អានតួអត្ថបទ
ជំងឺត្រូពិក

អង្គការសុខភាពពិភពលោក អំពាវនាវ​ឱ្យ​ជួយ​គិត​គូរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ត្រូពិក

ជំងឺ​គ្រុនឈាម ជំងឺ​គ្រុន​ឈីក ជំងឺ​ឃ្លង់ ...​ សុទ្ធ​សឹង​ជា​ជំងឺ​ត្រូពិក ដែល​គ្មាន​នរណា​សូវ​ចាប់​អារម្មណ៍​ខ្វល់​ខ្វាយ​ទេ។ ថ្លែង​ក្នុង​ទិវា​ពិភពលោក​នៃ​ជំងឺ​ត្រូពិក លោក​អគ្គលេខាធិការ​​អង្គការ​សុខភាពពិភពលោក​តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ភ្ញាក់​ស្មារតី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ត្រូពិក​គ្មាន​អ្នក​ចិត្ត​ទុកដាក់នេះ​ ព្រោះជំងឺ​នេះ​បាន​កំពុង​បន្ត​ចម្លង​និងកើត​លើ​មនុស្ស​ចំនួន ​ជាង​១៦០០លាន​នាក់​ នៅឆ្នាំ​២០២១​កន្លង​ទៅ​នេះ។

La mouche tropicale tsé-tsé est porteuse de la maladie mortelle du sommeil.
La mouche tropicale tsé-tsé est porteuse de la maladie mortelle du sommeil. © Getty Images/Anthony Bannister
ផ្សាយពាណិជ្ជកម្ម

ជំងឺត្រូពិក​គ្មានអ្នក​ចិត្ត​ទុកដាក់ ជា​ជំងឺ​ដែល​មាន​កើត​ច្រើន​ក្នុង​តំបន់​អន់​ថយត្រូពិក គ្មាន​ទឹក​ស្អាត គ្មាន​ប្រព័ន្ធ​ទឹក​លូ​សម្អុយ និង​គ្មានប្រព័ន្ធ​ថែទាំ​សុខភាព​ត្រឹម​ត្រូវ ពោល​គឺ​ជា​ជំងឺ​ដែល​មាន​កើត​តែ​ក្នុង​ប្រទេស​ក្រីក្រ។ ​ស្ថិត​ក្នុង​ចង្កោម​បង្ក​រោគ​​ប្រមាណ​២០មុខ ជំងឺ​ត្រូពិកគ្មាន​អ្នកគិតគូរ​ច្រើន​តែបង្ក​ឡើង​ដោយ​ភ្នាក់​ងារចម្លង​ជា​ច្រើន ដូច​ជា​វីរុស បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត ឬ​ជាតិ​ពុល ដែល​មាន​ពាក់​ព័ន្ធ​យ៉ាង​ស្មុគស្មាញ​នឹង​លក្ខខណ្ឌ​បរិស្ថាន រស់​នៅ​ និងភាគ​ច្រើន​មាន​ពាក់​ព័ន្ធ​នឹង​​វដ្តជីវិត​របស់​សត្វ​ល្អិត​។ គ្មាន​អ្នក​យក​ចិត្ត​ទុកដាក់ ព្រោះ​គ្មានឈ្មោះ​​ក្នុង​កម្មវិធី​សុខភាព​ពិភពលោក​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​សុខភាពពិភពលោក​តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស ដោយ​​លម្អិត​ថា មាន​មូលនិធិ​តិច​តួច​ណាស់ សម្រាប់​ចំណាយ​លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ត្រូពិក ដែល​អ្នក​ជំងឺ​ត្រូវ​ប្រឈម​នឹងការ​ម៉ាក់ងាយ និង​ដាក់​ឱ្យ​នៅក្រៅ​សង្គម។

​គ្មាន​អ្នក​យក​ចិត្ត​ទុកដាក់ តែជំងឺ​ត្រូពិក​ប​ន្ត​ចម្លង​និងកើត​លើ​មនុស្ស​ដល់​ទៅ​ជាង​១៦០០​លាន​នាក់​នៅឆ្នាំ ២០២១  ពោល​គឺ​តិច​ជាង​កាលពីឆ្នាំ​២០២០​ដល់​ទៅ​៨០លាន​នាក់ និង​ដល់​ទៅ​២១៩០លាន​នាក់​កាលពី​ឆ្នាំ​២០១០។ នេះ​​តាមរបាយការណ៍​ថ្មី​របស់​អង្គការ​សុខភាពពិភពលោក។ ប៉ុន្តែ៨០%​នៃ​ជំងឺ​ត្រូពិកនេះ​​មាន​កើត​ផ្តុំ​ក្នុង​ចំនួន​១៦​ប្រទេស មាន​ជាអាទិ៍សាធារណរដ្ឋ​កុងហ្កោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន​ និង​តង់ហ្សានី។ ទោះ​បី​មានការ​លំបាក​ខ្លាំងមែន ប៉ុន្តែ​៤៧​ប្រទេស​បាន​លុប​បំបាត់​ជំងឺត្រូពិក​យ៉ាង​ហោច​ណាស់​មួយ ក្នុង​ចំណោម​ជំងឺ​ត្រូពិក​ដែល​គេ​មិន​យក​ចិត្ត​ទុកដាក់ ហើយ​មាន​៨ប្រទេស​ទើប​សម្រេចកម្មវត្ថុប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ត្រូពិក​នេះ​បាន​ កាលពី​ឆ្នាំទៅ​ប៉ុណ្ណោះ។

តាម​ការ​ពិត​ពិភពលោក​មានមធ្យោបាយ​និង​ចំណេះធ្វើ​មិនមែន​សម្រាប់តែ​​សង្គ្រោះ​ជីវិត​និង​សម្រាប់​ការពារ​ជំងឺ តែ​ថែម​ទាំងសម្រាប់​ជួយ​សង្គ្រោះ​សហគមន៍​និង​ប្រទេស​ក្រីក្រ​ទាំង​មូល​ចេញ​ពី​ការគំរាមកំហែង​នេះ​ជំងឺ​ត្រូពិក​នេះផង។ នាយកដេប៉ាតឺម៉ង់​ជំងឺ​ត្រូពិក​របស់​អង្គកា​រសុខភាពពិភពលោក បាន​បន្ទោស​ដោយ​ចំៗ​ថា ជំងឺ​ត្រូពិក​មិន​បានទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពីសហគមន៍​អន្តរជាតិ​ព្រោះ​វា​មិន​ប៉ះពាល់​ដល់​ប្រទេស​ជឿន​លឿន។ ​ជា​ឧទាហរណ៍​ជាក់ស្តែង ជំងឺ​អុតស្វាមានកើតនៅអាហ្វ្រិក​យូរហើយ តែ​ទើប​ត្រូវ​បាន​ផ្អើល​ប្រយុទ្ធ​ប្រឆាំង​នៅពេល​កើត​ដល់​ប្រទេសអ្នក​មាន។

សម្រាប់​លោក ​តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស ដល់​វេលា​ដែលពិភពលោក​ត្រូវ​បញ្ចេញ​សកម្មភាព និង​ផ្តល់​​ការវិនិយោគ​រួម​គ្នា​ ក្នុង​​ជំងឺ​​ត្រូពិកហើយ​ ដើម្បីការពារ​មនុស្ស​ទូទៅ​ មិន​ថា​ពួកគេ​មាន​លក្ខខណ្ឌ​ជីវិត​បែប​ណា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ