អានតួអត្ថបទ
បារាំង-វិបត្តិខ្វះទឹក

លោក​ម៉ាក្រុង ប្រកាសផែនការជាតិសន្សំសំចៃទឹក ដើម្បីប្រឈមនឹង​​វិបត្តិខ្វះទឹកនៅ​បារាំង

គ្រោះរាំងស្ងួត កំពុងតែធ្វើបាបប្រទេសជាច្រើននៅអឺរ៉ុប ដែលបង្កឲ្យ​មាន​បញ្ហា​ខ្វះទឹកប្រើប្រាស់។ នៅបារាំង ភ្លៀងធ្លាក់​មានចំនួន​តិចខ្លាំងបំផុត​ ដែលធ្វើ​ឲ្យ​បឹង ស្ទឹង ទន្លេមួយ​ចំនួនធំ ​ត្រូវ​រីងអស់ទឹក ខណៈរដូវក្តៅ​កាន់តែខិតជិតមកដល់។ ដើម្បីប្រឈមនឹងវិបត្តិខ្វះទឹកប្រើប្រាស់ លោក​ប្រធានាធិបតី​បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍​ទី​៣០មីនា​ អំពី "ផែនការជាតិសន្សំសំចៃទឹក"។

លោក​ប្រធានាធិបតីម៉ាក្រុង ចុះទៅពិនិត្យ​ស្ថានភាពរាំងស្ងួត នៅ​បឹង​ Serre Ponçon តំបន់​ Savines-Le-Lac ភាគអាគ្នេយ៍​ប្រទេសបារាំង ថ្ងៃព្រហស្បតិ៍ទី ៣១មីនា ២០២៣
លោក​ប្រធានាធិបតីម៉ាក្រុង ចុះទៅពិនិត្យ​ស្ថានភាពរាំងស្ងួត នៅ​បឹង​ Serre Ponçon តំបន់​ Savines-Le-Lac ភាគអាគ្នេយ៍​ប្រទេសបារាំង ថ្ងៃព្រហស្បតិ៍ទី ៣១មីនា ២០២៣ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ថ្លែងពីមាត់បឹង ស៊ែរ ប៉ុងសុង (Serre Ponçon) ដែលមានកំពស់ទឹកទាបខ្លាំងជាងសព្វមួយដងនោះ លោក​ម៉ាក្រុងបានប្រកាសឲ្យ​គ្រប់វិស័យទាំងអស់មិនថាកសិកម្ម ឧស្សាហកម្ម ទេសចរណ៍កម្សាន្ត ត្រូវរួមគ្នាសន្សំសំចៃទឹក ឲ្យ​បាន១០% ពីនេះដល់ឆ្នាំ​២០៣០។ តម្លៃប្រើប្រាស់ទឹក នឹងត្រូវ​រៀបចំថ្មី អនុវត្តទូទាំងប្រទេស ជាមួយ​នឹងគោលការណ៍​តម្លៃ​ ដែល​​ប្រែប្រួលទៅតាមទំហំប្រើប្រាស់។ មានន័យថាអត្រាតម្លៃថោក សម្រាប់​អ្នកប្រើទឹក​តិច ហើយសម្រាប់​អ្នកប្រើច្រើន គឺអត្រាតម្លៃខ្ពស់ជាង​។ នៅក្នុងផែនការ​ជាតិ​សន្សំសំចៃទឹកនេះដែរ លោក​ម៉ាក្រុងអះអាងថា នឹងបង្កើនគម្រោង​បន្សុត​កែច្នៃទឹកដែល​​ប្រើរួច យកមកប្រើឡើងវិញ ឲ្យ​៣លានម៉ែត្រគូបក្នុងមួយឆ្នាំ​។

01:30

សម្រង់ប្រសាសន៍​លោក​ម៉ាក្រុង ថ្លែងប្រកាសផែនការជាតិសន្សំសំចៃទឹក ថ្ងៃទី ៣០មីនា២០២៣

“បញ្ហាវិបត្តិខ្វះទឹក​ នឹងមិនអាចត្រូវបាន​បញ្ចៀស ទាំងអស់បាន​ទេ ចាប់ពី​រដូវក្តៅឆ្នាំ​នេះ​នោះ​ ព្រោះថាស្ថានភាពខ្វះទឹក​ប្រើ​​​នៅតាមឃុំ នៅ​តាមតំបន់ខ្លះ គឺលំបាក​ធ្ងន់ធ្ងរខ្លាំងណាស់។​ ក៏ប៉ុន្តែ លើសពីបញ្ហាទាំងអស់នេះ អ្វីដែលជាស្នូលនៃផែនការរបស់យើង គឺការ​កំណត់​អាទិភាព សន្សំសំចៃទឹក ប្រើប្រាស់ទឹកឲ្យត្រឹមត្រូវចំគោលដៅ និងមិនខ្ជះខ្ជាយ។​

ក្នុងន័យនេះ​ ខ្ញុំសូមប្រកាសកំណត់ទិសដៅសម្រាប់ជាតិយើង ពីនេះដល់ឆ្នាំ​២០៣០ គឺត្រូវតែសន្សំសំចៃទឹក​ឲ្យ​បាន​១០% នៅគ្រប់វិស័យទាំងអស់។ ផែនការនេះ​ ជាការធ្វើទំនើបកម្ម​ដែលមិនធ្លាប់មានទេ នៅក្នុងគោលនយោបាយ​ប្រើប្រាស់ទឹក ដោយផ្អែកលើ​​បរិមាណទឹកដែលយើង​មាន​ ព្រមទាំង​បញ្ហា​ចោទឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ​។​

ដើម្បី​ឈានទៅ​សម្រេច​ការងារនេះ ឲ្យ​មានប្រសិទ្ធភាពបាន គឺយើងត្រូវតែធ្វើកំណែទម្រង់​ទៅ លើតម្លៃប្រើប្រាស់ទឹក ដែលខ្ញុំ​ហៅថា ជាតារាងតម្លៃប្រែប្រួល ទៅតាមទំហំបរិមាណទឹក ដែល​​អ្នកប្រើប្រាស់នីមួយៗប្រើ។ តម្លៃទឹកប្រែប្រួលទៅតាមបរិមាណទឹកនេះ គឺវាជាកត្តាជួយឲ្យ​មនុស្ស​ម្នាក់ៗមានការទទួលខុសត្រូវ។ យើងនឹងរៀបចំពិគ្រោះយោបល់​ជាមួយ​អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ដើម្បីអនុវត្ត​​តារាងតម្លៃទឹកថ្មីនេះ នៅទូទាំងប្រទេសបារាំងតែម្តង។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ