អានតួអត្ថបទ
បារាំង-ច្បាប់បញ្ចប់ជីវិត

បារាំង ៖ សមាជ​ពលរដ្ឋ​ចង់​​ឱ្យ​មាន​ច្បាប់​សម្រួល​ការ​ជួយបញ្ចប់​ជីវិត​អ្នក​ជំងឺ

បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​២៧​ថ្ងៃ និង​ប្រើ​ពេល​ត្រិះរិះពិចារណា​អស់​ពេល​បួន​ខែ សមាជពលរដ្ឋ បាន​ចេញរបាយការណ៍ នៅថ្ងៃអាទិត្យ​ទី ២ មេសា ដាស់​​ឱ្យ​រដ្ឋាភិបាល​បារាំង​ឱ្យ​ឃើញ​អំពី វិសមភាព​នៃ ​“ការ​​ថែទាំ​សម្រន់” (ការថែទាំ​អ្នក​ជំងឺដែល​​ប្រឈម​នឹង​ការស្លាប់)។ សមាជពលរដ្ឋ​ដែល​ជ្រើសរើស​ឱ្យ​មក​ជួយតម្រែ​តម្រង់សកម្មភាព​​រដ្ឋាភិបាល បាន​យល់​ស្រប​គ្នា​ក្នុង​សំឡេង​ភាគ​ច្រើន​ អំពី​ភាព​ចាំបាច់​ត្រូវ​មានច្បាប់​​ជួយ​សម្រួល​ការ​បញ្ចប់​ជីវិត​អ្នក​ជំងឺ​។

បារាំង ៖ សមាជ​ពលរដ្ឋព្រម​ឱ្យ​មាន​ច្បាប់​សម្រួល​ការ​ជួយបញ្ចប់​ជីវិត​អ្នក​ជំងឺ
បារាំង ៖ សមាជ​ពលរដ្ឋព្រម​ឱ្យ​មាន​ច្បាប់​សម្រួល​ការ​ជួយបញ្ចប់​ជីវិត​អ្នក​ជំងឺ © Getty Images/PhotoAlto/Ale Ventura
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដែល​អនុម័ត​ដោយ​សំឡេង​គាំទ្រ​៩២% ប្រឆាំង​៣%​និង​អនុប្បវាទ​៥% សមាជិក​សមាជពលរដ្ឋ​ទាំង​១៨៤នាក់ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្តូរផ្លាស់​យ៉ាង​​ស៊ីជម្រៅ បើ​ចង់​ឱ្យ​ការ​ថែទាំសម្រន់ (ថែទាំ​អ្នក​ជំងឺ​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត)​​ បាន​ប្រសើរ​ឡើង។ ប្រព័ន្ធ​សុខាភិបាល​បារាំង ស្ថានភាពថែទាំសម្រន់​​ជាក់ស្តែង​យ៉ាប់យឺន​ខ្លាំងណាស់ ដោយ​ខ្វះ​ទាំង​អ្នក​ថែទាំ ខ្វះ​ទាំងពេទ្យ និង​ខ្វះក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ស្ថានភាព​ហៀប​ស្លាប់​មួយ​ចំនួន។ សមាជពលរដ្ឋ​បាន​ផ្តល់​អនុសាសន៍​យ៉ាង​វែង​ដើម្បីឱ្យការថែទាំ​សម្រន់​និង​ការ​ទទួល​សេវា​​ថែទាំ​សម្រន់​បាន​ល្អ​ប្រសើរ​ឡើង។

ក្រៅ​អំពីបើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាលមើល​ឃើញ​​អំពី​ភាព​ចាំបាច់​នៃ​សម្រួល​​ច្បាប់ជួយ​បញ្ចប់​ជីវិត​ សមាជ​ពលរដ្ឋ​លើក​សំណើ​៨១​ចំណុច ទាក់ទង​នឹង​​ការ​ជួយ​យ៉ាង​សកម្ម​ឱ្យ​អ្នក​ជំងឺ​បញ្ចប់​ជីវិត ដោយ​​មាន​ការ​ទាំង​ការ​ជួយ​ចូល​រួម​ធ្វើ​អត្តឃាត និងជួយ​​ផ្តាច់​ជីវិត​អ្នក​ជំងឺ​មើល​មិន​ជា​ ឱ្យ​ស្លាប់​ដោយ​គ្មានការឈឺចាប់ ជាមួយ​នឹង​លក្ខខណ្ឌ​ភ្ជាប់​មួយ​ចំនួន។ ជួយ​ដោយ​សកម្ម​ឱ្យ​អ្នក​ជំងឺ​បញ្ចប់​ជីវិត ត្រូវ​ឆ្លើយតប​ឱ្យ​បាន​នូវ​មូលហេតុ​បី ដោយ​ដំបូង​គេ​​គឺត្រូវ​​គោរពសេរីភាព​នៃ​ការ​សម្រេច​ចិត្ត​ របស់​អ្នក​ជំងឺ​ម្នាក់ៗ​ក្នុង​ការបញ្ចប់ជីវិត​ និង​ការស្លាប់​។ ប៉ុន្តែ​ករណី​អ្នក​ជំងឺ​ប្រឈម​នឹង​ស្លាប់​មិន​ទាន់​ពេញ​វ័យ និង​បាត់​បង់​សមត្ថភាព​សម្រេច​ចិត្ត សមាជពលរដ្ឋ​ មិន​បញ្ចេញ​ជំហរ​រួម​ភាគ​ច្រើនទេ។ របាយការណ៍​បាន​លម្អិត​សំណើ​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​មាន​តិច​តួច​ណាស់​ប្រឆាំង​នឹង​ច្បាប់​ជួយ​ធ្វើ​អត្តឃាត​និង​ជួយ​ផ្តាច់​ជីវិត​។

តើ​អនុសាសន៍​របស់​សមាជពលរដ្ឋនេះ​ នឹង​ក្លាយ​ជា​យ៉ាងណា ? របាយការណ៍​បាន​ដល់​ដៃ​ ប្រមុខ​រដ្ឋាភិបាល​ ​នៅ​ថ្ងៃអាទិត្យ​​នេះ។ នៅ​ថ្ងៃចន្ទទី​៣​មេសា ស្អែក ប្រធានាធិបតី​បារាំង លោក​ អេម៉ាណុយអែល ម៉ាក្រុង ត្រូវ​ទទួល​ជួប​សមាជិក​សមាជ​ពលរដ្ឋ​ទាំងអស់ ហើយ​នឹង​ផ្តល់​ទិសដៅការបន្ត​​ជុំ​វិញ​​ប្រធាន​បទ​ “បញ្ចប់​ជីវិត​អ្នក​ជំងឺ​មិន​ជា”នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ