អានតួអត្ថបទ

របាយការណ៍៖ ជនភៀសខ្លួនក្នុងស្រុក ​ឆ្នាំ២០២២​ មានចំនួនកើនឡើងដល់ ៧១លាននាក់ នៅទូទាំងពិភពលោក

​ឆ្នាំ២០២២កន្លងទៅ ជនភៀសខ្លួនក្នុងស្រុក មានចំនួនកើនឡើងដល់ ៧១,១លាននាក់ នៅទូទាំងពិភពលោក។ នេះបើតាម​របាយការណ៍​ថ្មី ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​​ ដែល​ត្រូវផ្សព្វផ្សាយ​មួយ​ឆ្នាំម្តង ដោយ​ ​មជ្ឈមណ្ឌល​សកល​តាម​ដាន​ស្ថតិ​ជន​ភៀសខ្លួន​ក្នុងស្រុក​ និង​សហការជាមួយ​ក្រុម​ប្រឹក្សា​ន័រវែសខាងជនភៀសខ្លួន​ (NRC)។ ស្ថាប័ន​ទាំងពីរ ដែល​ជាអ្នក​សរសេរ​របាយការណ៍​នេះ បាន​សង្កត់ធ្ងន់ថា​​ ចំនួន​​​ប្រជាជន​​ផ្លាស់ទីលំនៅ​​ក្នុងប្រទេស​របស់ខ្លួន ​​កើនឡើង​យ៉ាង​គំហុក​ ​​មិន​ធ្លាប់​ជួប​ទាល់តែសោះ។ នេះក៏ព្រោះតែ​ ជម្លោះ​ក្នុងស្រុករបស់ពួក​គេ ​ការ​វាយប្រហារ​ប្រដាប់​អាវុធ ហើយ​និង​ កត្តា​គំរាម​កំហែង​ពីគ្រោះ​ធម្មជាតិ​ ទឹក​ជំនន់​ជាដើម។ ​

ប្រជាជន​ស៊ីវិល​នៅ​ស៊ូដង់​ ភៀសខ្លួន នៅដើមខែ​ឧសភា​ឆ្នាំ​នេះ។
ប្រជាជន​ស៊ីវិល​នៅ​ស៊ូដង់​ ភៀសខ្លួន នៅដើមខែ​ឧសភា​ឆ្នាំ​នេះ។ REUTERS - JOK SOLOMUN
ផ្សាយពាណិជ្ជកម្ម

ទិន្នន័យ​ជន​ភៀសខ្លួនក្នុងប្រទេស​ខ្លួន​ឯង​ កើនឡើង​ខ្លាំង​មែនទែន​ នៅឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ២០២១។ មួយ​ចំណែក​ធំ នៃការ​ភៀសខ្លួន​ចោលទីកន្លែង​កំណើត​នេះ ក៏ព្រោះតែបញ្ហា​ជាច្រើន ជាអាទិ៍ ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បញ្ហា​ទឹក​ជំនន់​នៅ​ប៉ាគីស្ថាន​ វិបត្តិ​ជម្លោះ​ប្រដាប់អាវុធ​ថ្មី​ៗបន្ថែមទៀត​ ដែល​មាន​ជាយូរ​ហែ ហើយ​និង​វិបត្តិ​គ្រោះធម្មជាតិ​ផ្សេងៗ​ជាច្រើន ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ទីលំនៅ​។ ទិដ្ឋភាព​នេះ​មាន​ជាច្រើន​ប្រទេស​ ចាប់ពីបណ្តា​​ប្រទេស​ក្នុង​ទ្វីប​អាមេរិក រហូត​ទៅ​តំបន់​ប៉ាស៊ីហ្វីក។​ នេះគឺ​ជាការគូសបង្ហាញ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ពីសំណាក់​អ្នកស្រី Alexandra Bilak នាយិកាមជ្ឈមណ្ឌលសកលតាមដានស្ថតិជនភៀសខ្លួនក្នុងស្រុក Internal Displacement monitoring centre (IDMC) ។

ស្រដៀង​គ្នា​នេះដែរ លោក Jan Egeland ប្រធាន​អង្គការក្រុមប្រឹក្សាន័រវែសខាងជនភៀសខ្លួន បាន​លម្អិត​ថា ភាគច្រើន​នៃ​ជន​ភៀសខ្លួន​ក្នុងស្រុក គឺ​ជាជន​រងគ្រោះ​ព្រោះតែជម្លោះ​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំហើយ។ ​ កត្តាគ្រោះថ្នាក់​ធម្មជាតិ​ ក៏​ជំរុញ​ឲ្យ​មាន​អ្នក​ភៀសខ្លួន​ថ្មី​បន្ថែមទៀត។ ករណីនេះមាន​ចំនួន ជាង​ ៣២ លាននាក់ នៅឆ្នាំ២០២២ គឺស្មើ​នឹង ​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២១។​

បើ​តាម​ប្រភព​ដដែល​ ​ស្ថានភាព​លំបាក​ក្នុងការ​រស់នៅ វិសមភាព​ ការ​គំរាមកំហែង​សុវត្ថិភាព ជា​កត្តា​សំខាន់ៗ​ ដែល​​ជំរុញ​ឲ្យ​មនុស្ស​ភៀសខ្លួន រួម​ផ្សំ​ទាំង​បញ្ហា​ស្បៀងអាហារ​​។ ស្បៀង​អាហារ​ ដែលតាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​លើអ៊ុយក្រែន​មក បណ្តាល​ឲ្យ​មាន​បញ្ហា​ស្បៀង​ជាទូទៅ​នៅលើ​សកលលោក។​

​​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការIDMC ដែល​សរសេរ​រួម​គ្នាជាមួយ​និងក្រុមប្រឹក្សាន័រវែសខាងជនភៀសខ្លួន (NRC) ក៏បាន​បង្ហាញ​ទិន្នន័យ​១០ប្រទេស​ដែល​គេ​កត់​សម្គាល់ខ្លាំង ថា​មាន​ពលរដ្ឋ​រត់​ភៀសខ្លួន​ក្នុងស្រុក​ច្រើន​ជាងគេ។ នោះគឺប្រទេស​ ស៊ីរី អាហ្វហ្កានីស្ថាន សាធារណរដ្ឋ​កុងហ្កោ អ៊ុយក្រែន កូឡុំប៊ី អេត្យូពី យេម៉ែន នីហ្សេរីយ៉ា សូម៉ាលី និង​ សូដង់។

​នៅស៊ូដង់ ដែល​ផ្ទុះ​សង្គ្រាម​ស៊ីវិល​នៅ​ពាក់​កណ្តាល​ខែ​មេសាថ្មីៗនេះ​ គឺ​បាន​ជំរុញ​ឲ្យ​មនុស្ស​ ៧ សែន​នាក់ ភៀសខ្លួន​នៅក្នុង​ស្រុក​បន្ថែម​ទៀត គ្រាន់តែ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ហើយ​ដែលនេះ​នឹង​ធ្វើ​ឲ្យ​ចំនួន​អ្ន​កភៀសខ្លួន​ នឹង​កើនឡើង​សម្រាប់​ទិន្នន័យ​ឆ្នាំ២០២៣ ជាពុំ​ខាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ