អានតួអត្ថបទ
បារាំង

អំពើហិង្សាផ្ទុះសឹងពាសពេញបារាំង​​ នៅយប់ថ្ងៃទី២ក្រោយយុវជន​Nahel ត្រូវនគរបាល​បាញ់

នៅបារាំង អំពើហិង្សាអនាធិបតេយ្យ ដុតរថយន្ត និង​វាយ​បំផ្លាញ​ទ្រព្យស​ម្បត្តិសាធារណៈ បាន​បន្តកក្រើកឡើងយ៉ាងខ្លាំង សឹងទូទាំងប្រទេស កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍​នេះ​។ ជាចលនាហិង្សាយ៉ាងកម្រោល ដែលបាន​ផុសផុលឡើង ក្រោយ​ការស្លាប់​របស់យុវជនអាយុ១៧ឆ្នាំម្នាក់ ឈ្មោះ Nahel ដែលត្រូវបាន​នគរបាល​បារាំង បាញ់បណ្តាល​ឲ្យស្លាប់ ​ក្នុងពេល​ត្រួតពិនិត្យ​ចរាចរណ៍​ កាលពីថ្ងៃអង្គារ​ទី​២៧មិថុនា​ នៅជាយខាងលិចក្រុងប៉ារីស។ រដ្ឋាភិបាលបារាំង បានប្រជុំបន្ទាន់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បី​រកវិធានការទប់ស្កាត់​បាតុកម្ម​ហិង្សាដ៏គ្រោះថ្នាក់នេះ​។

បាតុករហិង្សា កំពុងដុតបំផ្លាញរថយន្ត និងគុប​កាំជ្រួចភ្លើងទៅកាន់សមត្ថកិច្ចនគរបាល នៅតំបន់ Nanterre ជាយខាងលិចលក្រុងប៉ារីស យប់ថ្ងៃពពុធ ទី២៨ មិថុនា ២០២៣
បាតុករហិង្សា កំពុងដុតបំផ្លាញរថយន្ត និងគុប​កាំជ្រួចភ្លើងទៅកាន់សមត្ថកិច្ចនគរបាល នៅតំបន់ Nanterre ជាយខាងលិចលក្រុងប៉ារីស យប់ថ្ងៃពពុធ ទី២៨ មិថុនា ២០២៣ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

យោងតាម​លោក​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង យ៉ាងហោងណាស់ មានបាតុករហិង្សា​ចំនួន​១៥០នាក់ ត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍។ បាតុកម្មចលាចលហិង្សា បានដុតយ៉ាងកក្រើកនៅក្នុងទីក្រុង​ប៉ារីស និងជាពិសេសជាយទីក្រុង សឹងតែគ្រប់ទីកន្លែង។ រថយន្តឯកជន រថយន្តក្រុង ជម្រកស្ថានីយ៍រថយន្តក្រុង ជាច្រើនទីតាំង ត្រូវបាន​ដុតបំផ្លាញ​។ ក្រុម​បាតុករហិង្សា បាន​វាយបំផ្លាញ​អគារ​ស្នងការដ្ឋាននគរបាលសង្កាត់ និង​សាលារៀនជាដើម។

សាលាឃុំ សាលាក្រុងជាច្រើនកន្លែង បានរងនូវការវាយ​បំផ្លាញ និង​ត្រូវឆាបឆេះដោយ​អគ្គីភ័យ បង្កឡើយដោយ​ការ​គុប​ភ្លើង​កាំជ្រួចរបស់ពួកបាតុករ។ ទីតាំង​យាមសន្តិសុខ នៅមន្ទីរឃុំឃាំងដ៏ធំមួយ​ជាយក្រុងប៉ារីស ក៏ត្រូវបាន​ក្រុម​ជន​បិទមុខ ចូលមកវាយ​ដុតបំផ្លាញដែរ​។ នៅសង្កាត់Clamart ជាយខាងត្បូងក្រុងប៉ារីស ក្រុមបាតុករបានដុតបំផ្លាញ​ យាន​ត្រាំវ៉ាមួយខ្សែ។ ចលនាបាតុកម្មដ៏កម្រោលនេះ បានកើតឡើងនៅតាមទីក្រុងផ្សេងៗទៀត សឹងពាសពេញប្រទេសបារាំង តួយ៉ាង នៅក្រុងរូអង់ នៅទូលូហ្ស និងលីយ៉ុង និង​ទីក្រុងនីស ជាដើម។ ជនឆក់ឱកាសខ្លះ បានវាយបំផ្លាញ​ហាងទំនិញ និងបានចូលទៅប្រមូល​យក​ទំនិញមានតម្លៃ យ៉ាងអនាធិបតេយ្យ​បំផុត​។

លោក​ប្រធានាធិបតីម៉ាក្រុង បានថ្លែងថា អំពើហិង្សាដ៏កម្រោលទាំងនេះ គឺជារឿងដែលមិនអាចអត់ឱនឲ្យ​បានជាដាច់ខាត។ ព្រឹកថ្ងៃព្រហស្បតិ៍ លោក​បានកោះប្រជុំបន្ទាន់ ដោះស្រាយ​វិបត្តិ ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់ចុះនូវវិធានការ ទប់​ភ្លើង​កំហឹងដ៏កម្រោលនេះ។

សូមបញ្ជាក់ថា ចលនាបាតុកម្មហិង្សាទូទាំងប្រទេសនេះ បានផ្ទុះឡើងបន្ទាប់ពី​មានយុវជនម្នាក់ឈ្មោះ Nahel អាយុ១៧ឆ្នាំ ត្រូវបាន​នគរបាល​បាញ់​បណ្តាលឲ្យស្លាប់ នៅក្រុង​​ Naterre ជាយខាងលិចក្រុងប៉ារីស​ ដោយ​សារយុវជននេះ មិនព្រមឈប់រថយន្តទៅតាមការឃាត់របស់នគរបាល​។ ការប្រើប្រាស់អាវុធ ធ្ងន់ហួសប្រមាណរបស់សមត្ថកិច្ចនគរបាល​ ដែលបាន​បំផុស​ឲ្យ​កក្រើកនូវមតិរិះគន់ ថានគរបាល​បារាំង​កាន់តែហិង្សាដាក់​ប្រជាពលរដ្ឋ​។

ព្រឹកថ្ងៃព្រហស្បតិ៍ទី២៩មិថុនានេះ អយ្យការអមតុលាការ ក្រុង​Nanterre បានប្រកាសថា នឹងបន្ត​ឃុំខ្លួននគរបាលដែលជាអ្នកបាញ់​បណ្តាល​​ឲ្យ​ស្លាប់​យុវជនឈ្មោះ Nahel។ នគរបាលនេះ កំពុងប្រឈមនឹងបទចោទប្រកាន់ មនុស្សឃាតដោយចេតនា។ ដោយ​ឡែក ម្តាយ​របស់ជន​រងគ្រោះ បានប្រកាស​រៀបចំការដើរក្បួនស្ងាត់ស្ងៀម ក្នុងពេលរសៀល​ថ្ងៃព្រហស្បតិ៍​ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ នៅទីតាំងកើតហេតុ​។ មានការព្រួយ​បារម្ភថា បារាំងអាចនឹងឈានចូលទៅក្នុងកាលៈទេសៈ ហិង្សាចលាចលអនាធិបតេយ្យទប់លែងជាប់​​ ដោយសារតែ​ក្រុមយុវជនក្មេងៗ លាយឡំនឹងក្រុមអន្ធពាល​ផង ចេញធ្វើសកម្មភាព​ហិង្សាវាយ ដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ