អានតួអត្ថបទ
អាវុធ​នុយក្លេអ៊ែរ

របាយការណ៍ ៖ ​ចំនួន​ក្បាល​គ្រាប់​​នុយក្លេអ៊ែរកើន​ឡើង​ខ្លាំង​​ ក្នុង​បរិបទ​នៃ​សង្គ្រាម​អ៊ុយក្រែន

ក្នុង​ខណៈ​ដែល​សង្គ្រាម​នៅអ៊ុយក្រែន បាន​បំផុស​បំផុល​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ របាយការណ៍​ថ្មី​ទើប​ចេញ​នៅថ្ងៃពុធទី ២៩មីនា បាន​បង្ហាញ​ថា​ ចំនួន​គ្រាប់​ក្បាល​នុយក្លេអ៊ែរ​ អាច​យក​ទៅប្រើ​បាន​ភ្លាម បាន​កើន​ឡើង​នៅទូទាំង​ពិភពលោក កាលពី​ឆ្នាំ​ទៅ។ កំណើន​មាន​ខ្លាំង​ជាងគេ​នៅ​រុស្ស៊ី​និង​នៅចិន។

ចំនួនអាវុធ​នុយក្លេអ៊ែរ សរុប​នៅលើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៨
ចំនួនអាវុធ​នុយក្លេអ៊ែរ សរុប​នៅលើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៨ ©AFP
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣​នេះ មហាអំណាច​នុយក្លេអ៊ែរ​ជាផ្លូវការ(សហរដ្ឋ​អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន​ ឥណ្ឌា ប៉ាគីស្ថាន និង​កូរ៉េខាងជើង)​ ​និង​ក្រៅផ្លូវការ (អ៊ីស្រាអ៊ែល)​ ទាំង​៩ប្រទេស​ មាន​​ក្បាលគ្រាប់​​នុយក្លេអ៊ែរ​សរុប​ចំនួន ៩៥៧៦​ ដែល​មាន​អំណាច​ខ្លាំង​ ស្មើ​នឹង១៣៥០០០​គ្រាប់​បែក​នុយក្លេអ៊ែរ​ទម្លាក់​នៅហ៊ីរ៉ូស្ហ៊ីម៉ា។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ន័រវែស Nuclear Weapons Ban Monitor​ សហការ​ស្រាវជ្រាវ​ជាមួយ​នឹង​សហព័ន្ធ​វិទ្យាសាស្ត្រ​អាមេរិក​ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៩មីនា​២០២៣ ដោយបញ្ជាក់​ថា​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរបាន​កើន​ឡើង​ ១៣៩ គ្រាប់ នៅរុស្ស៊ី ចិន ឥណ្ឌា កូរ៉េខាង​ជើង​និង​ប៉ាគីស្ថាន។

​​​​ផ្ទុយ​ទៅ​វិញ អាវុធ​បរមាណូ​ក្នុង​ស្តុក រាប់​ទាំង​​អាវុធនុយក្លេអ៊ែរ​ដែល​គេ​​លែង​ប្រើផង​ បាន​ធ្លាក់​ចុះ​ទេ ព្រោះរុស្ស៊ី​និង​អាមេរិក​បាន​រំលាយ​ចោល​ជា​រៀង​រាល់​ឆ្នាំ​នូវ​រាល់​ក្បាល​គ្រាប់​ចាស់ៗ​មួយ​ចំនួន​តូច។ ប៉ុន្តែ​ សម្រាប់​ម្ចាស់​របាយការណ៍ បើ​កំណើន​គ្រាប់​ក្បាល​នុយក្លេអ៊ែរ​នៅ​តែបន្ត​​កើន​ឡើង​នោះមិន​យូរ​ទេ​​ បរិមាណ​អាវុធនុយក្លេអ៊ែរ​​នៅលើ​ពិភពលោកក៏​នឹង​ស្ទុះ​ឡើង​វិញ​ជា​លើក​មួយ​ដែរ​ គិត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក​។ នៅ​ឆ្នាំ​១៩៨៦ ពិភពលោក​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​កើន​ឡើ​ងដល់​កំរិត​កំពូល គឺ​ជាង​៧ម៉ឺន​គ្រាប់ មុន​ធ្លាក់​ចុះ​វិញ​ជា​លំដាប់​ក្រោយ​ចប់​សង្គ្រាម​ត្រជាក់។

​​បើ​តាម​របាយការណ៍​ដដែល មហា​អំណាច​នុយក្លេអ៊ែរ​លំដាប់​ទី​មួយ​​រុស្ស៊ី​និង​​​ទីពីរ​អាមេរិក មាន​​ក្បាល​គ្រាប់​នុយក្លេអ៊ែរសរុប​៥២៤៤ ពោល​គឺ​ប្រមាណ ៨៦%​នៃ​គ្រាប់​នុយក្លេអ៊ែរ​​ទាំងអស់​នៅលើ​ពិភពលោក។

សូម​បញ្ជាក់​ថា របាយការណ៍​ស្តី​ពីចំនួ​ន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន ទើប​ប្រកាស​ចុះ​កិច្ចព្រមព្រៀងពង្រាយ​អាវុធ​នុយក្លេអ៊ែរ​តាកទិក​នៅ​​បេឡារុស ប្រទេស​ជាប់​របង​សហភាព​អឺរ៉ុប​ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​សក្តិសម​ទៅ​នឹង​សកម្មភាព​របស់​អាមេរិក​ដែល​ក៏​បាន​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​តាកទិក​ តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ក្នុង​​ទឹក​ដី​របស់​សម្ព័ន្ធមិត្ត។ ស្ថាប័ន Sipri ឬ​អ្នក​សង្កេតការណ៍​ឯករាជ្យ​​ ប៉ាន់ប្រមាណ​ថា​អាមេរិក​មាន​ពង្រាយ​អាវុធនុយក្លេអ៊ែរ​តាកទិក​ជាង​មួយរយ​នៅ​ ប៊ែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់​និង​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ