អានតួអត្ថបទ

អឺរ៉ុបពង្រឹង​ភាព​ជា​ដៃគូជាមួយ​​​ទុយនីស៊ី ដោយ​គ្រោង​ផ្តល់​ជំនួយ​៩០០លាន​អឺរ៉ូ

នាថ្ងៃអាទិត្យទី ១១ មិថុនា​នេះ សហភាព​អឺរ៉ុប បាន​ស្នើ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ទុយនីស៊ី​ ដោយ​គ្រោង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​រយៈ​ពេល​វែង ចំនួន ៩០០​លាន​អឺរ៉ូ។ ក្នុង​ពេល​រង់​ចាំ​​កិច្ចព្រមព្រៀង​ លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទុយនីស៊ី បាន​​ប្រកាស​​បន្ថែមជំនួយ​បន្ទាន់​ភា្លម ​ចំនួន​ ១៥០លាន ឱ្យប្រទេស​ដែល​កំពុង​ជាប់​បំណុល​យ៉ាង​វ័ន្តក​នេះ​ទៀត។

លោក​នាយករដ្ឋមន្ត្រី​ហូឡង់ Mark Rutte, លោកស្រី​ប្រធាន​គណៈកម្មការអឺរ៉ុប Ursula von der Leyen, នាយករដ្ឋមន្ត្រីទុយនីស៊ី Najla Bouden និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giorgia Meloni, នៅទុយនីស៊ី ថ្ងៃទី ១១​មិថុនា​២០២៣
លោក​នាយករដ្ឋមន្ត្រី​ហូឡង់ Mark Rutte, លោកស្រី​ប្រធាន​គណៈកម្មការអឺរ៉ុប Ursula von der Leyen, នាយករដ្ឋមន្ត្រីទុយនីស៊ី Najla Bouden និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giorgia Meloni, នៅទុយនីស៊ី ថ្ងៃទី ១១​មិថុនា​២០២៣ AFP - -
ផ្សាយពាណិជ្ជកម្ម

អម​ដំណើរដោយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោកស្រី ចរចា មេឡូនី និង​នាយករដ្ឋមន្ត្រី​ហូឡង់ លោក ម៉ាក រ៉ូត ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយែន បាននាំ​យក​​ផែនការ​៥​ចំណុច ដែល​មាន​បញ្ចូល​គម្រោង​​​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់ ទៅ​​ជូន​ដល់​ដៃ​លោកប្រធានាធិបតី​ទុយនីស៊ី Kais Saied។ ​​

លោកស្រី​ប្រធាន​គណៈកម្មការប្រាថ្នាចង់​ឱ្យ​​ទុយនីស៊ី ​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងនេះ​ជាមួយ​​សហភាព​អឺរ៉ុប​ យ៉ាង​យូរ​នៅ​ដំណាច់​ខែ​ក្រោយ ក្នុង​ជំនួប​កំពូល​សហភាព​អឺរ៉ុប​ ព្រោះ​ការ​ពង្រឹង​ទំនាក់ទំនង​ជា​ដៃគូ​អឺរ៉ុប​ទុយនីស៊ី និង​ការ​វិនិយោគ​ដើម្បី​ស្ថិរភាព​និង​ភាព​រុងរឿង ជា​តំណាង​ប្រយោជន៍​រួម។ សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ និង​ជា​អ្នក​វិនិយោគ​ទីមួយ នៅ​ទុយនីស៊ី ហើយ​គឺអឺរ៉ុប​នេះ​ឯង​ដែល​បាន​គាំទ្រ​ទុយនីស៊ី​ក្នុង​ដំណើរផ្លូវ​ ​ឆ្លង​អន្តរកាល​ប្រជាធិបតេយ្យ ដ៏​វែងឆ្ងាយ​និង​លំបាកលំបិន ក្រោយ​ពី​​មាន​បដិវត្ត​ផ្តួល​រំលំ​របប​ផ្តាច់ការ​ បេនអាលី នៅឆ្នាំ​២០១១​មក។ នេះ​ជា​សារ​រំលឹក​របស់​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប។

សំណើ​​៥​ចំណុច​របស់សហភាព​​អឺរ៉ុបចំពោះ​ទុយនីស៊ីនេះ​ ដែលការ​ចរចា​នឹង​ចាប់​ដំណើរការ​តាម​ក្រោយ ​គ្រោងពង្រឹង​ការ​វិនិយោគ​អឺរ៉ុប​នៅ​ទុយនីស៊ី ​ក្នុង​វិស័យ​ឌីជីថល នាំចេញ​ថាមពល​ស្អាត និង​កម្មវិធីសម្រាប់​និស្សិតErasmus។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញអន្តោប្រវេសន៍​ខុស​ច្បាប់​ ក៏​មាន​ចំណែក​ក្នុង​ផែនការ​៥​ចំណុច​ដែល​អឺរ៉ុប​នឹង​ចំណាយ​១០០​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​នេះ ឱ្យ​ទុយនីស៊ី​យក​ទៅប្រើ​សម្រាប់​ការពារ​ព្រំដែន ​ស្វែងរកនិង​​​សង្គ្រោះ​ជន​​អន្តោប្រវេសន៍។ ជា​សរុប​ផែនការ​អាច​នឹង​នាំ​​ជំនួយ​​ម៉ាក្រូហិរញ្ញវត្ថុ ​រហូត​ដល់​ទៅ ៩០០លាន​អឺរ៉ូ នៅ​ពេលនិយាយ​ត្រូវ​គ្នា​​ភ្លាម។ តែ​អឺរ៉ុប ក៏​អាច​នឹងចាក់​​​សាច់​លុយ​ជំនួយ​​ ១៥០​លាន​អឺរ៉ូចូល​ក្នុង​ប្រព័ន្ធថវិកា​រដ្ឋ​ទុយនីស៊ីភ្លាម​តែ​ម្តងផង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី វ៉ុនឌ័រលីយែន ពី​ប្រទេស​ទុយនីស៊ី​ ​ដែល​កំពុង​លង់​នឹង​បំណុល​វន្តក ឡើង​ដល់៨០%​នៃ​ផលិតផល​សរុប​របស់​ខ្លួន​ និង​ដែលភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​អាមេរិក​ទើប​ទម្លាក់​ចំណាត់​ថ្នាក់​ ហើយ​លែង​​អាច​ខ្ចី​លុយ​ នៅ​​បរទេស​បានទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ