អានតួអត្ថបទ
ធនាគារស្វ៊ីស

រដ្ឋាភិបាល​ស្វ៊ីសប្រជុំបន្ទាន់នៅក្រោយ​ទីផ្សាររំជើបរំជួលដោយសារ​បញ្ហា​​ធនាគារ​ស្វ៊ីស Credit Suisse

តើ​វិបត្តិ​ធនាគារ​នៅអាមេរិក​កំពុង​ឆ្លងរាលដាល​ចូល​ដល់​ធនាគារ​ស្វ៊ីស ឬយ៉ាងណា? ធ្លាប់ចាត់ទុក​ជា​ធនាគារ​ដ៏​មាន​សុវត្ថិភាពរឹងមាំ​បំផុត​នៅក្នុងលោក ធនាគារ​ស្វ៊ីស ឈ្មោះ Credit Suisse​កំពុង​ប្រឈមនឹង​បញ្ហា ដែលធ្វើ​ទីផ្សារ​ហិរញ្ញវត្ថុអន្តរជាតិ​រំជើបរំជួលខ្លាំង។ នៅថ្ងៃ​ព្រហស្បតិ៍​តម្លៃភាគហ៊ុន​របស់​ធនាគារ​បាន​ឡើង​មក​វិញ នៅ​បន្ទាប់​ពី ធនាគារ​កណ្តាល​ស្វ៊ីស​ប្រកាស​ចេញមុខ​ជួយ Credit Suisse​ដែលជា​ធនាគារ​ធំទី​២​របស់​ស៊្វ៊ីស។ នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​សហព័ន្ធ​ស្វ៊ីស​នឹង​បើក​ការប្រជុំ​ពិសេស ដើម្បី​និយាយ​ពី​បញ្ហា​របស់​ធនាគារ Credit Suisse។

ទង់ធនាគារ​ស្វ៊ីស Credit Suisse នៅសាខារបស់ខ្លួន​នៅទីក្រុង​Bern ប្រទេស​ស្វ៊ីស
ទង់ធនាគារ​ស្វ៊ីស Credit Suisse នៅសាខារបស់ខ្លួន​នៅទីក្រុង​Bern ប្រទេស​ស្វ៊ីស REUTERS - ARND WIEGMANN
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ស៊្វីស​បើក​ការប្រជុំ​ពិសេស និយាយ​ពី​បញ្ហា​របស់​ធនាគារ​Credit Suisse នៅ​មួយ​ថ្ងៃ​ក្រោយ ភាគហ៊ុន​របស់ធនាគារ​ធំទី២​របស់​ស្វ៊ីស ធ្លាក់ចុះខ្លាំង មិនធ្លាប់មាន នៅក្នុងប្រវត្តិរបស់ធនាគារ។

នៅ​ថ្ងៃ​ពុធ តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​ស្វ៊ីស Credit Suisse ធ្លាក់ចុះ​អស់​៣០%។ អ្វីៗ​ចាប់ផ្តើមឡើង​នៅព្រឹកថ្ងៃពុធ នៅពេល​ប្រធាន​ធនាគារ​អារ៉ាប៊ីសាអូឌីត លោក​Ammar al-Khudairy ដែលមានចំណែកភាគហ៊ុន​ប្រមាណ ១០% របស់​ធនាគារ​ Credit Suisse​ប្រកាស​ថា ធនាគារ​អារ៉ាប៊ីសាអូឌីត គ្មាន​ផែនការ​វិនិយោគ​បន្ថែម​ទៅ​ក្នុង​ធនាគារ​ស្វ៊ីស ដែលធនាគារ​អារ៉ាប៊ីសាអូឌីត​បាន​ចូលសង្រ្គោះ ជួយទិញភាគហ៊ុន កាលពីខែ​វិច្ឆិកា​កន្លងទៅ។

ការប្រកាស​របស់​ប្រធាន​ធនាគារ​អារ៉ាប៊ីសាអូឌីត បាន​បង្ក​ឲ្យ​មាន​ការរំជើបរំជួល នៅទី​ផ្សារភាគហ៊ុន នៅពេល អ្នកវិនិយោគ​ចាប់​ព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​វិបត្តិ​ធនាគារ នៅក្រោយការដួលរលំ​ធនាគារ​អាមេរិក SVB។

ស្ថិតក្នុងក្លឹប​ធនាគារ ដែល​ដើរតួនាទី​ដ៏​សំខាន់ ដោយ​មិន​ត្រូវ​ដួលរលំ​ងាយៗ ធនាគារ Credit Suisse ចង់ស្តារ​ជំនឿចិត្ត​របស់​អ្នកវិនិយោគ ដោយ​បាន​ប្រកាស នៅយប់​ថ្ងៃ​ពុធ ថា ធនាគារ​ដាក់ពាក្យ​សុំខ្ចី​ប្រាក់ ប្រមាណ ៥០ពាន់លានហ្វ្រង់ស្វ៊ីស ពីធនាគារ​កណ្តាល​ស្វ៊ីស ដើម្បី​ពង្រឹង​លំហូរ​សាច់ប្រាក់។ បន្ថែមពី​លើនោះ ធនាគារ​Credit Suisse​នឹង​ប្រកាស​ទិញប្រាក់បំណុល ប្រមាណ ៣ពាន់លាន​ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត។

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ នេះ ទីផ្សារ​អឺរ៉ុប​ចាប់បើកទ្វារ​ជាមួយ​សញ្ញាវិជ្ជមាន។ តម្លៃ​ភាគហ៊ុន​របស់ធនាគារ​ Credit Suisse បាន​ឡើង​វិញ ប្រមាណ ២២​%នៅក្រោយ ធនាគារ​កណ្តាលស្វ៊ីស និង​អាជ្ញាធរ​គ្រប់គ្រង​ហិរញ្ញវត្ថុ​Finma ប្រកាស​នៅ​យប់​ថ្ងៃ​ពុធ​ថា ធនាគារកណ្តាល​ត្រៀម​ផ្តល់​សាច់ប្រាក់​តាមការចង់បាន​របស់​ធនាគារ​ Credit Suisse។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ធនាគារ​កណ្តាលស្វ៊ីស និង​អាជ្ញាធរ​គ្រប់គ្រង​ហិរញ្ញវត្ថុ នៅបាន​បញ្ជាក់ធានា​ថា ប្រព័ន្ធ​ធនាគារ​ Credit Suisse​រឹងមាំ និង​ឆ្លើយតប​គ្រប់លក្ខខណ្ឌ​ទាមទារ​របស់​អាជ្ញាធរ ហិរញ្ញវត្ថុស្វ៊ីស ពោល​គឺ​មិនអាច​ជួបបញ្ហា​ខ្វះលំហូរសាច់ប្រាក់ឡើយ។ ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងពីរ​របស់ស្វ៊ីស​វាយតម្លៃដែរថា វិបត្តិដួលរលំធនាគារ​នៅអាមេរិក នឹង​មិន​បង្កហានិភ័យ​ឆ្លងចូល​ដល់​ធនាគារ​ស្វ៊ីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ