អានតួអត្ថបទ

អ៊ុយក្រែនអះអាងថាបាន​​រុលខិតទៅមុខនៅតំបន់ Bakhmout ខណៈប្រេសិតចិនទៅអ៊ុយក្រែន​​និយាយ​ពីផែនការសន្តិភាព

សមរភូមិតំបន់បាក្ខមូត ស្ថិតនៅភាគខាងកើតអ៊ុយក្រែន​​ គឺជាសមរភូមិវាយប្រយុទ្ធ ដ៏ស្វិតស្វាញបំផុតរវាងកងទ័ពអ៊ីយ​ក្រែន និង​កងទ័ពរុស្ស៊ី។ ផ្អែកតាមប្រភព​ពី​ក្រសួងការពារ​ជាតិ​អ៊ុយក្រែន គឺកងទ័ពអ៊ុយក្រែន បាន​សំរុករុលទៅមុខ ខណៈខាងរុស្ស៊ី​កំពុងតែវាយដកថយ​។ ស្របពេលជាមួយគ្នានេះ ចិនបានបញ្ជូន​ប្រេសិតពិសេសរបស់ខ្លួន​​ ទៅ ​អ៊ុយក្រែននិង​រុស្ស៊ី និង​នៅប្រទេសអឺរ៉ុបចំនួន​៣​ ដើម្បីចាប់ផ្តើម​និយាយ​ពី​ផែនការសន្តិភាព​។

ទាហានអ៊ុយក្រែន នៅសមរភូមី​ក្បែរតំបន់ Bakhmut ថ្ងៃសុក្រ ទី​១២ ឧសភា ២០២៣
ទាហានអ៊ុយក្រែន នៅសមរភូមី​ក្បែរតំបន់ Bakhmut ថ្ងៃសុក្រ ទី​១២ ឧសភា ២០២៣ AP - LIBKOS
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងកៀវ លោកស្រី​អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាន​អះអាងកាលពីល្ងាចថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន មិនត្រឹមតែមិនបាន​បាត់​បង់ទីតាំងឈរជើងប៉ុណ្ណោះទេ តែថែមទាំង​​បានរុលទៅមុខ បាន​ចំងាយ​ប្រមាណ​២គីឡូម៉ែត្រ នៅ​សមរភូមិតំបន់ Bakhmout។

ដោយឡែក ថ្លែងក្នុងបទសម្ភាសន៍​ឲ្យទូរទស្សន៍ BBC លោក​ប្រធានាធិបតីហ្សេឡេនស្គី បាន​លើកឡើងថា កងទ័ពអ៊ុយក្រែននៅតែខ្វះគ្រាប់ និង​គ្រឿងសព្វាវុធចាំបាច់ផ្សេងទៀត ដើម្បី​បើកការវាយប្រយុទ្ធទ្រង់ទ្រាយធំ ដណ្តើមយកទឹកដីមកវិញពីដៃចោរឈ្លានពានរុស្ស៊ី​។ លោកហ្សេឡេនស្គី បានអំពាវនាវ សុំ​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ប្រឹងប្រែងជួយអ៊ុយក្រែនបន្ថែមទៀត។

គួរបញ្ជាក់ថា ថ្មីៗនេះ Evguéni Prigojine ​មេ​ក្រុម​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលកំពុងឈរជើងនៅសមរភូមិ Bakhmout បានធ្វើសារជាវីដេអូ ស្តីបន្ទោសកងទ័ពជាតិ​រុស្ស៊ី ថាជាអ្នករត់ចោលជួរ ចោលសមរភូមិ ហើយ​មិនព្រមប្រគល់​គ្រាប់​កាំភ្លើង មក​ឲ្យ​ក្រុមខ្លួន​បន្តប្រយុទ្ធ។ ក្នុងសារវីដេអូនេះ Evguéni Prigojine បានស្តីជេរ​ចំៗ ទៅលើលោក រដ្ឋមន្ត្រី​​ក្រសួងការពារជាតិរុស្ស៊ី Sergueï Choigou និងលោក អគ្គមេបញ្ជាការកងទ័ពជាតិរុស្ស៊ី Valerie Guerassimov ថាសុទ្ធជាជនកំសាក។ ក្រៅពីមេក្រុម Wagner អ្នកសរសេរប្លុករុស្ស៊ី ដែល​គាំទ្រសង្គ្រាម​ ច្រើននាក់ទៀត ក៏បានទាញសញ្ញាអាសន្នដែរ ថាកងទ័ពរុស្ស៊ី​កំពុងតែបាក់ស្រុតខ្លាំងនៅសមរភូមិ។

ទាក់ទិននឹង​ផ្នែកការទូតវិញ ក្រសួងការបរទេសចិន បាន​ឲ្យ​ដឹងថាប្រេសិតពិសេសរបស់ខ្លួន គឺលោក Li Hui កំពុងតែធ្វើដំណើរទៅកាន់ទីក្រុងកៀវ និង​បន្តដំណើរទៅម៉ូស្គូ ព្រមទាំងប្រទេសអឺរ៉ុប៣ទៀត គឺបារាំង ប៉ូឡូញ និង​អាល្លឺម៉ង់ ដើម្បីចាប់ផ្តើម​និយាយពីផែនការចរចាសន្តិភាព​ ចាប់ពីថ្ងៃចន្ទសប្តាហ៍​ក្រោយទៅ​។ សូមបញ្ជាក់ថា លោក Li Hui អាយុ៧០ឆ្នាំ ដែល​ធ្លាប់ធ្វើ​ជា​អគ្គរដ្ឋទូតចិនប្រចាំនៅម៉ូស្គូ ពីឆ្នាំ២០០៩ ដល់ឆ្នាំ​២០១៩ ត្រូវបាន​លោក​ស៊ី ជីនពីង ស្នើទៅកាន់​លោក​ហ្សេឡេនស្គី កាលពីពេលនិយាយគ្នាតាមទូរស័ព្ទ ឲ្យធ្វើជាអ្នកសម្របសម្រួលការទូត រវាងភាគីជម្លោះទាំង២។

នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីឯណោះវិញ លោក​ប្រធានាធិបតីហ្សេឡេនស្គី ទើបតែបានធ្វើដំណើរទៅដល់​នៅព្រឹកថ្ងៃសៅរ៍ទី​១៣ឧសភា ដើម្បីជួបជាមួយ​ថ្នាក់ដឹកនាំអ៊ីតាលី និង​ប្រហែលជាអាចជួបជាមួយ​សម្តេចប៉ាប ប្រមុខសង្ឃកាតូលិកថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ