អានតួអត្ថបទ

អាមេរិក ​បើក មជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍នៅ​ក្រៅប្រទេស ដើម្បីទប់ស្កាត់​ជនភៀសខ្លួនខុសច្បាប់

ថ្ងៃ​ព្រហស្បតិ៍ ទី២៧មេសា​ រដ្ឋាភិបាលអាមេរិក ប្រកាសបើក មជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍ នៅប្រទេស ហ្កាតេម៉ាឡា និង កូឡុំប៊ី ដើម្បីទប់ស្កាត់ពីចម្ងាយ​ នូវលំហូរជនភៀសខ្លួនខុសច្បាប់​។ រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក ក៏​បញ្ជាក់​ទៀត​​ថាកំពុងតែ​ពិភាក្សា​ជាមួយ​​ប្រទេស​ផ្សេងទៀត ដើម្បី​បង្កើត​ «មជ្ឈមណ្ឌលបែបនេះ»​ ​បន្ថែមទៀត ។​ ​

ជនភៀសខ្លួន​នៅក្បែរព្រំដែនអាមេរិក-​ម៉ិចស៊ិក។
ជនភៀសខ្លួន​នៅក្បែរព្រំដែនអាមេរិក-​ម៉ិចស៊ិក។ AP - Gregory Bull
ផ្សាយពាណិជ្ជកម្ម

វិធានការបង្កើត​ មជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍ នៅ​ក្រៅប្រទេស​នេះ គឺមាន​ចេតនា​កាត់​បន្ថយ​អន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​ដើម្បីធានាថា ការ​ធ្វើ​ដំណើរ​ភៀសខ្លួន​ចូល​ទឹកដី​សហរដ្ឋអាមេរិក ត្រូវ​«រៀបចំដោយ​ត្រឹមត្រូវ មាន​សុវត្ថិភាព និងប្រកប​ដោយ​ក្តី​មនុស្សធម៌​»។ នេះបើតាម​ការ​បញ្ជាក់​របស់​រដ្ឋមន្រ្តីក្រសួងការបរទេស អង់តូនី ប្ល៊ីងកិន នៅក្នុង​​សន្និសីទ​សារព័ត៌មាន។​

វិធានការថ្មីនេះ ​ដាក់​ចេញ ជួន​ចំពេល​ដែល ច្បាប់​ចាស់ សល់តាំងពី​ជំនាន់​ ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​ចែងអំ​ពី​ការ​បណ្តេញ​​ជន​ភៀសខ្លួន​ខុស​ច្បាប់ និងដែល​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​១១ឧសភា​ខាងមុខ។ រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក ​លោក អាឡេហាន់ដ្រូ ម៉ាយ៉រកាស (Alejandro Mayorkas) បញ្ជាក់ថា ផុត​ថ្ងៃទី​១១ឧសភា ពុំ​មែន​បាន​សេចក្តី ព្រំដែន​អាមេរិក នឹង​ត្រូវ​បើកចំហ​ទេ។ រដ្ឋមន្រ្តី​រូបនេះ​ បាន​លើកថា បណ្តាញ​ឧក្រិដ្ឋជនឈ្មួញ​ជួញ​ដូរ​មនុស្ស បាន​បំភ្លៃ​ការពិត និងបាន​ផ្លុំ​ត្រចៀកបោកបញ្ឆោត​ជន​ភៀសខ្លួន ថា ​សហរដ្ឋអាមេរិក នឹង​បើក​ចំហប្រទេស ​នៅក្រោយ​ថ្ងៃ១១ឧសភា​ តែ​តាមពិត​ដូច្នេះទេ។ ​រដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុង សង្កត់ធ្ងន់ថា ជន​ណា​​ចូល​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់ គឺត្រូវទទួល​​ទោស​ ហើយ​ត្រូវ​ ហាម​ឃាត់ ៥ ឆ្នាំ ​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​​ ព្រមទាំង​​ត្រូវ​រង​បណ្តឹង​ព្រហ្មទណ្ឌថែមទៀត។​

ទោះបីជាម្តេច​ក្តី រដ្ឋបាល​សហរដ្ឋអាមេរិក បាន​ពន្យល់ថា ការ​បង្កើត​មជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍ គឺ​សម្រួល​ដល់ដំណើរ​ការ​ដាក់ពាក្យ​ស្នើ​សុំ​ភៀសខ្លួន​ចូល​ក្នុង​ទឹក​ដីអាមេរិក ហើយ​ជា​វិធាន​ការ​ទប់​ស្កាត់​ការ​ជួញដូរមនុស្សនិង​អន្តោប្រវេសន៍​ខុស​ច្បាប់។ ក្នុង​ដំណើរការ​នេះ គឺបា​នការ​ចូលរួម​សហការ​ពី​ស្ថាប័ន​អន្តរជាតិ ក្នុងនោះ​ ក៏មាន​ ឧត្តមស្នងការដ្ឋាន​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ជនភៀសខ្លួន និងអង្គការ​អន្តរជាតិ​ដើម្បី​ជន​អន្តោប្រវេសន៍ ផង​។ ​​

ជនអន្តោប្រវេសន៍ដែល​ចង់​ចូល​ទៅ​ទឹកដី​អាមេរិក គឺ​ត្រូវ​គេ​គិត​ថា ដើម្បី​គេច​ចេញ​ពី​ភាព​ក្រីក្រ​និងអំពើ​ហិង្សា​ក្នុង​ប្រទេស​កំណើត​របស់ខ្លួន ហើយសង្ឃឹម​ថា​នឹង​រកអនាគតជីវិតថ្មី​។ ប៉ុន្តែ​ពួក​គេ​ខ្លះ ត្រូវ​​ប្រឈម​នឹង​ការ​ឆបោកពី​ពួក«​មេខ្យល់» និងត្រូវ​រង​ការ​រំលោភបំពាន។​ ​

តាំងពី​ឡើង​កាន់​តំណែង​មក ប្រធានាធិបតី​ ចូ បៃដិន​ បាន​ផ្តើម​​បញ្ចប់​គម្រោង​​​សាងសង់​ជញ្ជាំង​បិទព្រំដែន​ជាមួយ​ម៉ិច​ស៊ិក ដែល​​ ជា​គម្រោង​របស់​ប្រធានាធិបតី​ចាស់ ដូណាល់ ត្រាំ។ ខែ​មិថុនា ឆ្នាំទៅមិញ​ សហរដ្ឋអាមេរិក សន្យា​ទទួល​ជន​ភៀសខ្លួន​ស្រប​ច្បាប់​ ២ ម៉ឺននាក់ និង​សន្យា​បន្ថែម​ចំនួន​ឲ្យ​បាន​ច្រើន​ជាងនេះ។ ក៏ប៉ុន្តែ ចំនួនមនុស្ស​ភៀសខ្លួន​​ជាក់ស្តែង ដែល​ហូរចូល​សហរដ្ឋអាមេរិក​ ​គឺច្រើនឡើងៗ ​រាប់ពាន់​ដល់​រាប់​ម៉ឺននាក់ ​ក្នុងមួយខែៗ។ ពួក​គេ​ទាំងនោះ ច្រើន​​មកពីតំបន់​អាមេរិក​ខាងជើង និង​ តំបន់​អាមេរិកឡាទីន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ