អានតួអត្ថបទ

Unicef៖វិបត្តិកូវីដ១៩ បានធ្វើឲ្យក្មេងចំនួន ៦៧លាននាក់ខកខាន ឬមិនបានចាក់វ៉ាក់សាំងបង្ការជំងឺសំខាន់ៗ

នៅ​ថ្ងៃ​ពុធ ទី១៩ មេសា អង្គការ Unicef បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ចាក់​ថ្នាំវ៉ាក់សាំង​បង្ការ​របស់​កូន​ក្មេង​នៅ​ទូទាំង​ពិភពលោក​ក្នុង​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២១។ ថ្នាំវ៉ាក់សាំង​ដែល Unicef ចង់​និយាយ​នេះ គឺ​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ​ដែល​កូនក្មេង​ត្រូវ​ចាក់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ដំបូង។ តាម​របាយការណ៍ មាន​កូនក្មេង​ដល់​ទៅ ៦៧លាននាក់​បាន​ខកខាន ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២១។ មូលហេតុ គឺ​មក​ពី​មាន​ភាព​រំខាន​ដោយ​វិបត្តិ​កូវីដ១៩។

Unicef ថា វិបត្តិកូវីដ១៩ បានធ្វើឲ្យក្មេងចំនួន ៦៧លាននាក់ខកខាន ឬមិនបានចាក់វ៉ាក់សាំងបង្ការជំងឺសំខាន់ៗ។
Unicef ថា វិបត្តិកូវីដ១៩ បានធ្វើឲ្យក្មេងចំនួន ៦៧លាននាក់ខកខាន ឬមិនបានចាក់វ៉ាក់សាំងបង្ការជំងឺសំខាន់ៗ។ © UNICEF
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៣ឆ្នាំ​ចន្លោះ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២១ អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ​លើ​កុមារ​បាន​ធ្លាក់​ចុះ​ចំនួន ៥% ពោល​ពី ៨៦%​មក ៨១%។ នេះ​ជា​អត្រា​មួយ​ដែល​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០០៨។ បើ​គិត​ជា​ចំនួន គឺ​មាន​កុមារ​សរុប​ចំនួន ៦៧លាននាក់​នៅ​ទូទាំង​ពិភពលោក​បាន​ខកខាន ឬ​មួយ​ក៏​បាន​ចាក់​តែ​វ៉ាក់សាំង​បង្ការ​សម្រាប់​ជំងឺ​សំខាន់ៗ​ខ្លះ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ចំណោម​កុមារ​ទាំង ៦៧លាននាក់​នេះ មាន​ដល់​ទៅ ៤៨លាននាក់​មិន​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ចាំ​បាច់​ណា​មួយ​ទេ ពិសេស​កុមារ​រស់​នៅ​ក្នុង​ទ្វីបអាហ្រ្វិក និង​អាស៊ីខាងត្បូង។

កំហុស​មិនមែន​ដោយសារ​ខ្វះ​វ៉ាក់សាំង​ទេ តែ​មក​ពី​វិបត្តិ​កូវីដ១៩ ដែល​បាន​ធ្វើ​ឲ្យ​នីតិវិធី និង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ​លើ​កុមារ​មាន​ភាព​រអាក់រអួល ឬ​ជាប់គាំង​ទាំង​ស្រុង​តែ​ម្តង នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ Unicef។ ស្ថានភាព​បែប​នេះ​ត្រូវ​បាន Unicef យល់​ឃើញ​ថា ជា​ស្ថានភាព​មួយ​ដែល​ពិភពលោក​ធ្លាប់​បាន​ស្គាល់​កាល​ពី ១០ឆ្នាំ​មុន។ « វ៉ាក់សាំង​បាន​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​ដើម្បី​អនុញ្ញាត​ឲ្យ​កុមារ​រស់បាន​យូរ​ជាមួយ​នឹង​សុខភាព​ល្អ » នេះ​ជា​ការ​ថ្លែង​របស់​លោក Brian Keeley អ្នកដឹកនាំ​សរសេរ​របាយការណ៍។

តាម​របាយការណ៍​របស់ Unicef ដដែល ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ​លើ​កុមារ​បាន​ជួយ​ស្រោចស្រង់​ជីវិត​កុមារ​ចំនួន ៤លាន ៤សែន​នាក់​ជា​រៀងរាល់​ឆ្នាំ ហើយ​ចំនួន​នេះ​អាច​កើន​ឡើង​ដល់ ៥លាន ៨សែន​នាក់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ប្រសិន​បើ​ពិភពលោក​អាច​កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្តាល​នូវ​ចំនួន​កុមារ​ដែល​ខកខាន​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​សំខាន់ៗ។ ជាក់ស្តែង Unicef បាន​លើក​ករណី​ជំងឺ​កញ្រ្ចិល​ដែល​ជា​ជំងឺ​ឆ្លង​ខ្លាំង។

នៅ​មុន​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ​ក្នុង​ឆ្នាំ ១៩៦៣ កញ្រ្ចិល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ចំនួន ២លាន ៦សែន​នាក់​ក្នុង​មួយ​ឆ្នាំ ពិសេស​កុមារ។ តាម Unicef ដើម្បី​ឲ្យ​មាន​ភាព​ស៊ាំទូទៅ​នឹង​ជំងឺ​កញ្រ្ចិល គឺ​ត្រូវ​ឲ្យ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ចំនួន ៩៥%។ តែ​ក្នុង​រយៈពេល ៣ឆ្នាំ​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២១ ​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្រ្ចិល​បាន​ធ្លាក់​ចុះ​ពី ៨៦% ទៅ ៨១%។ មួយ​វិញ​ទៀត ចំនួន​អ្នក​កើត​កញ្រ្ចិល​បាន​កើន​ទ្វេ​ដង​ក្នុង​ឆ្នាំ ២០២២ ធៀប​នឹង​ឆ្នាំ ២០២១។ ករណី​ដូច​គ្នា​នេះ​ក៏​មាន​សម្រាប់​ជំងឺ​ស្វិតដៃ ជើង​ដែរ នេះ​បើ​តាម​របាយការណ៍​របស់ Unicef ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ