អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែនបានទទួល​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriot ដូចដែលក្រុមប្រទេសសម្ព័ន្ធមិត្តបានសន្យា

ប្រព័ន្ធខែលមីស៊ីល Patriot ជាច្រើនគ្រឿង ដែលជាបច្ចេកវិទ្យាកងទ័ពអាមេរិក ត្រូវបាន​ដឹកទៅប្រគល់ដល់ដៃកងទ័ពអ៊ុយក្រែនហើយ។ នេះបើ​ផ្អែកតាមការបញ្ជាក់ ពីក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃទី​១៩មេសា។ ការប្រគល់សព្វាវុធការពារ​ខ្លួនពីសំណាក់​សម្ព័ន្ធមិត្ត​លោកខាងលិច​នេះ គឺស្របពេលដែលកងទ័ពអ៊ុយក្រែន កំពុង​ប្រុងប្រៀបបើកការប្រយុទ្ធទ្រង់ទ្រាយធំ​ ដើម្បីដណ្ដើមទឹកដី​ខ្លួន​មកវិញ ពីដៃកងទ័ពរុស្ស៊ី​។​

ប្រព័ន្ធខែលមីស៊ីល Patriot របស់អាមេរិក ត្រូវគេឃើញបញ្ឈរនៅក្បែរក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ថ្ងៃទី ៦ កុម្ភៈ ២០២៣
ប្រព័ន្ធខែលមីស៊ីល Patriot របស់អាមេរិក ត្រូវគេឃើញបញ្ឈរនៅក្បែរក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ថ្ងៃទី ៦ កុម្ភៈ ២០២៣ AP - Michal Dyjuk
ផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះ ផ្ទៃមេឃខៀវស្រស់បំព្រងរបស់អ៊ុយក្រែន នឹងមាន​សុវត្ថិភាព ព្រោះថា​ប្រព័ន្ធខែលមីស៊ីល Patriot ត្រូវបានដឹកជញ្ជូនមកដល់ទឹកដីអ៊ុយក្រែនហើយ។ នេះក៏ជាសារបង្ហាញការត្រេកអរ នៅលើទំព័រ Twitter របស់​ Oleksïi Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​។ លោករដ្ឋមន្ត្រីបានថ្លែងអរគុណផងដែរ ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​ហូឡង់ ដែល​បានគោរពការសន្យា ព្រមប្រគល់ប្រព័ន្ធខែលមីស៊ីល Patriot មកឲ្យ​អ៊ុយក្រែនការពារខ្លួន​។

សូមរំលឹកថា ក្នុងពេលទស្សនកិច្ច​នៅក្នុងវ៉ាស៊ីនតោន របស់​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កាលពីពាក់កណ្តាលខែធ្នូ សហរដ្ឋអាមេរិកបានប្រកាសយល់ព្រម​​​ប្រគល់ឲ្យអ៊ុយក្រែន​

នូវ​​ប្រព័ន្ធខែលមីស៊ីល​ Patriot ដែលជាបច្ចេកវិទ្យាទំនើបបំផុតរបស់ខ្លួន​។ ជាកំឡុងពេល ដែល​កងទ័ពរុស្ស៊ី បានសំរុក បាញ់​ប្លោងមីស៊ីល និងទំលាក់គ្រាប់យ៉ាងដំណំមកលើ​ហេដ្ឋការចនាសម្ព័ន្ធថាមពលរបស់​អ៊ុយក្រែន​។

ក្រោយសារសន្យារបស់អាមេរិក​នេះ លោក​ហ្សេឡេនស្គី បាន​ថ្លែងអរគុណអាមេរិក នឹងបាន​អះអាងថាប្រព័ន្ធខែលមីស៊ីល Patriot នេះ គឺអ៊ុយក្រែននឹងយកទៅប្រើដើម្បីតែការពារខ្លួន​ប៉ុណ្ណោះ ពោលគឺមិន​យកទៅវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ។ តែភ្លាម​ៗនោះដែរ លោកពូទីន បានប្រកាសថា រុស្ស៊ីនឹងរកបច្ចេកទេស ឲ្យកាន់តែអស្ចារ្យ ដើម្បីឲ្យ​​មីស៊ីលខ្លួន អាចគេចចេញពី​ប្រព័ន្ធខែល Patriot។

គួរបញ្ជាក់ថា ក្រោយ​អាមេរិក​បើក​ភ្លើងខៀវ រដ្ឋាភិបាលអាល្លឺម៉ង់វិញ បានប្រកាសនៅថ្ងៃ​ទី​៥មករា ប្រគល់ប្រព័ន្ធខែលមីស៊ីល Patriot ១គ្រឿងឲ្យ​អ៊ុយក្រែន​​។ ចំណែក​រដ្ឋាភិបាលហូឡង់ បានប្រកាស នៅថ្ងៃទី​២០មករា ប្រគល់ឲ្យ​អ៊ុយក្រែនចំនួន​២គ្រឿង រួមជាមួយ​គ្រាប់មីស៊ីលដែលប្រើជាមួយ​ប្រព័ន្ធខែលនេះ​សម្រាប់បាញ់កំទេចមីស៊ីល។

គួរបញ្ជាក់ផងដែរថា ក្រៅពីគ្រឿងសព្វាវុធខែលមីស៊ីលការពារខ្លួនដ៏ទំនើបនេះ ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច បានសន្យាជួយ​ជារថពាសដែកជាច្រើនគ្រឿង តួយ៉ាង រថពាសដែក​អាល្លឺម៉ង់ Leopard 2 រថពាសដែកអង់គ្លេស Chalenger 2។ ចំណែករថពាសដែកធុនស្រាលរបស់បារាំង AMX-10 ត្រូវបានកងទ័ពអ៊ុយក្រែនប្រកាសនៅថ្ងៃពុធទី​១៩មេសា ថាបានចាប់ផ្តើមប្រើប្រាស់ជាផ្លូវការហើយ នៅក្នុងប្រតិបត្តិការ​ប្រមូល​ព័ត៌មាន និងកំណត់ទីតាំងមូលសាស្ត្រ​នៅសមរភូមី។ ជំនួយគ្រឿងសព្វាវុធទាំងនេះ ត្រូវបាន​ភាគីរុស្ស៊ីបរិហារថា គឺអូតង់ ដែលមានអាមេរិកជាមេធំ កំពុងតែនាំគ្នាយកដីអ៊ុយក្រែន ដើម្បី​​ធ្វើសង្គ្រាមដោយ​ប្រយោលជាមួយរុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ