អានតួអត្ថបទ
បារាំង

គ្រោះថ្នាក់ផ្ទុះ រលំបាក់អគារមួយកណ្តាលក្រុងប៉ារីស របួសធ្ងន់ស្រាលជាង​៣០នាក់

កាលពីរសៀល​ថ្ងៃពុធ ទី២១មិថុនា មានគ្រោះថ្នាក់​ផ្ទុះនៅអគារមួយ កណ្តាលទីក្រុងប៉ារីស បណ្តាល​ឲ្យ​មានអគ្គីភ័យ និង​បាក់រលំអគារ។ ​យ៉ាងហោចណាស់ មានមនុស្ស​របួសធ្ងន់ស្រាល ជាង​៣០នាក់។ យោងតាមការសង្ស័យ ហេតុការណ៍​នេះ​ អាចបណ្តាលមកពីការផ្ទុះ​បណ្តាញ​បំពង់ឧស្ម័ន។

អគារកើតហេតុ ផ្ទុះបាក់រលំទាំងស្រុង នៅលើផ្លូវ Saint Jaques ​សង្កាត់លេខ៥ក្រុងប៉ារីស ថ្ងៃទី ២១មិថុនា ២០២៣
អគារកើតហេតុ ផ្ទុះបាក់រលំទាំងស្រុង នៅលើផ្លូវ Saint Jaques ​សង្កាត់លេខ៥ក្រុងប៉ារីស ថ្ងៃទី ២១មិថុនា ២០២៣ AFP - GREGORY CUSTO
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បានកើតឡើង នៅវេលាម៉ោងប្រមាណ​ជិត៥ល្ងាច នៅអគារបុរាណ​មួយ ស្ថិតលើវិថី Saint Jacques ក្នុងសង្កាត់លេខ៥ ទីក្រុងប៉ារីស ជាប់នឹងរបងព្រះវិហារកាតូលិក Notre-Dame de Val-de-Grâce។ អគារដែលរងគ្រោះដោយ​ករណីផ្ទុះដ៏កក្រើកនេះ គឺជាទីតាំង​សាលារៀនច្នៃម៉ូដឯកជនមួយ ឈ្មោះ Paris American Academy។

សាក្សីជាច្រើនបានអះអាងថា សំឡេងផ្ទះបាន​លាន់ឮខ្លាំង ប្រៀបបាន​នឹងការទម្លាក់គ្រាប់បែក នឹងបានធ្វើឲ្យរញ្ជួយដល់អាគារក្បែរនោះ។ កម្លាំងផ្ទុះ បានរុញបំបែកកញ្ចក់អគារជាច្រើនដែលស្ថិតនៅជុំវិញនោះដែរ។ ភ្លាមៗក្រោយក្រោយហេតុការណ៍​នេះ សំឡេងស៊ីរ៉ែន ឡានទឹក និងរថយន្តសង្គ្រោះ បានបន្លឺកងរំពង​សឹង​ពេញ​ទីក្រុងប៉ារីស។ ក្រុមពន្លត់អគ្គីភ័យចំនួន ២៧០នាក់ ជាមួយនឹងរថយន្តសង្គ្រោះប្រមាណ​៧០គ្រឿង បានទៅដល់កន្លែងកើតហេតុ។

ក្រោមកម្លាំងផ្ទុះ និងអគ្គីភ័យ អគារបុរាណ​រងគ្រោះ បានបាក់រលំដល់ដីទាំងស្រុង។ យ៉ាងហោចណាស់ មានមនុស្ស​របួស​ធ្ងន់ស្រាល ចំនួន​៣៣នាក់ និងមាន១នាក់ បាត់ខ្លួនមិនទាន់រកឃើញនៅឡើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី​២២​មិថុនា។​ យោងតាមសមត្ថកិច្ចបារាំង គេបានពន្លត់អគ្គីភ័យមិន​ឲ្យ​ឆាបឆេះ ទៅ​អគារផ្សេងទៀត តែដោយឡែកអាគារដែលស្ថិតនៅជាប់និងអគារកើតហេតុ បានរងការប៉ះទង្គិចខ្លាំងដោយ​កម្លាំងផ្ទុះ ដែលតម្រូវឲ្យ​គេ​ជម្លៀសមនុស្សជាច្រើនគ្រួសារ​ ដែលរស់នៅ​ក្នុងអគារនោះ ទៅរក​ទីកន្លែងស្នាក់នៅបណ្តោះអាសន្ន។

ផ្អែកតាមតាមសាក្សី​ម្នាក់ស្ថិតនៅអាគារក្បែរនោះ គឺមុនពេលកើតហេតុប៉ុន្មាន​នាទី គេបាន​ធុំក្លិន​ឧស្ម័ន​ហ្កាសសាយ​ភាយយ៉ាងចម្លែក។ ក្នុងពេលដែលស្រ្តីម្នាក់​​ កំពុងតែចុចលេខទូរស័ព្ទ ហៅ​ក្រុមជំនាញ​មកពិនិត្យ​មែល ស្រាប់តែ​សំឡេងផ្ទុះបាន​បន្លឺកក្រើកឡើងតែម្តង។ លោកស្រី Laure Beccuauរដ្ឋអាជ្ញាអមតុលាការក្រុងប៉ារីស បានបញ្ជាក់ឲ្យដឹងថា យោងតាមធាតុផ្សំនានា គឺករណីនេះ ទំនងជាអាចបណ្តាល​មកពី ​ការផ្ទុះ​បណ្តាញ​បំពង់ឧស្ម័ន។ សមត្ថកិច្ចបានបើក​ការស៊ើបអង្កេត ស្តីពីករណី  “បង្ករបួសស្នាមដោយអចេតនា ដោយ​ការ​ធ្វេសប្រហែស ចំពោះកាតព្វកិច្ច​សន្តិសុខសុវត្ថិភាព” ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ