​UBS​ដែល​មាន​សុខភាព​រឹង​មាំល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ