អានតួអត្ថបទ
បារាំង-រោងចក្រ​ផលិតឱសថ

លោកម៉ាក្រុង​ចង់ឲ្យគេរើរោងចក្រ​ផលិត​ឱសថយុទ្ធសាស្រ្ត មកក្នុងទឹកដីបារាំង

វិបត្តិ​កូវីដ​ជា​មេរៀន​ដកបទពិសោធន៍​ដ៏សំខាន់មួយសម្រាប់​ប្រទេស​បារាំង នៅពេលនិយាយ​ពី​សន្តិសុខ​ថ្នាំ។ ដើម្បីជៀសវាង វិបត្តិខ្វះថ្នាំសង្កូវ ដូច​ក្នុង​អំឡុង​វិបត្តិជំងឺកូវីដ ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារម្សិលមិញ ពីគម្រោង រើទីតាំង​រោងចក្រ​ផលិតថ្នាំសំខាន់ៗ ប្រមាណ ៥០ប្រភេទ មកនៅក្នុង​ប្រទេស​បារាំង។ នៅក្នុងចំណោមថ្នាំយុទ្ធសាស្រ្ត ដែល​ប្រធានាធិបតី​បារាំង​ចង់ជំរុញ ឲ្យមានការផលិត​ក្នុង​ទឹកដីបារាំង មាន​ថ្នាំ ផ្សះ ហើយនិង​ថ្នាំ ប៉ារ៉ាសេតាម៉ុល។

ប្រធានាធិបតីបារាំង​លោកម៉ាក្រុង​ធ្វើទស្សនកិច្ច​នៅ​មន្ទីរពិសោធន៍​ក្នុងទីតាំង​រោងចក្រ​ផលិតឱសថនៅ​ខេត្ត​Ardèche ភាគខាងត្បូងប្រទេស​បារាំងកាលពីថ្ងៃទី ១៣​មិថុនា ២០២៣
ប្រធានាធិបតីបារាំង​លោកម៉ាក្រុង​ធ្វើទស្សនកិច្ច​នៅ​មន្ទីរពិសោធន៍​ក្នុងទីតាំង​រោងចក្រ​ផលិតឱសថនៅ​ខេត្ត​Ardèche ភាគខាងត្បូងប្រទេស​បារាំងកាលពីថ្ងៃទី ១៣​មិថុនា ២០២៣ AP - Eric Gaillard
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិតឱសថ​មួយកន្លែង នៅ​ខេត្ត​Ardèche ដែល​ស្ថិតក្នុង​គម្រោង​ពង្រឹង​ការផលិត​ឱសថ​យុទ្ធសាស្រ្ត និងបន្ទាន់ ដែល​បារាំង ធ្លាប់​ត្រូវការខ្លាំង ប៉ុន្តែ ខ្វះខាត ក្នុង​សម័យកូវីដ។ នៅទីនោះ លោកម៉ាក្រុង​ឆ្លៀត​និយាយ​ពី​បញ្ជី​ឈ្មោះ​ថ្នាំ ប្រមាណ​៤៥០​ប្រភេទ ដែល​រដ្ឋាភិបាល​ចាត់ទុកជា​អាទិភាព ផ្តោតសំខាន់​ដើម្បី​ធានា​សន្តិសុខ​ឱសថ​សម្រាប់​ប្រជាជន​បារាំង។

នៅក្នុង​ចំណោម​ថ្នាំ​ប្រមាណ​៤៥០ប្រភេទ មាន​ថ្នាំ​ជាង​៥០ប្រភេទ ដែល​បារាំង​ពឹងផ្អែក ត្រូវការទិញ​នាំចូល​ពី​ប្រទេស​ ក្រៅ​រង្វង់​សហភាពអឺរ៉ុប នៅពេល​បារាំង​មិនអាច​ផលិតគ្រប់គ្រាន់ សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក។

ដូច្នេះ ដើម្បី​ជៀសវាង​ការខ្វះខាត​ថ្នាំ និងត្រូវ​ឈប់ពឹងផ្អែក​លើ​ដង្ហើមដក​របស់​ប្រទេស​ដទៃ ​ប្រមុខ​រដ្ឋ​បារាំង​បានដាក់​បញ្ចូល​ថ្នាំ ជាង ៥០ប្រភេទ ទៅ​បញ្ជី​ថ្នាំអាទិភាព ដែល​គេ​ត្រូវ​រើ​ទីតាំង​រោងចក្រ​ផលិត​មក​នៅ​ក្នុងទឹកដី​បារាំង។ ថ្នាំផ្សះ ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំសណ្តំ និង​ប្រពោធនកម្ម ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំព្យាបាល​ជំងឺមហារីក សុទ្ធសឹងជាថ្នាំ​ដែល​ប្រមុខរដ្ឋាភិបាល​បារាំង ចាត់ចូល​ក្នុងបញ្ជី​មុខថ្នាំ​យុទ្ធសាស្រ្ត។

តាម​ប្រធានាធិបតី​បារាំង នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ រោងចក្រ​ផលិតថ្នាំ ប្រមាណ ២៥ប្រភេទ នឹងរើ​ផ្លាស់ទី​មកនៅ​បារាំង ឬ​ក៏​បង្កើន​ការផលិត​ក្នុងបរិមាណ​ច្រើន គួរ​ឲ្យកត់សំគាល់។ បច្ចុប្បន្ននេះ រដ្ឋបារាំង​ចំណាយថវិកាជាង ១៦០លានអឺរ៉ូ សម្រាប់​ជួយ​គម្រោង​ចំនួន ៨ ដែល​ផ្តោតទៅលើ​ការរើ​ផ្លាស់ទី​រោងចក្រ​ផលិតឱសថ​មកនៅប្រទេស​បារាំង។

ជាប្រទេស​មួយ ដែល​ល្បីល្បាញ​ខាងផ្នែក​ស្រាវជ្រាវវេជ្ជសាស្រ្ត បារាំងពឹងផ្អែក​ខ្លាំង​លើ​ការនាំចូលថ្នាំពីបរទេស។ ៦០ ទៅ​៨០%​នៃ​ថ្នាំដែលមាន​លក់នៅទីផ្សារ​បារាំង នាំចូល​ពីបរទេស ដែលនៅក្នុងនោះ មាន​ចិន និង​ឥណ្ឌា ដែល​បារាំង​ត្រូវការសម្រាប់​ផលិតថ្នាំសំខាន់ៗ ដូចជា​ថ្នាំផ្សះ និង​ថ្នាំសណ្តំ។ ការសិក្សា​របស់​ទីភ្នាក់ងារFrance Assos Santé កាលពី​ខែ​មីនា កន្លងទៅបង្ហាញថា ប្រជាជនបារាំង ៣៧%​កំពុងប្រឈម​នឹងដាច់ថ្នាំ នៅតាមឱសថស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ