អានតួអត្ថបទ
ជនភៀសខ្លួន

អ.ស.ប. ៖ ចំនួន​ជន​ភៀសខ្លួននៅលើពិភព​លោក​កើនឡើង​ច្រើន​បំផុត​មិន​ធ្លាប់​មាន

គិត​ត្រឹម​ខែឧសភា​២០២៣ ចំនួន​ជនភៀសខ្លួន​ ដែល​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង កើន​ឡើង​ដល់​១១០លាន​នាក់។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ របស់​ឧត្តមស្នងការ​​អង្គការ​សហប្រជាជាតិដើម្បី​ជនភៀសខ្លួន ចេញ​ផ្សាយ​​ នៅថ្ងៃ​ពុធ​ទី ១៤ មិថុនា ដោយ​បញ្ជាក់​ថា ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។

ជំរំ​ជនភៀសខ្លួន​មួយ នៅ​សាធារណរដ្ឋ​កុងហ្គោ
ជំរំ​ជនភៀសខ្លួន​មួយ នៅ​សាធារណរដ្ឋ​កុងហ្គោ © AFP/Guerchom Ndebo
ផ្សាយពាណិជ្ជកម្ម

នៅ​ចុង​ឆ្នាំ​២០២២ ជនភៀសខ្លួន​ឬ​ជន​ធ្វើ​បំលាស់ទី នៅលើពិភពលោក​ មាន​ចំនួន ១០៨,៤​លាន​នាក់ ត្រូវ​ជា​កំណើន​១៩,១​លាននាក់ បើ​ប្រៀប​ទៅនឹង​តួលេខកាលពី​ចុង​ឆ្នាំ​២០២១ និង​ជា​កំណើន​ដ៏​ខ្ពស់​ពុំ​ធ្លាប់​មាន​ស្រេច​ទៅហើយ។ ថ្ងៃ​នេះ​ គិត​ត្រឹម​ខែ​ឧសភា​ ចំនួន​ជនភៀសខ្លួន​និងជន​ផ្លាស់ទីសរុប​ បា​ន​ឡើង​ដល់​១១០​លាន​នាក់​​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Filippo Grandi ​ឧត្តមស្នងការ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ (UNHCR) ក្នុង​សន្និសីទកាសែត​ពី​ទីក្រុង​ហ្សឺណែវ។

បើ​តាម​ឧត្តមស្នងការ​ការពារ​ជនភៀសខ្លួន​ ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស អំពើ​ហិង្សា ​អំពើ​បង្ក្រាប​ធ្វើ​បាប​ និង​ការ​រើងអើង​ បូកផ្សំ​នឹង​ហេតុផល​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ គឺ​ជា​ដើមហេតុជំរុញ​ឱ្យ​មាន​កំណើន​ជនភៀស​ខ្លួនតាំង​ពី​ឆ្នាំ​មុន​មក ហើយ​ដែកលឡើង​​ច្រើន​ខ្លាំង​(១១០លាន​នាក់)​មិន​ធ្លាប់ប្រទះ។ សង្គ្រាម​នៅស៊ូដង់ បាន​ធ្វើ​ឱ្យ​ស្ថានភាពពិភពលោក​ឆ្នាំ​២០២២ ដែល​កំពុង​ប្រឈម​​ខ្លាំង​នឹង​វិបត្តិ​ជនភៀសខ្លួន​ដ៏​ហួសហេតុ​បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន​ និង​វិបត្តិមនុស្សធម៌​នៅ​អាហ្វហ្កានីស្ថាន កាន់ធ្លាក់​ដុនដាប​បន្ថែម​កាន់​តែ​ខ្លាំង។

​​ជា​លម្អិត ក្នុងមួយ​​​ឆ្នាំ​២០២២ មាន​៣៥,៣លាន​នាក់​ជា​ជនភៀសខ្លួន និង​៦២,៥​លាននាក់ ជា​ជន​ធ្វើ​បំលាស់ទីក្នុង​​ផ្ទៃ​ប្រទេស។ ៥,៤​លាន​នាក់​ជា​អ្នក​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន និង​ ​៥,២លាននាក់​ទៀត កំពុង​ត្រូវការ​ការពារពី​អន្តរជាតិ។ ជន​ទាំងអស់​នោះ ​ត្រូវ​ប្រឈម​នឹង​ការ​បរិយាកាស​ស្អប់ខ្ពើម​គ្រប់ទិសទី​។ សម្រាប់​លោកឧត្តមស្នងការ Grandi មាន​តែសហភាពអឺរ៉ុប​ទេ ដែល​ហាក់​ដូច​មាន​ឆន្ទៈ​ត្រឹមត្រូវ ដោយ​ព្យាយាម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សាមគ្គីភាព​រវាង​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​ទទួល​បន្ទុក​ជនភៀសខ្លួន។ ប៉ុន្តែ​គេ​ត្រូវ​គិត​គូរ​ដល់​ចរន្ត​ជនភៀសខ្លួន ឱ្យ​បាន​មុន​ពួកគេ​ចេញ​ផ្សង​ព្រេង​ដ៏​សែន​គ្រោះថ្នាក់​ដើម្បី​បាន​មក​ដល់​​អឺរ៉ុប។ ភៀសខ្លួន​​មិនមែន​ជា​បទ​ឧក្រិដ្ឋ​ទេ ដូច្នេះ​មិន​ត្រូវ​ចាប់​ជន​នេះ​ដាក់​ពន្ធនាគារ​ដូច​អ្វី​ផែនការ​អង់គ្លេស​ឡើ។ នេះ​ជា​ការ​ថ្ងូចថ្ងូររបស់​លោក​Grandi ដែល​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ​ចំពោះ​នយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក។

ជា​ចុងក្រោយ បើ​តាម​លោក​Grandi ស្ថាប័ន​ការពារ​ជនភៀសខ្លួន​ផ្ទាល់ ក៏​មាន​ស្ថានភាព​មិន​ល្អ​ដែរ។ ដូច​ជា​អង្គការ​មនុស្ស​ធម៌​ផ្សេងទៀត ស្ថាប័ន​មាន​​ស្ថានភាព​ហិរញ្ញវត្ថុ​យ៉ាប់​យឺន​ខ្លាំង។​ ដោយ​ហេតុ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​និង​អតិផរណា​ ​ជំនួយ-​អំណោយហិរញ្ញវត្ថុក៏​ខ្សត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ