អានតួអត្ថបទ

Unicef៖មានស្លាប់កូនក្មេងចំនួន ២៨៩នាក់ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ ២០២៣

អង្គការ Unicef បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី១៤ កក្កដា​ថា មាន​ស្លាប់​កូនក្មេង​ចំនួន ២៨៩នាក់​នៅ ៦ខែ​ដើម​ឆ្នាំ ២០២៣ ដោយសារ​តែ​ពួក​គេ​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​សមុទ្រ​មេឌីទែរ៉ាណេ​ទៅ​កាន់​ទឹកដី​អឺរ៉ុប។ តាម Unicef ចំនួន​នេះ​បាន​កើន​ទ្វេ​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២២។ ដើម្បី​បញ្ជៀស​ការ​ផ្សងព្រេង​របស់​កូនក្មេង​តាម​សមុទ្រ​មេឌីទែរ៉ាណេ Unicef បាន​អំពាវនាវ​ឲ្យ​បង្កើត​ច្រករបៀង​មនុស្សធម៌​ដែល​មាន​សុវត្ថិភាព​អនុញ្ញាត​ឱ្យ​កូនក្មេង​ស្វែង​រក​ទីជម្រក​នៅ​ទឹកដី​អឺរ៉ុប។

Unicef ថា មានស្លាប់កូនក្មេងចំនួន ២៨៩នាក់ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេនៅ ៦ខែ​ដើមឆ្នាំ ២០២៣
Unicef ថា មានស្លាប់កូនក្មេងចំនួន ២៨៩នាក់ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេនៅ ៦ខែ​ដើមឆ្នាំ ២០២៣ AFP - VINCENZO CIRCOSTA
ផ្សាយពាណិជ្ជកម្ម

លោកស្រី​វេរេណា ខ្នាអូស អ្នកទទួលខុសត្រូវ​ចំពោះ​ជនចំណាកស្រុក និង​ជនបម្លាស់ទី​របស់​អង្គការ Unicef បាន​ថ្លែង​ថា នៅ ៦ខែ​ដើម​ឆ្នាំ ២០២៣ នេះ មាន​កូនក្មេង​ចំនួន ១១ ៦០០នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​​សមុទ្រ​មេឌីទែរ៉ាណេ។ ចំនួន​នេះ​បាន​កើន​ទ្វេដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២២។ ចំណែក​អ្នក​ស្លាប់​ដែល​មាន ២៨៩នាក់​ក៏​ជា​ចំនួន​ទ្វេដង​ដែរ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២២។ តែ​លោកស្រី​វេរេណា ខ្នាអូស​មិន​ភ្លេច​បញ្ជាក់​ថា តួលេខ​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ ព្រោះ​មាន​ការ​លិច​ទូក ឬ​កាណូត​ជា​ច្រើន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​មិន​បាន​កត់ត្រា​ទុក ឬ​មួយ​ក៏​មិន​បាន​បន្សល់​ទុក​អ្នក​នៅ​រស់រាន​មាន​ជីវិត។

តាម​អង្គការ Unicef កូនក្មេង​ចំនួន ៣ ៣០០នាក់​ដែល​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​មេឌីទែរ៉ាណេ​ក្នុង​រយៈពេល ៣ខែ​ដើម​ឆ្នាំ ២០២៣ មិន​មាន​អ្នក​អមដំណើរ​ជាមួយ ឬ​មួយ​ក៏​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្រួសារ​របស់​ពួក​គេ។ ចំនួន​នេះ​មាន ៣ដង​ច្រើន​ជាង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២២។ មួយ​វិញ​ទៀត​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ កូនក្មេង​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ការ​ធ្វើ​ទារុណកម្ម ការ​ជួញដូរ និង​ការ​ចាប់​រំលោភ ហើយ​ក្មេងស្រី​ជា​អ្នក​ងាយរងគ្រោះ​ខ្លាំង​ជាង​គេ។ លោកស្រី​វេរេណា ខ្នាអូស​បាន​បញ្ជាក់​ថា រឿងរ៉ាវ​ទាំង​អស់​ជា​ការ​ពិត​គួរ​ឲ្យ​តក់ស្លុត។

តាម​អ្នកទទួលខុសត្រូវ​ចំពោះ​ជនចំណាកស្រុក និង​ជនបម្លាស់ទី​របស់​អង្គការ Unicef រូប​នេះ​ដដែល កូនក្មេង​ទាំង​នេះ​មិនមែន​កំពុង​ស្លាប់​នៅ​ក្រោម​ក្រសែ​ភ្នែក​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ហាក់​កំពុង​ស្លាប់​នៅ​ពេល​ដែល​យើង​បិទភ្នែក​ធ្វើ​ជា​មិន​ឃើញ​ទៀត​ផង។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​វេរេណា ខ្នាអូស​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់។ អ្វី​ដែល​លោកស្រី​វេរេណា ខ្នាអូស​ចង់​បាន គឺ​ការ​បង្កើត​ឲ្យ​មាន​ច្រករបៀង​មនុស្សធម៌​សុវត្ថិភាព​ដែល​អនុញ្ញាត​ឲ្យ​កូនក្មេង​ស្វែង​រក​ទីជម្រក​នៅ​លើ​ទឹកដី​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ