អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ីចោទអ៊ុយក្រែននិងអាមេរិក ថាបាន​ឃុបឃិតគ្នាចង់ធ្វើឃាតលោកពូទីន

កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ រុស្ស៊ីបានអះអាងថា គេបានបាញ់កម្ទេចទាន់ពេលវេលា នូវយានដ្រូនអត្តឃាតចំនួន​២​គ្រឿងរបស់អ៊ុយក្រែន ដែលប៉ុន​ប៉ងចូលទៅវាយប្រហារនៅ​វិមានក្រេមឡាំង និងប៉ុនប៉ង​​ធ្វើឃាតលោក​ប្រធានាធិបតី​រុស្ស៊ី។ គួរកត់សំគាល់ថា នេះជាលើកទីមួយហើយបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ដែលវិមានក្រេមឡាំង មជ្ឈមណ្ឌលអំណាចរបស់រុស្ស៊ី​ បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារបែបនេះ។ តែយ៉ាងណា វាមានចំងល់ជាច្រើន ជុំវិញការអះអាងចោទប្រកាន់របស់រុស្ស៊ីនេះ។ ភាគីអ៊ុយក្រែនវិញបាន​ច្រានចោលការចោទប្រកាន់នេះភ្លាមៗ និងបាន​ចំអកទៅវិញថា មានតែរុស្ស៊ីខ្លួនឯងទេ ដែលជឿភាសាកុហកបោកប្រាស់របស់ខ្លួនឯងនេះ​។

រូបភាពថតចេញពីវីដេអូ បង្ហាញ​ឲ្យ​ឃើញដ្រូនផ្ទុះនៅចំពីលើ​កំពូលវិមាន​ព្រឹទ្ធសភារុស្ស៊ី នៅក្នុងវិមានក្រេមឡាំង នៅម៉ោង២និង២៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធទី៣ឧសភា២០២៣
រូបភាពថតចេញពីវីដេអូ បង្ហាញ​ឲ្យ​ឃើញដ្រូនផ្ទុះនៅចំពីលើ​កំពូលវិមាន​ព្រឹទ្ធសភារុស្ស៊ី នៅក្នុងវិមានក្រេមឡាំង នៅម៉ោង២និង២៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធទី៣ឧសភា២០២៣ via REUTERS - OSTOROZHNO NOVOSTI
ផ្សាយពាណិជ្ជកម្ម

វាយប្រហារវិមានក្រេមឡាំង និងប៉ុនប៉ងធ្វើឃាតលោកពូទីន

ជាលើកទី​១ហើយ ដែល​វិមានក្រេមឡាំង បេះដូងនៃ​អំណាចនយោបាយរបស់រុស្ស៊ី បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារបែបនេះ​។ យោងតាមអះអាងថា របស់ភាគីរុស្ស៊ី ភ្ជាប់ដោយរូបភាពវីដេអូផងនោះ គេឃើញយានដ្រូន​២បាន​ផ្ទុះនៅលើទីលាន​ ខាងក្នុងវិមានក្រឹមឡាំងតែម្តង។ ដ្រូនទី១ ផ្ទុះវេលាម៉ោងប្រមាណ​២និង២៧នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ផ្ទុះចំពីលើកំពូលដំបូល វិមាន​ព្រឹទ្ធសភារុស្ស៊ី។ ចំណែក​ដ្រូនទី២ ផ្ទុះម៉ោងប្រមាណ ២និង៤៣នាទីរំលងអាធ្រាត្រ ចំពីលើ​វិមានប្រធានាធិបតីរុស្ស៊ីតែម្តង។ រុស្ស៊ីបានបើប្រកាសថា គេបានបើកការ​ស៊ើបអង្កេតហើយ ស្តីពីការវាយប្រហារភេរវកម្មដែលប៉ុនប៉ងសម្លាប់​លោកពូទីននេះ។

វិមានក្រេមឡាំងបានអះអាងថា គឺប្រព័ន្ធការពារផ្លូវអាកាសរបស់រុស្ស៊ី ដែលបានបាញ់កំទេច ទម្លាក់​យានដ្រូន​ទាំង​២របស់អ៊ុយក្រែន​នេះ បានទាន់ពេលវេលា។ ក្រេមឡាំងបានចោទថា គឺអ៊ុយក្រែនមានចេតនាប៉ុនប៉ងធ្វើឃាតលោក​ប្រធានាធិបតីពូទីនដោយ​ផ្ទាល់តែម្តង។ ហើយនៅព្រឹកមិញនេះ ក្នុងសន្និសីទកាសែត​​ លោកឌីមីទ្រ ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង បានចោទដោយចំៗតែម្តង ថា​អ៊ុយក្រែន ក៏មិនមែនធ្វើដោយ​ចិត្តឯងនោះទេ គឺវាច្បាស់ណាស់ ដែលអាមេរិកជាអ្នកបញ្ជាប្រាប់ឲ្យ​ធ្វើ។ អ្នកនាំពាក្យវិមានក្រេមឡាំងបានចោទថាអាមេរិក​និងអ៊ុយក្រែន ដែលជាអ្នកឃុបឃិតគ្នា វាយ​ប្រហារ​វិមានក្រេមឡាំង និង​ចង់ធ្វើឃាតលោក​ពូទីន។

ប៉ុន្តែ​​កាលពីថ្ងៃពុធទី​៣ឧសភា​ លោក​ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងពី​​ប្រទេសហ្វាំងឡង់មកថា អ៊ុយក្រែន គ្មានអ្វីពាក់ព័ន្ធនឹងរឿងការវាយប្រហារដោយ​យានដ្រូននៅវិមានក្រេមឡាំងនោះទេ។ លោក​បន្ថែមថា វាមិនមែន​ជាកម្មវត្ថុយោធារបស់អ៊ុយក្រែនឡើយ ដែលទៅវាយ​ប្រហារ​ដល់វិមានក្រេមឡាំងកណ្តាលក្រុងម៉ូស្គូនោះ។ អ្វីដែលកងទ័ពអ៊ុយក្រែនធ្វើ គឺការពារតែទឹកដី ភូមិស្រុករបស់​ប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ។

មន្ទិលសង្ស័យ​ចំពោះ​ការចោទរបស់រុស្ស៊ី

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បាន​លើកឡើងថា អ្វីក៏ដោយ ដែលចេញពីមាត់ម៉ូស្គូ គឺគេមិនត្រូវជឿទុកចិត្តភ្លាមទេ ត្រូវតែពិនិត្យ​មើល​ឲ្យ​បានច្បាស់សិន។ ដូចគ្នាដែរ លោកស្រី Catherine Colonna រដ្ឋមន្ត្រីក្រសួងការបរទសបារាំង បានលើកឡើងនៅព្រឹកមិញនេះថាលោកស្រី​មិនជឿទេ ព្រោះករណីវាយ​ប្រហារដោយ​យានដ្រូនរបស់អ៊ុយក្រែន ​ដល់កណ្តាលក្រុងម៉ូស្គូនេះ វាជារឿងចម្លែកខ្លាំងណាស់។

គួរបញ្ជាក់ដែរ ថាជុំវិញ​ករណី​វាយប្រហារនៅវិមានក្រេមឡាំងនេះ វាបានបង្កើតឲ្យ​មាន​ចម្ងល់ច្រើនណាស់។​ ទីមួយ​ ភាគីរុស្ស៊ីបាន​ប្រើប្រាស់បណ្តាញផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត ប្រកាសថាយានដ្រូន២គ្រឿង​របស់អ៊ុយក្រែន ត្រូវបាន​បាញ់ទម្លាក់ទាន់ពេលវេលា នៅពីលើ​វិមានក្រេមឡាំង។ ក៏ប៉ុន្តែ គេមិនបានបញ្ជាក់អ្វីទាំងអស់ ថាយានដ្រូន​នោះ​ជាប្រភេទអ្វី ម៉ូដែលអ្វី​ឲ្យពិតប្រាកដទេ ហើយដ្រូន​នោះត្រូវបាន​បង្ហោះចេញពីទីកន្លែងណាមក ក៏មិនបញ្ជាក់ដែរ​។

មួយវិញទៀត យើងដឹងរួចមកហើយ ថាតាំងតែពីខែមករាដើមឆ្នាំនេះ ដែល​កងទ័ពរុស្ស៊ីបាន​ដាក់ប្រព័ន្ធខែលការពារ​ផ្លូវអាកាស នៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ ខាងក្នុងនិងជុំវិញទីក្រុងម៉ូស្គូ​។ ជាក់ស្តែង គេបាន​ដាក់បញ្ឈរ ប្រព័ន្ធមីស៊ីល Pantsir-S1 និងប្រព័ន្ធរ៉ាដាការពារផ្លូវអាកាស S400 ដែលរុស្ស៊ីតែងតែអួត ថាមានសមត្ថភាពពូកែណាស់​។ តែសួរថាហេតុអ្វី បានជាវា​​នៅតែរបូត បណ្តោយ​ឲ្យ​មានដ្រូន២គ្រឿង ហោះទៅដល់ខាងលើវិមានក្រេមឡាំង ដែលជាបេះដូងនៃ​ស្ថាប័នអំណាចរបស់រុស្ស៊ី? វាមានន័យថា ប្រព័ន្ធខែលការពារផ្លូវអាកាសដែលរុស្ស៊ីខំអួតកន្លងមកនេះ តាមពិតទៅ​វាគ្មានបានការឬយ៉ាងណា?

ការពិតទៅ អ្នកជំនាញខ្លះបានទទួលស្គាល់ថា អ៊ុយក្រែនមានដ្រូន​មួយប្រភេទ ឈ្មោះ UJ-22 Airborne ផលិតដោយ​​ក្រុមហ៊ុនអ៊ុយក្រែន ​UkrJet  ដែលអាចហោះបានចំងាយ​ប្រមាណ​៨០០គីឡូម៉ែត្រ ពោលគឺអាចហោះទៅដល់ម៉ូស្គូ។ ក៏ប៉ុន្តែគ្មាននរណាជឿទេ ថាដ្រូននេះ​អាចគេចផុត​សំណាញ់ប្រព័ន្ធខែល​ S400 របស់រុស្ស៊ីនោះ​។

ឆាកល្ខោនរុស្ស៊ី​?

អ្នកជំនាញ​បាន​ផ្តោតការសង្ស័យថា គឺរុស្ស៊ីជាអ្នករៀបចំឆាកល្ខោន​ខ្លួនឯង​ ព្រោះថាធាតុពិត រុស្ស៊ីអាចមានហេតុផលចំណេញច្រើន តាមរយៈការរៀបចំឆាកល្ខោនបែបនេះ​។​ ទីមួយ ការប្រកាសថាមាន​​ករណីប៉ុនប៉ងវាយ​ប្រហារមកលើវិមានក្រេមឡាំង ពីសំណាក់អ៊ុយក្រែនបែបនេះ គឺ​អំណាចនយោបាយ​រុស្ស៊ី ចង់​ផ្ញើសារប្រាប់ប្រជាជន​ឲ្យ​ភ័យ និង​ភ្ញាក់ខ្លួន ថាឃើញទេ ពួកអ៊ុយក្រែន ពួកអាមេរិកចង់រួមគ្នា​កំទេចវិមានក្រេមឡាំង ហើយចង់ធ្វើឃាតលោកពូទីនទៀត!​ សាររបៀបនេះ វាអាចជាការឃោសនា ដើម្បីប្រមូល​ទឹកចិត្ត​ប្រជាជនរុស្ស៊ី ឲ្យរួមគ្នាដើរពី​ក្រោយ​លោកពូទីន ដើម្បីធ្វើសង្គ្រាម​។

ចំណុចមួយទៀត គឺការប្រឌិតរៀបចំឆាកល្ខោនរបៀបនេះ វានឹងអាចក្លាយជាលេស ដែលភាគីរុស្ស៊ីយកជាហេតុផល ដើម្បីសំអាងការពារ ចំពោះការវាយ​ប្រហារ​សងសិករបស់ខ្លួនទៅថ្ងៃខាងមុខ។ យ៉ាងណាមិញ កំដៅកំហិងពីក្រុមអ្នកនយោបាយ​ជាតិនិយមជ្រុលរុស្ស៊ី បានចាប់​ផ្តើមឆេះកាន់តែខ្លាំងហើយ តាមរយៈការអំពាវនាវថាត្រូវតែសងសឹងឲ្យចាស់ដៃទៅលើអ៊ុយក្រែន​។ ពេញមួយថ្ងៃពុធម្សិលមិញ មន្ត្រីនយោបាយធំៗរបស់រុស្ស៊ីបាននាំគ្នាចេញមុខជាបន្តបន្ទាប់ ប្រាកាសថារុស្ស៊ីត្រូវតែសងសិក។

ជាក់ស្តែង លោកViatcheslav Volodine ប្រធានសភាជាន់ទាបរុស្ស៊ី បានហៅឲ្យ​កងទ័ពរុស្ស៊ី ត្រូវតែ​ប្រើអាវុធពិសេស ដើម្បីវាយកំទេចឲ្យចំទីតាំងកណ្តាល​ នៃរដ្ឋាភិបាល​​របស់អ៊ុយក្រែន។ ហើយ​លោក ឌីមីទ្រី ម៉េដវ៉េដេវ អតីតប្រធានាធិបតីរុស្ស៊ី បាន​ប្រកាសថា រុស្ស៊ីត្រូវតែសម្លាប់​លោក​ហ្សេឡេនស្គីចោលតែម្តង ដើម្បីឲ្យឆាប់ចប់រឿង។​ ដោយថ្នមពាក្យជាងនេះ វិមានក្រេមឡាំង​បានប្រកាសថា គេសូមរក្សាសិទ្ធិ​វាយ​ប្រហារសងសិកវិញទៅលើអ៊ុយក្រែន​។

យ៉ាងណាមិញ នៅវេលាទាបភ្លឺព្រឹកថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបាន​​បើកការវាយប្រហារដ៏ធំ មកលើអ៊ុយក្រែន។ រដ្ឋធានីកៀវត្រូវបាន​រងការវាយ​ប្រហារជាលើកទី​៣ ក្នុងរវាង៤ថ្ងៃចុងក្រោយនេះ។ ផ្អែកតាម​ក្រសួងការពារជាតិ​អ៊ុយក្រែន ក្រៅពីមីស៊ីល គឺ​កងទ័ពរុស្ស៊ី​បាន​ប្រើយានដ្រូន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ចំនួន២៤គ្រឿងកាលពីយប់មិញនេះ ដែលក្នុងនោះ មាន​១៨គ្រឿង​ត្រូ​វបាន​កងទ័ពអ៊ុយក្រែន​បាញ់កំទេចបាន​។ សេណារីយ៉ូនេះ គឺវាជាអ្វីដែលភាគីអ៊ុយក្រែនបានលើកឡើង ពោលគឺរុស្ស៊ីជា​អ្នក​រៀបចំឆាកល្ខោន ប្រឌិតរឿងថាមានដ្រូន​ចង់វាយប្រហារវិមានក្រឹមឡាំង ហើយ​យកហេតុផលនេះជាបង្អែក ការពារ​ ​ដល់ការវាយ​ប្រហារទ្រង់ទ្រាយធំរបស់ខ្លួន នៅអ៊ុយក្រែនតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ