អានតួអត្ថបទ
វ៉ាក់សាំង​កូវីដ១៩

អង្គការ​សុខភាព​ពិភពលោកកែប្រែ​​អនុសាសន៍​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំបង្ការជំងឺ​កូវីដ

ក្រោយ​ជំនួប​ប្រជុំ​នៅទីក្រុង​ហ្សឺណែវ នាសប្តាហ៍​នេះ អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក បាន​សម្រេច​អនុសាសន៍​ថ្មី ទាក់ទង​នឹង​ការ​ចាក់​ថ្នាំបង្ការ​ជំងឺ​កូវីដ​១៩។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ពេញ​វ័យ មាន​សុខភាព​ល្អ មិន​ចាំបាច់ត្រូវ​​ចាក់​វ៉ាក់សាំងបន្ថែម​ ​(ដូស​ទី​បួន​ទីប្រាំ​ទេ)។ វ៉ាក់សាំង​ពីរ​ដូស​ដំបូង និង​ដូស​ជំរុញទី​មួយ គ្រប់​គ្រាន់​ហើយ​លើសពីនេះក៏​វ៉ាក់សាំង​ផ្តល់​​គុណប្រយោជន៍​សម្រាប់​សុខភាព​តិច​តួច​បំផុត។

អង្គការ​សុខភាព​ពិភពលោកកែប្រែ​​អនុសាសន៍​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំបង្ការជំងឺ​កូវីដ
អង្គការ​សុខភាព​ពិភពលោកកែប្រែ​​អនុសាសន៍​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំបង្ការជំងឺ​កូវីដ AP - Matias Delacroix
ផ្សាយពាណិជ្ជកម្ម

ចាក់វ៉ាក់សាំង​ដូសជំរុញ​បន្ថែម គ្មាន​ហានិភ័យ​ចំពោះ​សុខភាព​ទេ​សម្រាប់​មនុស្ស​ពេញ​វ័យ​អាយុក្រោម​៦០ឆ្នាំ​ មាន​សុខភាព​ល្អ​ មធ្យម​ និង​សម្រាប់​កុមារព្រមទាំងក្មេង​ជំទង់​​អាយុ​ចាប់​ពី​៦​ខែ​ ​ដល់​១៧​ឆ្នាំ។ ប៉ុន្តែ​គុណប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​នោះ មាន​តិច​តួច​ណាស់​សម្រាប់​សុខភាព។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ ដោយ​ប្រកាស​ថា អនុសាសន៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក បាន​លាត​ត្រដាង​ឱ្យ​ឃើញ​អំពីឥទ្ធិពល​នៃ​មេរោគកូវីដបំប្លែងខ្លួន​​អូមីក្រុង និង​កំរិត​ភាព​ស៊ាំ​នឹង​កូវីដ របស់​ប្រជាពលរដ្ឋ​លើ​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​ជំងឺ​និងបាន​​ចាក់បង្ការ​កូវីដ តាមកម្មវិធី​​គំរូ ៖ ដូស​ដំបូង ដូស​រំលឹក​និង​ដូស​ជំរុញ​ទីមួយ។

ក្រុម​អ្នក​ជំនាញ​​អង្គការ​សុខភាពពិភពលោក​ បាន​ស្នើ​បែង​ចែក​អាទិភាពនៃ​ការ​ចាក់វ៉ាក់សាំង​កូវីដ ដោយ​យោល​ទៅ​តាម​ហានិភ័យ​នៃជំងឺ​ដែល​អាច​​វិវត្តន៍​​ទៅ​រក​ទម្រង់​ធ្ងន់ ឬ​ស្លាប់ ​ជា​បី​ក្រុម​ថ្មី គឺ ធ្ងន់ មធ្យម​និ​ងខ្សោយ។ មនុស្ស​ចាស់ជរា មនុស្ស​មានជំងឺ​ជាប់​នឹង​ខ្លួន និង​គ្រប់​បុគ្គល​ដែល​មាន​ប្រព័ន្ធការពារ​ខ្លួន​ខ្សោយ ស្ត្រីមាន​ផ្ទៃពោះ និង​បុគ្គលិក​ពេទ្យ​​ជួរ​មុខ គួរ​តែ​ចាក់​វ៉ាក់សាំង​បន្ថែម​ ពី​លើ​កម្មវិធី​វ៉ាក់សាំង​ធម្មតា​ នៅ​រវាង​ពី​៦ ទៅ ១២​ខែ ក្រោយ​ដូស​ជំរុញ និង​ទៅ​ស្ថានភាព​សុខភាព​របស់​បុគ្គល​ផ្ទាល់។

ផ្ទុយ​ទៅ​វិញ អង្គការសុខភាពពិភពលោកនៅ​តែខ្វះ​ភស្តុតាងសម្រាប់​មក​ពន្យល់​អំពី​ឥទ្ធិពល​នៃ​វ៉ាក់សាំង​​ទៅ​លើ​ជំងឺ​កូវីដ​រ៉ាំរ៉ៃ​ ដែល​​អ្នក​ជំងឺ​ឆ្លង​កូវីដ​ដំបូង​ខ្លះ​រង​ផលវិបាក​ធ្ងន់ធ្ងរ ដូច​ជា​អស់កម្លាំង​ចម្លែក​ខ្លាំង ឬ គ្មាន​សមត្ថភាព​ផ្ចង់​អារម្មណ៍​។

ទន្ទឹម​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក​ បន្ត​ស្រាវជ្រាវ​រក​វ៉ាក់សាំង​កូវីដ​ថ្មីៗ​ ដែល​អាច​យក​ឈ្នះ​មេរោគបំប្លែង​ផ្សេងៗ ហើយ​មាន​​ប្រសិទ្ធភាពខ្ពស់​អាច​ទប់​ស្កាត់ការ​ចម្លង​ផង​និង​ការ​បង្ក​ជំងឺ​ផង និង​អាច​មាន​ទម្រង់​ផ្សេង ដូច​ជា​ថ្នាំទឹក​ដាក់​ច្រមុះ​ ​លេបតាមមាត់​ ឬ​ចាក់។ អង្គការក៏​កំពុង​​ចាប់​អារម្មណ៍​នឹង​​ថ្នាំបង្ការ​​ដាក់​ច្រមុះ​ ពីរ​មុខ​ ដែល​មួយមុខ​មាន​ប្រើ​នៅចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ