អានតួអត្ថបទ

ក្រិក៖ លិច​ទូកដឹក​​ជនភៀសខ្លួន ​មនុស្ស​ស្លាប់​​​ជិត​៨០នាក់ ហើយ​បាត់​ខ្លួន រាប់រយនាក់

សាកសព​មនុស្ស​ យ៉ាង​ហោច ៧៨ នាក់ បាន​រក​ឃើញ​ បន្ទាប់ពី​​ព្រឹត្តិការណ៍​លិច​ទូក​ជន​ភៀសខ្លួន​នៅក្រិក កាល​ពី​ថ្ងៃពុធ ទី​១៤មិថុនា​។​ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក Ilias Siakantaris បាន​លើកឡើងប្រាប់អ្នកកាសែត​ ថា ទូកលិចនោះ ប្រហែលជាផ្ទុកមនុស្ស ជាង​ ៧៥០ នាក់។​ តុល្យការបឋម​ ជនភៀសខ្លួន​ ​ប្រមាណ​១២០នាក់ នៅរស់​រាន​មាន​ជីវិត ប៉ុន្តែ ចំនួនអ្នក​​បាត់​ខ្លួន នៅ​មាន​ចំនួន​ច្រើន​សន្ធឹកណាស់ ហើយ​ អាជ្ញាធរក្រិច​​ គ្មាន​​សង្ឃឹម​ថា ​នឹង​រក​ឃើញ​មនុស្ស​នៅ​រស់ ​ នោះឡើយ។ ​

Cette photo, fournie par la Garde côtière hellénique, montre des migrants à bord d'un bateau lors d'une opération de sauvetage, avant que leur bateau ne chavire en pleine mer, au large de la Grèce, le 14 juin 2023.
Cette photo, fournie par la Garde côtière hellénique, montre des migrants à bord d'un bateau lors d'une opération de sauvetage, avant que leur bateau ne chavire en pleine mer, au large de la Grèce, le 14 juin 2023. © Hellenic Coast Guard / Reuters
ផ្សាយពាណិជ្ជកម្ម

​​ក្នុង​ចំណោម​ជន​បាត់​ខ្លួន​នៅ​ក្នុងសមុទ្រ​ គឺ​មាន​ក្មេង​ប្រុស​ម្នាក់ ពិការ​ភ្នែក​អាយុ​ ១៥ ដែល​ធ្វើ​ដំណើរ​ជា​មួយ​បង​ស្រី​។ ពូ​របស់​ពួក​គេ ប្រាប់​អ្ន​កកាសែត​ពីប្រទេស​ស៊ីរី ទៅ​ថា ក្មួយប្រុស​ពិការភ្នែក​នេះ អត់​ចេះ​ហែល​ទឹក​ទេ។​ ក្រុម​ជន​រងគ្រោះ​​លិច​ទូក ​ភាគច្រើន​ជាជន​ជាតិ​ស៊ីរី និង​ បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ស៊ីរី គេច​ចេញពី​តំបន់​សង្គ្រាម ឆ្លង​ចូល​ទៅ​ប្រទេសលីប៊ី​ ​​បន្ត​ទៅ លីបង់ ​ ហ្សកដានី ​​អារ៉ាប៊ីសាអូឌីត និង​​ អឺរ៉ុប។ ​នេះ​បើតាមប្រភព​ពីក្រុម​គ្រួសារ​ជន​រងគ្រោះនិង​​​អង្គការ​ការពារ​សិទ្ធិ​ជន​ភៀសខ្លួន ដែល​ទីភ្នាក់​ងារ​ព័ត៌មា​ន​បារាំង​អាអែហ្វប៉េ សម្ភាស​បាន ។

មុន​ហេតុ​ការណ៍​​លិច​ទូក​​ ១ថ្ងៃ​ គឺ​អង្គការ​ Frontex ភ្នាក់ងារ​ការ​ពារ​ព្រំដែន​និងឃ្លាំមើល​លំហូរ​ជនភៀសខ្លួន​នៅ​អឺរ៉ុប បាន​ផ្តល់​សញ្ញា​ទៅ​ ពួកឆ្មាំ​សមុទ្រ​ក្រិក ឲ្យ​ដឹង​ថា​ មាន​ជនអន្តោប្រវេសន៍​ ជិះទូក​ចូល​កៀកក្បែរ​​ប្រទេស​ក្រិច​ហើយ​។ ទន្ទឹម​នឹងគ្នានេះ សកម្ម​ជន​ម្នាក់ ដែល​ស្មគ្រចិត្ត​ខាង​ជួយ​ជន​ភៀសខ្លួន ឈ្មោះ Nawal Soufi បានទទួល​ជ្រាប​​ដំណឹង​ពី​ប្រទេស​លីប៊ី​មក ថា ​ទូក​ជន​ភៀសខ្លួន​នោះ មាន​មនុស្ស​យ៉ាង ​ហោច ៧៥០​នាក់ ហើយ​រូប​គេ​បាន​ទទូច​ឲ្យ​អាជ្ញាធរ​ឆាប់​ជួយ​សង្គ្រោះជាបន្ទាន់​។​ ផ្ទុយ​ទៅវិញ​ អាជ្ញាធរ​ដែន​សមុទ្រ​ក្រិក ​​បាន​ទទួល​ការ​ផ្តល់​ដំណឹង​ដែរ ប៉ុន្តែ ហាក់​ពុំ​បាន​ធ្វើ​ប្រតិបត្តិ​សង្គ្រោះ​អ្វីមួយ ឲ្យ​ទាន់​ពេលវេលា​ឡើយ។

ទោះ​យ៉ាង​នេះក្តី បើតាម​អាជ្ញាធរ​សមុទ្រក្រិក​ គឺមាន ​ទូកអ្នក​​នេសាទ​ក្រិក និង​ ទូក​ដឹក​ទំនិញ​ ដែល​បាន​ជួបប្រាស្រ័យ​នឹង​​ ទូក​ដឹក​ជន​ភៀសខ្លួន​នោះ ដែរ​​។ ​ក្រុម​អ្ន​កនេសាទ​ បាន​ស្នើ​ជួយ​អាសាដែរ ប៉ុន្តែ មនុស្ស​នៅលើទូក​ជន​ភៀសខ្លួន បាន​ឆ្លើយថា កុំ​ឲ្យ​ជួយ ព្រោះ​គោល​ដៅ​របស់​ពួក​គេ​ គឺចង់​បន្តឆ្ពោះ​ទៅ​ប្រទេស​អ៊ីតាលី​ឯណោះ​។​

អង្គការ​សង្គម​ស៊ីវិល និងក្រុម​អ្នក​ការពារ​សិទ្ធិជន​ភៀសខ្លួន បា​នបន្ទោស​អាជ្ញា​ធរ​ក្រិក ដែល​ពុំ​ចេញ​ចំណាត់​ការ​ជួយ​សង្គ្រោះ​ជន​ភៀសខ្លួន​​ទាំងនោះ ឲ្យ​ទាន់​ពេល​វេលា។ អ្ន​កជំនាញ​សង្កត់​ធ្ងន់ថា ក្នុងករណី​ណា​ក្តី​ អាជ្ញាធរ​ក្រិក ចាំបាច់​ត្រូវ​សង្គ្រោះ​ ព្រោះ​ស្ថានភាព​ពួក​គេ​ទាំង​នោះ ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​ខ្លាំង​សម្បើម​ណាស់​។

ជាមួយ​គ្នា​នេះ​ដែរ អ្ន​កនាំពាក្យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាតិ  Jeremy Laurence គូស​បង្ហាញថា ករណី​គ្រោះថ្នាក់​លិច​ទូក​ជន​ភៀសខ្លួន​នេះ ចាំបាច់​ត្រូវតែ​បើក​ការ​ស៊ើប​អង្កេត​ស៊ីជម្រៅ ឈាន​ទៅ​ដល់​ការ​យល់​ព្រឹត្តិការណ៍​សោកនាដកម្ម​ឲ្យ​បាន​ច្បាស់លាស់​ និងជៀសវាងហេតុការ​​គ្រោះថ្នាក់​បែបនេះ កើត​មាន​ជាថ្មី​ ហើយ​និងទាញ​បទពិសោធ​ទុក​ជាមេរៀន​ និងទុក​​ជា​ចំណាត់​ការ​ទៅថ្ងៃមុខ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ