អានតួអត្ថបទ
អឺរ៉ុប-ថវិកាយោធា

របាយការណ៍ ៖ ចំណាយ​យោធានៅអឺរ៉ុប ​ហក់​ឡើង​ខ្លាំងជាងគេ

បើ​តាម​របាយការណ៍​វិទ្យាស្ថាន​អន្តរជាតិផ្នែក​ស្រាវជ្រាវ​សន្តិភាព​នៅស្តុកខុល (Sipri) ​ចេញ​ផ្សាយ​នៅថ្ងៃចន្ទទី ២៤ មេសា ២០២៣ ពិភពលោក បាន​ចំណាយ​ថវិកា​សរុបប្រចាំឆ្នាំ​២០២២ ក្នុង​វិស័យ​យោធា ​អស់ ២២៤០​ពាន់​លាន​ដុល្លារ​។ ជា កំណើនក្នុង​អត្រា៣,៧% បើ​ប្រៀប​ទៅ​នឹង​មុន។ ប៉ុន្តែ ចំណាយយោធា​​បាន​ឡើងខ្ពស់​ខ្លាំង និងគួរ​ឱ្យ​កត់​សម្គាល់​បំផុត គឺ​នៅ​តំបន់​អឺរ៉ុប។ ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល សង្គ្រាម​នៅអ៊ុយក្រែន បាន​អូសទាញ​អឺរ៉ុប​ឱ្យ​លង់​ក្នុង​ចំណាយ​យ៉ាង​ធ្ងន់ក។

របាយការណ៍ ៖ ចំណាយ​យោធានៅអឺរ៉ុប ​ហក់​ឡើង​ខ្លាំង​មិនធ្លាប់​ប្រទះ​
របាយការណ៍ ៖ ចំណាយ​យោធានៅអឺរ៉ុប ​ហក់​ឡើង​ខ្លាំង​មិនធ្លាប់​ប្រទះ​ AP - Andreea Alexandru
ផ្សាយពាណិជ្ជកម្ម

ចំណាយ​ក្នុង​វិស័យ​យោធា​ បាន​កើន​ឡើង​ដល់​កំរិត​កំពូល​ជា​ថ្មី​នៅ​ឆ្នាំ​នេះ និង​ជា​គម្រប់​៨​ឆ្នាំ​ជាប់​គ្នា ដោយ​ពិភពលោក​បានចាយ​អស់​ ២,២%​នៃ​ផលិតផលសរុប​ក្នុង​ស្រុក PIB។ ​ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល ​អឺរ៉ុប​មាន​កំណើន​ចំណាយ​ខ្លាំង​ជាង​គេ ដល់​ទៅ ១៣%​បើ​ប្រៀប​ទៅ​នឹង​របាយការណ៍​ឆ្នាំ​មុន។

សង្គ្រាម​នៅ​អ៊ុយក្រែន​ ជា​ដើម​ហេតុ​​អូស​ទាញ​អឺរ៉ុប​ឱ្យ​ចំណាយច្រើន​ខ្លាំងឡើង​វិញ​ ជា​លើក​ទីមួយ រហូត​​ស្មើ​នឹង​កំរិត​ចំណាយ​យោធានៅ​​ឆ្នាំ​១៩៨៩​ ឆ្នាំ​នៃ​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង ដែល​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់​។ ​នៅ​ឆ្នាំ​២០២២ កញ្ចប់​ថវិកា​យោធា​អឺរ៉ុប បាន​ប៉ោង​ឡើង​ គួរ​ជា​ទី​កត់​សម្គាល់ ដល់​៤៨០​ពាន់​លាន​ដុល្លារ ឬ​ជា​កំណើន ជាង​​មួយ​ភាគ​បី​ក្នុង​រយៈ​ពេល​១០ឆ្នាំ។ ចំណាយយោធា​នេះ​​ទំនង​ជា​បន្ត​​ប៉ោង​ឡើង​បន្ថែម​ ជា​ច្រើន​​ឆ្នាំទៀត។ នេះ បើ​តាម​ការ​ព្យាករណ៍​របស់​វិទ្យាស្ថាន​Sipri។

​របាយការណ៍​ដដែលនេះ​ បាន​លម្អិត​ថា​ ​ប្រទេស​​អ៊ុយក្រែន​តែ​មួយ​ បាន​ចំណាយ​ក្នុង​ផ្នែក​យោធា​ដល់​ទៅ ៤៤ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០២២​ ​ ពោល​គឺ​​លើស​​ឆ្នាំ​២០២១ចំនួន​ ​៦៤០% ឬ​ត្រូវ​មួយ​ភាគបី​នៃផលិតផលសរុប​ក្នុង​ស្រុក។​ ទាំង​នេះ​ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​យោធា​រាប់​សិ​ពាន់​លាន​ដុល្លារ​មក​ពី​បរទេស​ផង។ ចំណែក​រុស្ស៊ី​មាន​ចំណាយ​កើន​ឡើង​ទ្វេ​ដងដែរ បើ​ប្រៀប​នឹង​ឆ្នាំ​មុន និងជាប់​ក្នុង​បញ្ជី​​ប្រទេស​មហាអំណាច​ដែល ​ចំណាយ​ក្នុង​វិស័យ​យោធាច្រើន​ជាង​គេ ជាមួយ​​អាមេរិក ចិន ឥណ្ឌា និង​អារ៉ាប៊ីសាអូឌីត។ បើ​បូក​បញ្ចូល​គ្នា ៥​ប្រទេស​នេះ តំណាង​ឱ្យ៦៣%​នៃ​ចំណាយ​យោធា​សរុប​របស់​ពិភពលោក។ រីឯ​ប្រទេស​នៅអឺរ៉ុប​ផ្សេង​ទៀត ដូចយ៉ាង ប៉ូឡូញ ហូឡង់ ស៊ុយអែត ហ្វាំងឡង់​ ក៏​បាន​បំប៉ោង​កញ្ចប់​ថវិកា​យោធា​ដែរ ដោយ​បាន​បង្កើន​ការ​វិនិយោគនិង​ធ្វើ​ទំនើប​កម្ម ​​វិស័យ​យោធារបស់​ពួកគេ។

ជប៉ុន​ក៏​ដូច​ជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ឬ​អូស្ត្រាលី សុទ្ធ​តែ​ប្រឹង​បង្កើន​ចំណាយ​​អភិវឌ្ឍន៍​វិស័យការពារ​ជាតិ​រៀង​ខ្លួនៗ។ ជា​សរុប​ថវិកា​យោធា​កើន​ឡើង​នៅគ្រប់​ទ្វីប លើក​លែង​​តែអាហ្វ្រិក​មួយ​ប៉ុណ្ណោះ។ បើ​តាម ​Sipri នៅ​ឆ្នាំ​នេះ​កញ្ចប់​ថវិកា​យោធា​​អាហ្វ្រិក​​បាន​ចុះ​ទ្រោម​អស់​៥,៣%​​​ តែ​ត្រូវ​ដកអេត្យូពីមួយ​ចេញ ព្រោះ​ប្រទេស​នេះ​មាន​កំណើន​ចំណាយ​យោធា​ដល់​ទៅ​​៨៨%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ