អានតួអត្ថបទ
អាកាសធាតុ

អាកាសធាតុ ៖ Giecចេញ​ផ្សាយ​ “មគ្គុទេសក៍​អនាគត​របស់​​​មនុស្សជាតិ”

នៅថ្ងៃចន្ទ​ទី ២០​មីនា​២០២៣​នេះ ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ Giec បាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​ជា​លទ្ធផល​នៃ​ការ​ងារ​រយៈ​ពេល​៩​ឆ្នាំ។ ជា​របាយការណ៍​ ដាស់​ប្រាប់​​មនុស្ស​ជាតិ​អំពី​ភាព​ចាំបាច់ដែល​​​ត្រូវ​តែ​បញ្ចេញ​សកម្ម​ភាព​ដាច់​ខាត​ក្នុង​ទសវត្សរ៍​នេះ ទើប​​ប្រាកដ​ថា​ មនុស្ស​លោក​អាច​ត្រដរ​រស់​បាន​នាពេល​អនាគត។ ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍​ បាន​ចាត់ទុក​របាយការណ៍ដ៏​​ថ្លៃថ្លា​ ​នេះ​ ជា​មគ្គុទេសក៍​សម្រាប់​ភាព​រស់​រាន​របស់​មនុស្សជាតិ។

អាកាសធាតុ ៖ Giecចេញ​ផ្សាយ​ “មគ្គុទេសក៍​អនាគត​របស់​​​មនុស្សជាតិ”
អាកាសធាតុ ៖ Giecចេញ​ផ្សាយ​ “មគ្គុទេសក៍​អនាគត​របស់​​​មនុស្សជាតិ” © AFP/ Odd Andersen
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ ដែលជា​សំយោគការងារ​៩​ឆ្នាំ​នេះ​ គឺ​ជា​សារ​នៃ​ក្តីសង្ឃឹម ព្រោះ​​ក្នុង​របាយការណ៍​មាន​បញ្ជាក់​អំពី​ភាព​បន្ទាន់​នៃ​ចំណាត់ការ​​ផង និង​បង្ហាញ​ឱ្យ​ឃើញ​ថា​បើ​គេ​បញ្ចេញ​សកម្មភាពពេល​នេះ ពិភពលោក​ពិត​ជា​អាច​រស់​បាន​នាពេល​អនាគត។ ​បើ​តាម​ប្រធាន​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិGiec​ ជាតិ​កូរ៉េ លោក Hoesung Lee ពេល​នេះ​យើង​មាន​ចំណេះ​ធ្វើ មាន​បច្ចេកវិទ្យា មាន​ឧបករណ៍ មាន​ធនធាន​និង​មាន​គ្រប់លទ្ធភាព​​សម្រាប់ប្រឈម​នឹង​​បញ្ហា​អាកាសធាតុ​​ នៅ​ខ្វះ​តែ​ឆន្ទៈ​នយោបាយ​ដោះស្រាយ​បញ្ហា​តែ​ម្តង​ឱ្យ​សេ្រច​តែ​ប៉ុណ្ណោះ។

ជា​លម្អិត​ អ្នក​ជំនាញ​បាន​យល់​ស្រប​គ្នា​អំពី​តួនាទី​ស្នូល​របស់​ថាមពល​ផូស៊ីល (ថាមពល​ប្រេង ហ្កាស ធ្យូងថ្ម) និង​បានផ្តល់​ភាព​ស្រប​ច្បាប់​ដល់​បច្ចេកវិទ្យា​ចាប់​ឧស្ម័ន​កាបូនិក។ បើ​គ្មាន​បំពាក់​ឧបករណ៍​ខ្ទប់​ឧស្ម័ន​កាបូនិក​ទេ រចនា​សម្ព័ន្ធ​ថាមពល​ផូស៊ីល​មាន​ស្រាប់ អាច​នឹង​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្តៅ​អាកាសធាតុ​១,៥​អង្សា​ នៅរវាង​ឆ្នាំ​២០៣០-២០៣៥ហើយ។ នេះ​ជា​ការ​ព្រមាន​របស់អ្នក​ជំនាញ​​Giec ដោយ​ពន្យល់​ថា​ កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ ឱ្យ​បាន​​ច្រើន​ ឱ្យ​បាន​​លឿន និង​ជា​បន្ត​​ ​នឹង​​ពន្យឺត​ការ​ឡើង​កម្តៅ​អាកាសធាតុ ​បាន​​​ក្នុង​​ពេលតែ​​ប្រមាណ​២ទសវត្សរ៍​។

ក្នុង​របាយការណ៍​​​ អ្នក​វិទ្យាសាស្ត្រ​បាន​សរសេរ​ទៀត​ថា នាពេល​អនាគត​ ការ​​​ឡើងកម្តៅអាកាសធាតុទោះ​ក្នុង​​កំរិតណា ក៏​ហានិភ័យ​មាន​កំរិត​ខ្ពស់​ជាង​សេចក្តី​សន្និដ្ឋាន​​មុន​ដែល​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៤​ដែរ។ ហានិភ័យ​សម្រាប់​ប្រព័ន្ធ​អេកូសាស្ត្រ​តាម​ឆ្នេរ ហានិភ័យ​បុគ្គល និង​ហេដ្ឋារចនា​សម្ព័ន្ធ​នឹងកើន​ជា​លំដាប់​​ចាប់​ពី​ឆ្នាំ​២១០០​ទៅ ព្រោះ​តែ​កម្ពស់​ទឹក​សមុទ្ទ​ឡើង។ ហើយ​អាកាសធាតុ​ដែល​ឡើង​ក្តៅ​ខ្លាំង​នា​រយៈ​ពេល​៨​ឆ្នាំ​កន្លង​មក​នេះ នឹង​ក្លាយ​ជា​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត​សម្រាប់​ក្មេង​ជំនាន់(សតវត្សរ៍​)​ក្រោយ​ ទោះ​បី​ឧស្ម័ន​ផ្ទះកញ្ចក់​មាន​កំរិត​ណា​ក៏​ដោយ។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​គេ​ត្រូវ​ប្រឹង​សម្រប​ខ្លួន​នឹងការ​ប្រែប្រួល​អាកាសធាតុ​ និង​ប្រឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែងពុល​ដើម្បីកុំ​ឱ្យ​ស្ថានភាព​កាន់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង​។

បើ​តាម​Giec ​​ធ្វើ​វិនិយោគ​ប្រសើរ​ជាង​ដេក​ចាំ​រង​ផលវិបាក។ ដោយ​សារ​ការ​វិវត្ត​ផ្នែក​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ យ៉ាង​លឿន​រហ័ស​ ពី​ឆ្នាំ​២០១០ ទៅ​ឆ្នាំ​២០១៩ ថាមពល​សូឡា​បាន​ចុះ​ថ្លៃ​៨៥%​ ថាមពល​វាយោ​៥៥% និង​អាគុយ​លីចូម​ ៨៥%។ ក្រៅ​អំពី​ឥទ្ធិពល​លើ​អាកាសធាតុ ពន្លឿន​ការ​​វិនិយោគ​អាច​ពាំនាំ​មក​នូវ​គុណប្រយោជន៍​ជា​ប្រយោល​​ផ្សេងទៀត ជាពិសេស​​គុណភាព​ខ្យល់​ និង​សុខភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ