អានតួអត្ថបទ
អឺរ៉ុប-ព្រៃឈើ

អឺរ៉ុបនឹងមាន​ច្បាប់​ហាមឃាត់​ការនាំចូលទំនិញ ដែលបានមកពីការកាប់​បំផ្លាញព្រៃឈើ

តាមការគ្រោងទុក នៅថ្ងៃពុធទី​១៩មេសានេះ សភាអឺរ៉ុបនឹង​អនុម័ត​ច្បាប់ថ្មី​មួយ ដែលមាន​ខ្លឹមសារ ហាមឃាត់​ការនាំចូលទំនិញ​មួយចំនួន​មកកាន់​ទីផ្សារអឺរ៉ុប ប្រសិន​បើទំនិញនោះ ត្រូវគេដឹងថា បាន​មកពី​ ឬ ក៏បានចូលរួម​ក្នុងការ​កាប់​បំផ្លាញព្រៃឈើ។ សម្រាប់​ក្រុមសកម្មជនបរិស្ថាន និងអាកាសធាតុ ច្បាប់ថ្មីរបស់អឺរ៉ុបនេះ គឺជាក្តីសង្ឃឹមដ៏ធំ និងជាការធានាថា ទំនិញដែល​ប្រជាជនអឺរ៉ុបទិញមកប្រើ មិនបាន​ចូលរួម​កាប់​បំផ្លាញព្រៃឈើ នៅអាស៊ី នៅអាហ្វ្រិក ឬនៅអាមេរិកជាដើម។​

ការកាប់បំផ្លាញព្រៃឈើនៅតំបន់ Humaita រដ្ឋអាម៉ាហ្សូន​ ប្រទេសប្រេស៊ីល ថ្ងៃទី ១៧ កញ្ញា ២០២២
ការកាប់បំផ្លាញព្រៃឈើនៅតំបន់ Humaita រដ្ឋអាម៉ាហ្សូន​ ប្រទេសប្រេស៊ីល ថ្ងៃទី ១៧ កញ្ញា ២០២២ AP - Edmar Barros
ផ្សាយពាណិជ្ជកម្ម

ច្បាប់ថ្មីរបស់អឺរ៉ុប ហាមឃាត់ទំនិញដែល​បានមកពី ឬដែលបានចូលរួមឲ្យ​មាន​កាប់​បំផ្លាញព្រៃឈើនេះ គឺជាច្បាប់​ដំបូង​គេហើយនៅក្នុងពិភពលោក​។​ ទំនិញ​ដែល​អាចជាប់បំរាមចែងក្នុងច្បាប់នេះ គឺមានដូចជា កាហ្វេ កាកាវ ប្រេងដូង សណ្តែកសៀង ផលិត​ផល​ដំណាំកៅស៊ូ ធ្យូង និង​ក្រដាសជាដើម។

លោក Pascal Canfin សមាជិកសភាអឺរ៉ុប និងជាប្រធានគណកម្មការ​បរិស្ថាននៃសភាអឺរ៉ុប បាន​ឲ្យដឹងថា អំណេះតទៅ នៅពេលក្រុមហ៊ុនមួយនាំចូលទំនិញប្រភេទទាំងប៉ុន្មានខាងលើនេះ ចូល​មកក្នុងទីផ្សារសហភាពអឺរ៉ុប ក្រុមហ៊ុននោះមាន​កាតព្វកិច្ច​ បង្ហាញថាទំនិញរបស់ខ្លួនមិនមាន​អ្វីពាក់ព័ន្ធ នឹកទំហំព្រៃឈើដែលទើបតែត្រូវគេកាប់​បំផ្លាញ​ថ្មី​ៗនេះទេ។ ដើម្បីផ្ទៀងផ្ទាត់​កិច្ចការនេះ គឺមន្ត្រីគយ​របស់គ្រប់ប្រទេសអឺរ៉ុប នឹងប្រើប្រាស់លេខប្រព័ន្ធ GPS និង​រូបភាពថតដោយ​​ផ្កាយរណប​។ ឧទាហរណ៍​ប្រសិន​បើគេឃើញថា មាន​ព្រៃឈើត្រូវគេកាប់បំផ្លាញ នៅត្រង់ទីតាំងដែលជាប្រភពនៃការដាំដុះ ឬផលិត​គ្រាប់កាហ្វេ មានន័យថាកាហ្វេនោះនឹងមិនអាចត្រូ​វអនុញ្ញាត ឲ្យចូលមកទីផ្សារ​អឺរ៉ុបបានឡើយ។

សូមបញ្ជាក់ថា អត្ថបទច្បាប់ថ្មីនេះ ត្រូវបានស្នើដោយ​គណកម្មការអឺរ៉ុប កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ មុននឹងត្រូវកែសម្រួល​ដោយ​សមាជិកសភាអឺរ៉ុប ដើម្បីពង្រឹងខ្លឹមសារ ឲ្យ​កាន់តែច្បាស់រឹងមាំ និងមានវិសាលភាពទៅលើទំនិញពាក់ព័ន្ធ​​ច្រើនមុខ​។

ជាងនេះទៀត ក្នុងករណីដែលអាជ្ញាធរតាមដានដឹងថា ក្រុមហ៊ុនមួយ​នាំចូលទំនិញ​ដែល​បាន​ចូលរួម​កាប់បំផ្លាញព្រៃឈើ ទំនិញនោះមិនត្រឹមតែត្រូវបាន​ហាមឃាត់មិន​ឲ្យនាំចូលប៉ុណ្ណោះទេ គឺច្បាប់អឺរ៉ុបថ្មីនេះ បានកំណត់​ផងដែរ អំពីការដាក់ពិន័យ។ ការពិន័យជាប្រាក់ ដែលអាចឈានស្មើដល់ ៤% នៃចំណូលរបស់​ក្រុមហ៊ុន​។ អង្គការ WWF បានសំដែងការអបអរ ចំពោះការអនុម័តច្បាប់ថ្មីនេះ។ យោងតាមតួលេខ អង្គការនេះ​អះអាងថា កន្លងមកដោយសារតែការនាំចូលទំនិញ គឺអឺរ៉ុបបានចូលរួម​កាប់បំផ្លាញព្រៃឈើ ចំនួន​ប្រមាណ​១៦%។ ២ ភាគ ៣នៃទំហំនេះ គឺដោយសារតែការនាំចូលគ្រាប់សណ្តែកសៀង និង​ផលិត​ផល​ប្រេងដូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ