អានតួអត្ថបទ
អឺរ៉ុប-សង្គ្រាមអ៊ុយក្រែន-ទណ្ឌកម្ម

សង្គ្រាមអ៊ុយក្រែន ៖ អឺរ៉ុប​រៀប​ចំ​កញ្ចប់​ទណ្ឌកម្មថ្មីមួយ​ទៀត​​ដាក់ប្រឆាំង​នឹង​រុស្ស៊ី

គណៈកម្មការ​អឺរ៉ុប បាន​លើក​គម្រោង​​វិធានការ​​ថ្មី​មួយ​ទៀតប្រឆាំង​នឹង​រុស្ស៊ី។ ​វិធានការថ្មី​នេះ​​មាន​ទិស​ដៅ​កំរិត​និង​រារាំង​ ​ការ​ពង្វាង​ទណ្ឌកម្ម​​​របស់​សហភាព​អឺរ៉ុប​ ដែល​ចង់​ហាមឃាត់​កានាំ​ចេញ​របស់​រុស្ស៊ី។ ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបទាំង​២៧​ ត្រូវ​ផ្តើមសិក្សា​លើ​សំណើ​ទណ្ឌកម្ម​ថ្មីនេះ​ ចាប់​ពី​ថ្ងៃ​ពុធ​ទៅ ដើម្បី​រក​ឱ្យ​ឃើញ​ការ​​​ព្រមព្រៀងគ្នា​ជា​ឯកច្ឆ័ន្ទ និង​ដើម្បី​​អាច​​អនុម័តបាន នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃទី ៣០មិថុនា២០២៣។

សង្គ្រាមអ៊ុយក្រែន ៖ អឺរ៉ុប​រៀប​ចំ​កញ្ចប់​ទណ្ឌកម្មថ្មីមួយ​ទៀត​​ដាក់ប្រឆាំង​នឹង​រុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ អឺរ៉ុប​រៀប​ចំ​កញ្ចប់​ទណ្ឌកម្មថ្មីមួយ​ទៀត​​ដាក់ប្រឆាំង​នឹង​រុស្ស៊ី Commission Européenne
ផ្សាយពាណិជ្ជកម្ម

គម្រោង​វិធានការ​ថ្មី​ ទី​១១ ប្រឆាំង​នឹង​រុស្ស៊ី ផ្តោត​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ពង្វាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់អឺរ៉ុប​ ពី​សំណាក់​ប្រទេស​ទីបី និង​មាន​លក្ខណៈ​បច្ចេកទេស​ខ្លាំងណាស់។ កម្មវត្ថុ​ចម្បង​គឺ បញ្ចៀស​មិន​ឱ្យ​វត្ថុជាប់​បម្រាម​នាំចេញ​​ទៅ​រុស្ស៊ី ធ្លាក់​ដល់​ដៃ​​ក្រុមយោធា​រុស្ស៊ីបាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅក្នុង​សំណើទណ្ឌកម្ម​ គេ​ឃើញគណៈកម្មការ​អឺរ៉ុប​ ដៅ​​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ៥៤១ ក្នុង​នោះ​៥២៦​ជា​ក្រុមហ៊ុន​រុស្ស និង​ជា​លើក​ទីមួយ​​ មាន​៨​ជា​ក្រុមហ៊ុន​​របស់​ចិន​និង​ហុងកុង។៊ី ក្រុមហ៊ុន​អ៊ីរ៉ង់មួយ ក្រុមហ៊ុន​របស់​អេមីរ៉ាត់អារ៉ាប់រួម​ពីរ ក្រុមហ៊ុន​តាំង​នៅ​អ៊ូសបេគីស្ថាន​ពីរ នៅ​អារមេនី​មួយ​ និង​ស៊ីរីមួយ ក៏​មាន​ជាប់​ក្នុង​បញ្ជី​អឺរ៉ុប​ដែរ។

ដោយ​ចង់​ផ្តល់​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ពង្វាង​ទណ្ឌកម្មផង និង​ចង់ផ្តល់​​វិធី​រារាំង​កុំ​ឱ្យ​ក្រុមហ៊ុន​បរទេស ឬ​ប្រទេស​ទីបី​ ជួយមូស្គូ​ ក្នុង​ការ​នាំចេញ​បន្ត​វត្ថុ​ដែល​អាច​បម្រើ​ឱ្យ​ឧស្សាហកម្មយោធា​រុស្ស៊ី សហភាព​អឺរ៉ុប បានធ្វើ​បញ្ជី​​រាយ​ឈ្មោះ​វត្ថុ​ចំនួន​១៥៥​ទំព័រ មាន​ជាអាទិ៍​ ទូរទឹកកក ម៉ាស៊ីនព្រីន ម៉ាស៊ីនគិតលេខអេឡិចត្រូនិក និង​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត។ បើ​តាម​ប្រភព​អ្នក​ការទូត​អឺរ៉ុប​ម្នាក់ សហភាព​អឺរ៉ុប​សម្គាល់​ឃើញ​មាន​កំណើន​នាំ​ចូល​គ្រឿង​បន្លាស់​អេឡិចត្រូនិក​យ៉ាង​ច្រើន​ នៅ​តួកគី  កាហ្សាក់ស្ថាន ចិន និង​អេមីរ៉ាតអារ៉ាប់រួម សម្រាប់​នាំ​ចេញ​បន្ត​ទៅ​រុស្ស៊ី។ 

ប៉ុន្តែ​គ្មាន​ទេ​​ការ​ហាមឃាត់មិន​ឱ្យ​នាំ​ចូល​ពេជ្រ​ពី​រុស្ស៊ី ស្របតាម​ការ​ទាមទារ​របស់​​សមាជិក​សហភាពអឺរ៉ុប​ជា​ច្រើន។ វិធានការ​នេះ​ត្រូវ​លើក​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រទេស​ហ្សេ៧ នៅ​ថ្ងៃទី ១៩-២១​ឧសភា នៅក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ ទាល់​តែ​មាន​ការ​ព្រមព្រៀង​គ្នា​សិន​ ទើប​គេ​យក​មក​បញ្ចូល​ក្នុង​កញ្ចប់​វិធានការ​ថ្មី​របស់​អឺរ៉ុប​នេះ តាមក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ