អានតួអត្ថបទ
ស្វ៊ីស-ថាមពល-អាកាសធាតុ

ប្រជាជនស្វ៊ីស បោះឆ្នោតគាំទ្រច្បាប់ កំណត់កម្មវត្ថុ​អព្យាក្រិត្យ​ភាព​កាបូននៅឆ្នាំ​២០៥០

កាលពីថ្ងៃអាទិត្យ ទី​១៨មិថុនា ប្រជាជន​ស្វ៊ីសបានបោះឆ្នោត​ប្រជាមតិ គាំទ្រក្នុងសំឡេងភាគច្រើន ទៅលើ​ច្បាប់ដែលកំណត់​កម្មវត្ថុ​អព្យាក្រិត្យ​ភាព​កាបូន​ នៅរវាងឆ្នាំ​២០៥០។ ទោះយ៉ាងណា ច្បាប់ថ្មី​នេះ មិន​បានកំណត់ជាការហាមឃាត់ទេ តែគ្រាន់តែ​កំណត់​នូវ​យន្តការនានា ដើម្បីជំរុញ​ឲ្យ​ប្រទេសស្វ៊ីស ​ឈប់​ប្រើបន្តិចម្តងៗ នូវ​ប្រភពថាមពល​ដែល​បញ្ចេញ​ឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។

ទឹកកកនៅលើភ្នំប្រទេសស្វ៊ីស កាន់តែចុះថយទំហំពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង
ទឹកកកនៅលើភ្នំប្រទេសស្វ៊ីស កាន់តែចុះថយទំហំពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង REUTERS - ARND WIEGMANN
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ស្តាំនិយម UDC ដែលជាបក្សធំជាងគេបង្អស់នៅស្វ៊ីស បានធ្វើ​ការឃោសនា​ប្រឆាំងនឹងច្បាប់អន្តរកម្មថាមពល​ ដោយ​លើកឡើងថា វានឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់វិស័យ​ផលិតចរន្តអគ្គិសនី​ ហើយ​ប្រជាជនស្វ៊ីសអាចនឹងប្រឈម​នឹងបញ្ហាគ្មានអគ្គិសនីគ្រប់គ្រាន់​ប្រើ នៅរដូវរងារធ្លាក់ទឹកកក ឬមួយ​ក៏តម្លៃចរន្តអគ្គិសនីនឹងឡើងថ្លៃខ្លាំងជាដើម។ យ៉ាងណាក៏ដោយ​ ការឃោសនាបំភ័យទាំងនេះ មិនបានធ្វើ​ឲ្យ​ប្រជាជន​ស្វ៊ីសភាគច្រើនគាំទ្រទេ ដោយ​លទ្ធផល​ប្រជាមតិបង្ហាញថា សម្លេងឆ្នោត​គាំទ្រការធ្វើអ​ន្តរកម្មថាមពល ឈានទៅប្រើថាមពលស្អាតស្អំ មានចំនួន ​៥៧%។

សូមបញ្ជាក់ថា ច្បាប់ថ្មីនេះមិន​បានកំណត់ហាមឃាត់ការប្រើ​ប្រាស់​ថាមពលបញ្ចេញ​ឧស្ម័នកាបូនិក ដូចជាប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិនោះទេ។ តែច្បាប់នេះ នឹងដាក់ចុះនូវវិធានការមួយចំនួន ដើម្បីជំរុញវិស័យថាមពល ឲ្យងាកចេញពី​ប្រភពថាមពលដែល​មិនស្អាតស្អំ។ ដើម្បីសម្រេចកម្មវត្ថុ​អព្យាក្រិត្យភាពកាបូន​ឆ្នាំ​២០៥០ ស្វ៊ីសនឹងបង្កើន​ការ​​ផលិត​ចរន្តអគ្គិសនីបានមកពីថាមពលកកើតឡើងវិញ ដែលមានជាអាទិ៍ ទំនប់វារីអគ្គិសនី និង​ផ្ទាំងសូឡាជាដើម​។

ទន្ទឹមគ្នានេះដែរ រដ្ឋស្វ៊ីសនឹងចំណាយ​ប្រាក់ ចំនួន​២០០លាន​ហ្វ្រង់ស្វ៊ីសក្នុងមួយឆ្នាំ ក្នុង​រយៈពេល​១០ឆ្នាំ ដើម្បី​ជំរុញលើកទឹកចិត្ត​ ជួយប្រជាជន​ស្វ៊ីស​ ឲ្យ​ងាកមកប្រើ​​ម៉ាស៊ីនកំដៅ ដែលគោរព​ក្រិត្យ​ក្រមបរិស្ថាន។ ក្រុមហ៊ុនឧស្សាហកម្មដែល​ស្រាវជ្រាវ រកឃើញវិធីសាស្ត្រ ឬផលិតផលបច្ចេកវិទ្យា ដែលអាចទប់ស្កាត់កុំឲ្យ​មានឧស្ម័ន​កាបូនិក អណ្តែតចូលបរិយាកាស ក៏នឹងអាចទទួល​បាននូវ​ថវិកាឧបត្ថម្ភដែរ។

គួរបញ្ជាក់ថា ស្វ៊ីសគឺជាប្រទេសសំបូរទៅដោយភ្នំ និងមានអាកាសធាតុត្រជាក់ ដែលតម្រូវ​ឲ្យ​ប្រើប្រាស់ចរន្តអគ្គិសនីច្រើន។ ចរន្តអគ្គីសនីស្វ៊ីសរំពឹងយ៉ាងខ្លាំង ទៅលើ​ថាមពលនុយក្លេអ៊ែររបស់បារាំង ព្រមទាំងធ្យូងថ្ម​ទិញពីអាល្លឺម៉ង់។ បញ្ហាថាមពលជាទូទៅ គឺជាចំណុចរសើបមួយ​សម្រាប់ស្វ៊ីស ដែល​បច្ចុប្បន្ននាំចូល​ប្រេង និង​ឧស្ម័ន​ប្រមាណ​ជា​៧៥% នៃតម្រូវការប្រើប្រាស់​ក្នុងស្រុក។ តែយ៉ាងណា ប្រជាជនស្វ៊ីសបានឃើញច្បាស់នឹងផ្នែក អំពីផលវិបាក​នៃវិបត្តិអាកាស ការកើនឡើងកំដៅ​ផែនដី ដែលកំពុង​គំរាម​ផ្ទាំងទឹកកកនៅលើភ្នំរបស់ស្វ៊ីស។ ទេសភាពភ្នំទឹកកកសក្បុស ដែលគេតែងតែឃើញនៅស្វ៊ីស ត្រូវបាន​អ្នកជំនាញព្រមានថា អាចនឹងមានសល់តែក្នុងរូបថតតែប៉ុណ្ណោះ ប្រសិនបើគ្មាន​វិធានការ​ដោះស្រាយទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ