អានតួអត្ថបទ

WHO៖មានមនុស្សចំនួន ១ ០០០លាននាក់នៅក្នុង ៤៣ប្រទេសបានប្រឈមនឹងជំងឺអាសន្នរោគ

អង្គការសុខភាពពិភពលោក​ហៅ​កាត់ WHO បាន​ព្រមាន​ក្នុង​ថ្ងៃ​សុក្រ ទី១៩ ឧសភា​ថា មាន​មនុស្ស​ចំនួន ១ ០០០លាននាក់​នៅ​ក្នុង ៤៣ប្រទេស​បាន​ប្រឈម​នឹង​ជំងឺ​អាសន្នរោគ។ ជំងឺ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រាករូស និង​ក្អួតចង្អោរ។ ចំណែក​ប្រភព​នៃ​ការ​ផ្ទុះ​ជំងឺអាសន្ន​គឺ​ការ​ខ្វះ​អានាម័យ និង​ខ្វះទឹកស្អាត​ប្រើប្រាស់។ WHO បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា គេ​បាន​ដឹង​ច្បាស់​ពី​របៀប​ព្យាបាល និង​ទប់ស្កាត់​លើ​ការ​ឆ្លងរាតត្បាត​របស់​ជំងឺ​មួយ​នេះ។ តែ​អ្វី​ដែល​កំពុង​នៅ​ខ្វះ គឺ​ថវិកា។

WHO ថា មានមនុស្សចំនួន ១ ០០០លាននាក់នៅក្នុង ៤៣ប្រទេសបានប្រឈមនឹងជំងឺអាសន្នរោគ
WHO ថា មានមនុស្សចំនួន ១ ០០០លាននាក់នៅក្នុង ៤៣ប្រទេសបានប្រឈមនឹងជំងឺអាសន្នរោគ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក Jérôme Pfaffmann Zambruni ប្រធាន​អង្គភាពសង្គ្រោះបន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​របស់​អង្គការ UNICEF បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ពី​ក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​ដោយ​ព្រមាន​ថា បើ​ពិភពលោក​មិន​នាំ​គ្នា​ចាត់​វិធានការ​ឥឡូវ​នេះ​ទេ ស្ថានភាព​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។ « មាន​ជំងឺ​រាតត្បាត​សម្លាប់​ជនក្រីក្រ​នៅ​ចំពោះ​មុខ​យើង ហើយ​យើង​ដឹង​ច្បាស់​ពី​វិធី​បញ្ឈប់​វា តែ​យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត និង​ការ​ចូលរួម​ពី​សហគមន៍អន្តរជាតិ » នេះ​ជា​សម្តី​របស់​លោក Pfaffmann Zambruni

ចំណែក​លោក Henry Gray អ្នកទទួលខុសត្រូវ​ម្នាក់​របស់​អង្គការសុខភាពពិភពលោក WHO បាន​បញ្ជាក់​ថា អង្គការសហប្រជាជាតិ​ត្រូវ​ការ​លុយ​ចំនួន ៦៤០លានដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អាស្ននរោគ និង​មិន​ភ្លេច​រម្លឹក​ថា នៅ​ពេល​ដែល​ការ​បង្កើន​មធ្យោបាយ​ទប់ស្កាត់​កាន់​តែ​អូសបន្លាយ ស្ថានការណ៍​នឹង​កាន់​តែ​អាក្រក់​ខ្លាំង។ តាម WHO យុទ្ធនាការ​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​អាសន្នរោគ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា ចំនួន​ប្រទេស​ដែល​ប្រឈម​នឹង​ការ​ឆ្លងរាតត្បាត​ជំងឺ​អាសន្នរោគ​បាន​កើន​ឡើង។

តាម WHOមាន​ថ្នាំវ៉ាក់សាំង​បង្ការ​ជំងឺ​អាសន្នរោគ​ជាង ១៨លានដូស​ដែល​បាន​ស្នើ​សុំ​ក្នុង​ឆ្នាំ ២០២៣ តែ​ទើប​មាន​ក្នុង​ដៃ​តែ ៨លានដូស​ប៉ុណ្ណោះ។ តែ​ដើម្បី​អាច​ជួយ​សង្រ្គោះ​មនុស្ស​ឲ្យ​បាន​កាន់​តែ​ច្រើន WHO បាន​បង្ខំ​ចិត្ត​ប្រើ​តែ​មួយ​ដូស​ជំនួស​ឲ្យ​ពីរ​ដូស​ដោយ​ដឹង​ថា មិន​អាច​ការពារ​បាន​យូរ​អង្វែង​ក៏​ដោយ។ WHO និង UNICEF ដែល​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អាសន្នរោគ​បាន​ប្រាប់​ពី​តម្រូវការ​លុយ​ចំនួន ១៦០លាន និង ៤៨០លានដុល្លារ​ក្នុង​រយៈពេល ១២ខែ​ខាង​មុខ​ដើម្បី​ចូល​ជួយ​នៅ​ក្នុង​ប្រទេស​ជាង ៤០ប្រទេស។

ម៉ាឡាវី និង​ម៉ូសំប៊ិក​ជា​ប្រទេស​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ។ បន្ទាប់​មក មាន​ប្រទេស​ប៊ូរុនឌី កាមេរូន សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ អេត្យូពី កេនយ៉ា សូម៉ាលី ស៊ីរី សំប៊ី និង​ប្រទេស​ស៊ីមបាវេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ