អានតួអត្ថបទ
អឺរ៉ុប

អឺរ៉ុបបើកប្រតិបត្តិការទ្រង់ទ្រាយធំកំចាត់ក្រុមម៉ាហ៊្វីយ៉ានៅផ្ទៃក្នុងអឺរ៉ុប និងនៅអាមេរិឡាទីន

នៅ​ថ្ងៃ​ពុធ ទី៣ ឧសភា ទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការ​ប៉ូលិស និង​យុត្តិធម៌​របស់​សហភាពអឺរ៉ុប​ហៅកាត់ Europol និង Eurojust បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​កំចាត់​ក្រុម​ម៉ាហ៊្វីយ៉ា​អ៊ីតាលី​ឈ្មោះ « អ៊ិនដ្រានហ្កេតា » ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ផ្ទៃក្នុង​អឺរ៉ុប និង​នៅ​អាមេរិកឡាទីន។ នៅ​ក្នុង​ប្រតិបត្តិការ មាន​មនុស្ស​សរុប​ចំនួន ១៣២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី និង​អាល្លឺម៉ង់។ គួរ​បញ្ជាក់​ថា ក្រុម​ម៉ាហ៊្វីយ៉ា « អ៊ិនដ្រានហ្កេតា » នៅ​ប៉ែក​ខាង​ត្បូង​អ៊ីតាលី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុម​ម៉ាហ៊្វីយ៉ា​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​នៅ​អ៊ីតាលី។

ទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការ​ប៉ូលិសអឺរ៉ុប Europol។
ទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការ​ប៉ូលិសអឺរ៉ុប Europol។ AP - Mike Corder
ផ្សាយពាណិជ្ជកម្ម

មាន​កម្លាំង​ប៉ូលិស​ជាង ២ ៧៧០នាក់​ត្រូវ​បាន Europol និង Eurojust ប្រើ​នៅ​ក្នុង​ប្រតិបត្តិការ​កំចាត់​ក្រុម​ម៉ាហ៊្វីយ៉ា​អ៊ីតាលី « អ៊ិនដ្រានហ្កេតា » នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន ៨ប្រទេស រួម​ទាំង​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​ប្រទេស​ប៉ាណាម៉ា។ ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ទាំង ៨ មាន​ដូច​ជា​អាល្លឺម៉ង់ បែលហ្ស៊ិក បារាំង ព័រទុយហ្កាល់ អេស្ប៉ាញ និង​អ៊ីតាលី។ ប្រតិបត្តិការ​កំចាត់​ក្រុម​ម៉ាហ៊្វីយ៉ា « អ៊ិនដ្រានហ្កេតា » បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​ស៊ើបអង្កេត​របស់​អយ្យការ​សហព័ន្ធ​បែលហ្ស៊ិក។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា ក្រុម​ម៉ាហ៊្វីយ៉ា « អ៊ិនដ្រានហ្កេតា » បាន​រត់ពន្ធ​គ្រឿងញៀន​ចំនួន ២៥តោន​ក្នុង​ចន្លោះ​ខែ​តុលា ឆ្នាំ ២០១៩ និង​ខែ​មករា ឆ្នាំ ២០២២។ គ្រឿងញៀន​ទាំង​អស់​នេះ​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​កូឡុំប៊ី​ដោយ​ឆ្លង​កាត់​ចូល​តាម​កំពង់ផែ Anvers ប្រទេស​បែលហ្ស៊ិក និង​កំពង់ផែ Rotterdam ប្រទេស​ហូឡង់។ ទន្ទឹម​គ្នា​នេះ កំពង់ផែ​ប្រទេស​អេស្ប៉ាញ និង​កំពង់ផែ​អ៊ីតាលី​ក៏​ជា​ទីកន្លែង​ឆ្លង​កាត់​របស់​គ្រឿងញៀន​នាំ​ចេញ​ពី​ប្រទេស​កូឡុំប៊ី​ដែរ។ លើស​ពី​នេះ និង​បើ​តាម​ការ​ស៊ើបអង្កេត​ដដែល មាន​គ្រឿងញៀន​មួយ​ចំនួន​ត្រូវ​បាន​នាំ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អូស្រា្តលី។

បន្ទាប់​មក ការ​ស៊ើបអង្កេត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រុម​ម៉ាហ៊្វីយ៉ា​អ៊ីតាលី « អ៊ិនដ្រានហ្កេតា » មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​ម៉ាហ៊្វីយ៉ា​អាល់បានី​នៅ​ប្រទេស​អេក្វាទ័រ និង​ក្រុម​ម៉ាហ៊្វីយ៉ា​ប្រេស៊ីល។ នៅ​ក្នុង​ប្រតិបត្តិការ​កំចាត់​ទ្រង់ទ្រាយ​ធំ​នេះ មាន​ជនសង្ស័យ​សរុប​ចំនួន ១៣២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​នោះ មាន ២នាក់​បាន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ដែល Europol បាន​តាម​ស្វែង​រក​ចាប់​ខ្លាំង​ជាង​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ