អានតួអត្ថបទ
អឺរ៉ុប-សត្វស្លាប

ប្រពលវប្បកម្ម​ គឺជាកត្តាចម្បង ធ្វើ​ឲ្យ​ចុះថយយ៉ាងខ្លាំង នូវ​​ចំនួនសត្វស្លាបនៅអឺរ៉ុប

នៅអឺរ៉ុប ចំនួន​សត្វស្លាប​ បានថយចុះ​ប្រមាណ​ជា​២០លានក្បាល​ជារៀងរាល់ឆ្នាំ ក្នុងរវាង​៤០ឆ្នាំ​កន្លងមកនេះ​។ នេះបើផ្អែកតាមរបាយការណ៍​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយ​ក្រុម​អ្នកជំនាញ​អឺរ៉ុប ចេញផ្សាយ​កាល​ពីថ្ងៃចន្ទ ទី១៥ឧសភា​។ យោងតាមការ​សិក្សា កត្តាធំចម្បងដែល​បានធ្វើ​ឲ្យ​សត្វស្លាបនៅអឺរ៉ុប ​ថយចុះចំនួន​យ៉ាងច្រើនបែបនេះ គឺបណ្ដាល​​មក​ពី​វិស័យ​កសិកម្ម បែបប្រពលវប្បកម្ម ដែល​ប្រើប្រាស់ជីគីមីដ៏គ្រោះថ្នាក់បំផុត​។​

រូបថតថ្ងៃទី ១៨ តុលា ២០២២ ៖ ហ្វូងសត្វក្រសាក្បាលប្រផេះ កំពុងហោះ នៅ​ប្រទេសហុងគ្រី​
រូបថតថ្ងៃទី ១៨ តុលា ២០២២ ៖ ហ្វូងសត្វក្រសាក្បាលប្រផេះ កំពុងហោះ នៅ​ប្រទេសហុងគ្រី​ AP - Zsolt Czegledi
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍​ ចុះផ្សាយ​ក្នុងទស្សនាវត្តី PNAS (Proceeding of the National Academy of Sciences) សកម្មភាពរបស់មនុស្ស គឺជាអ្នកដែលបានធ្វើ​ឲ្យសត្វស្លាបចុះថយ​ចំនួន​នៅអឺរ៉ុប។ នេះគឺលទ្ធផលនៃការស្រាវជ្រាវដ៏ធំ សហការជាមួយ​ក្រុមការងារជំនាញ​ជាច្រើន​ក្រុម តាម​ដានសិក្សា​លើសត្វស្លាបចំនួន ​១៧០ពូជ នៅតាម​​តំបន់សិក្សា​ចំនួន២ម៉ឺនទីតាំង នៅតាម​ប្រទេសអឺរ៉ុបចំនួន​២៨ប្រទេស។

លោក Vincent Devictor អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិ​ស្រាវជ្រាវវិទ្យាសាស្ត្របារាំង ហៅកាត់ថា CNRS ដែលចូលរួម​នៅក្នុងរបាយការណ៍នេះ បាន​លើកឡើងថាក្នុងរយៈពេល​៤០ឆ្នាំមកនេះ ចំនួន​សត្វស្លាបនៅអឺរ៉ុប បានចុះថយចំនួន ៨០០លានក្បាល។ ពោលគឺ ចុះថយ ២០លានក្បាល ក្នុងមួយឆ្នាំ។ ប្រព័ន្ធជីវចម្រុះ​នីមួយៗ មានការថយចុះខុសគ្នា ដោយ​សត្វស្លាបតំបន់​ព្រៃ​ ចុះថយចំនួន​១៨% សត្វស្លាបតំបន់​ក្រុងប្រជុំជន​ ​ចុះថយ​​២៨% រីឯសត្វស្លាប​តំបន់​កសិកម្ម ចុះថយដល់ទៅ​៥៧%។

ក្នុងន័យនេះ អ្នកជំនាញ​បានសន្និដ្ឋាន​ថា វិស័យកសិកម្ម​បែបប្រពលវប្បកម្ម ដែល​ប្រើប្រាស់ដីទំហំធំៗ គ្រឿងចក្រធំៗ និងជាពិសេសគឺប្រើជីគីមីក្នុងចំនួន​ច្រើន​ខ្លាំងនោះ វាគឺ​ជាកត្តា​ចំបង ដែលធ្វើ​ឲ្យសត្វស្លាបមួយចំនួន​ ថយ​ចុះចំនួន ឬស្លាប់​ផុតពូជតែម្តង ជាពិសេសគឺសត្វស្លាបដែលស៊ី​សត្វល្អិតគ្មានស្អឹងខ្នង ជាចំណីអាហារ។

ប្រភេទ​សត្វល្អិតគ្មានឆ្អឹងខ្នង គឺជាប្រភពចំណីអាហារដ៏សំខាន់បំផុតរបស់សត្វស្លាប យ៉ាងហោចសម្រាប់​១៤៣ពូជ ក្នុងចំណោម​១៧០ពូជ។ ភាពចំបាច់នេះ កាន់តែមានកម្រិតខ្ពស់ នៅក្នុងអំឡុងពេល​បន្ត​ពូជ បង្កកំណើត និង​រយៈពេលដំបូងរបស់កូនសត្វស្លាបដែលទើបនឹងញាស់។ ការប្រើប្រាស់ជីគីមី បានសម្លាប់សត្វល្អិត ធ្វើ​ឲ្យ​សត្វស្លាបគ្មានចំណីអាហារ ប៉ះពាល់ដល់ការបង្កកំណើត និង​ការ​រីកធំធាត់របស់កូនសត្វស្លាប។

អ្នកជំនាញបានទាញសញ្ញាអាសន្ន ថាត្រូវតែកែប្រែរបៀបធ្វើកសិកម្ម ឈប់​ប្រើប្រាស់ជីគីមីដ៏គ្រោះថ្នាក់តទៅទៀត។ បន្ថែមពីនេះ ការរីកកាន់តែធំនៃទីក្រុង និងទីប្រជុំជន ជាមួយនឹងសំណង់អាគារ ការ​ចាក់បេតុងគ្រប់ពាសពេញ ក៏ជាកត្តាមួយ ដែល​រុញច្រាន រំខានសត្វស្លាបមិន​ឲ្យ​រស់ និង​បន្តពូជបាន​។ បម្រែបម្រួលអាកាធាតុ ក្តៅខ្លាំងនិង​ត្រជាក់ខ្លាំង បានធ្វើ​ឲ្យ​ប៉ះពាល់ផងដែរ ដល់​ពូជសត្វស្លាបមួយចំនួន ដែល​មិនអាចសម្របខ្លួន​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ