អានតួអត្ថបទ
បារាំង-សព្វាវុធ-បច្ចេកវិទ្យា

បារាំង​សាកល្បង ​យាន​សំកាំង​ល្បឿន​អ៊ីពែរសូនិក ជាលើកដំបូង

បារាំងកំពុងតែឈានជើង ចូលក្នុងការប្រកួតប្រជែងអាវុធអ៊ីពែរសូនិក។ យោងតាមប្រភពពីក្រសួងការ​ពារជាតិបារាំង​ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺបារាំង​បានធ្វើការសាកល្បង បង្ហោះ​យានសំកាំង​អ៊ីពែរសូនិក​ ជាលើកដំបូងបង្អស់ ដែលអាចហោះសំកាំង ក្នុងល្បឿនជាង​៦ពាន់គីឡូម៉ែត្រ ក្នុងមួយម៉ោង​​។ ជាការហោះសាកល្បង ក្នុងទិសដៅ​ប្រមូលទិន្នន័យ​ ស្តីពីភាពគួរឲ្យទុកចិត្ត​ នៃ​បច្ចេកវិទ្យាទំនើប ដែលគេប្រើ​នៅក្នុងយាន​ដ៏លឿនបំផុតមួយនេះ​។

រូបភាពផ្សព្វផ្សាយ​ដោយ​ អគ្គនាយកដ្ឋាន​គ្រឿងសព្វាវុធបារាំង DGA បង្ហាញពីការបង្ហោះយានសំកាំង​អ៊ីពែរសូនិក VMaX ថ្ងៃទី ២៦ មិថុនា ២០២៣
រូបភាពផ្សព្វផ្សាយ​ដោយ​ អគ្គនាយកដ្ឋាន​គ្រឿងសព្វាវុធបារាំង DGA បង្ហាញពីការបង្ហោះយានសំកាំង​អ៊ីពែរសូនិក VMaX ថ្ងៃទី ២៦ មិថុនា ២០២៣ © DGA
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលស្រង់ប្រភពពី​អគ្គនាយកដ្ឋានគ្រឿងសព្វាវុធបារាំង DGA គឺបារាំងបានដាក់លិខិតជូនដំណឹង ទៅកាន់សមត្ថកិច្ច​គ្រប់គ្រងចរាចរណ៍​ផ្លូវសមុទ្រអន្តរជាតិ ព្រមទាំងផ្លូវអាកាសផង ដើម្បី​បើក​ផ្លូវចំងាយ​ប្រមាណ​២០០០គីឡូម៉ែត្រ នៅខាងលើលំហនៃមហាសមុទ្រអាត្លង់ទិក ដើម្បី​ធ្វើការសាកល្បងយានអ៊ីពែរសូនិក ចន្លោះពីថ្ងៃទី​២៦ ដល់ថ្ងៃទី​៣០មិថុនា។ ការបង្ហោះសាក​ល្បង​យាន​គម្រូនេះ​ ត្រូវបាន​ធ្វើកាលពីល្ងាចថ្ងៃ​ចន្ទ ទី​២៦មិថុនា នៅឯមូលដ្ឋាន​អាកាស Biscarosse ភាគ​និរតីបារាំង​ ដោយ​គេបាន​ប្រើ​យានទម្រមួយ ហោះនាំវាឡើងទៅលើ ហើយ​បន្ទាប់មក​ព្រលែងវា​ឲ្យ​ហោះសំកាំង ក្នុងល្បឿនអ៊ីពែរសូនិក ពោលគឺដល់ទៅជាង​៦០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ក្រុមការងារជំនាញ កំពុងតែប្រមូលទិន្នន័យបានមកពី​ការហោះសាកល្បងជាលើកដំបូងនេះ ដើម្បីពិនិត្យ​មើលលើដំណើរការទូទៅ ក៏ដូចជា​​ចំណុចខ្វះខាត នៃ​បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលគេប្រើ​ក្នុងយាននេះ។

សូមរំលឹកថា គម្រោង​ស្ថាបនាយានអ៊ីពែរសូនិក​របស់បារាំងនេះ មានឈ្មោះថា គម្រោង VMaX (Véhicule manœuvrant expérimental) ត្រូវបាន​ផ្តួចផ្តើមឡើងនៅឆ្នាំ​២០១៩។ គឺក្រុមហ៊ុន ArianeGroup ដែលជាអ្នកទទួល​បន្ទុកស្ថាបនាផលិត​យានដំបូងនេះ​។ គម្រោងនេះ នឹងនាំបារាំង ឲ្យឈានជើងចូល​ក្នុងការប្រកួតប្រជែងគ្រឿងសព្វាវុធអ៊ីពែរសូនិក ក្នុងចំណោម​មហាអំណាចធំៗសមាជិក​ក្រុមប្រឹក្សាសន្តិសុខ ដែលមាន ចិន រុស្ស៊ី និងអាមេរិក។ ទន្ទឹមគ្នានេះ បារាំងកំពុងតែធ្វើការសិក្សា អំពីលទ្ធភាពដាក់បញ្ចូលបច្ចេកវិទ្យាអ៊ីពែសូនិក ទៅក្នុងការទំនើប​កម្មសព្វាវុធនុយក្លេអ៊ែរកំញើញ ដែលប្រើមីស៊ីលប្រភេទថ្មី ASN4G។

គួរបញ្ជាក់គ្រឿងសព្វាវុធ​បំពាក់ដោយ​បច្ចេកវិទ្យាអ៊ីពែរសូនិក មាន​លក្ខណៈពិសេស ល្អលើស​បច្ចេកវិទ្យាបាលីស្ទិក ត្រង់ថា វារត់បាន​ក្នុងយ៉ាងលឿន បូកបន្ថែមជាមួយ​លទ្ធភាពបញ្ជាពីចំងាយ​ បត់បែនប្តូរទិសដៅ ធ្វើមិនឲ្យគេអាចដឹងមុនបាន​ អំពីផ្លូវឆ្លងកាត់។ ផ្អែកតាមអ្នកជំនាញ ក្នុងរយៈពេល​ហោះប្រមាណជាង​១០នាទី សត្រូវអាចមានពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដើម្បី​វាយ​កម្ទេច​។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នគេដឹងថា​ រុស្ស៊ី​មានអាវុធមីស៊ីលអ៊ីពែរសូនិក ចំនួនយ៉ាងហោច២ប្រភេទ គឺ Zircon និង Kinjal ដែល​លោកពូទីនខ្លួនឯង ធ្លាប់បានអួត កាលពីឆ្នាំ​២០១៨ថា គ្មាននរណា​អាចចាប់ស្ទាក់កម្ទេចបានទេ។ តែយ៉ាងណា អ៊ុយក្រែនបានអះអាងថា បានបាញ់ស្ទាក់កម្ទេចបានជាច្រើនគ្រឿង។ យោងតា​​មជម្ឈមណ្ឌលស្រាវជ្រាវនៃ​សភាខុនហ្ក្រេសអាមេរិក គឺរុស្ស៊ី​ក៏មាន​យាន​សំកាំង​អ៊ីពែរសូនិកមួយប្រភេទដែរ ឈ្មោះ Avangard។

ប្រភពដដែលនេះ អះអាងថា ចំណែកចិនវិញ បានសាកល្បងចំនួន៩លើក នូវ​យានសំកាំងអ៊ីពែរសូនិក ឈ្មោះ DF-ZF គិតចាប់​តាំងពីឆ្នាំ​២០១៤ ដោយ​ប្រើមីស៊ីល​បាលីស្ទីក DF-17 ជាអ្នកបាញ់បង្ហោះឡើង។ ដោយឡែកអាមេរិកបានទទួលស្គាល់ថាខ្លួន​កំពុងដើរយឺតក្នុងវិស័យនេះ ហើយ​បាន​បញ្ចេញកញ្ចប់ថវិកាចំនួន​២២០០លានដុល្លារ កាលពីឆ្នាំ​២០២២ ដើម្បីពន្លឿនកម្មវិធីអាវុធអ៊ីពែរសូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ