អានតួអត្ថបទ
អង់គ្លេស ជនអន្តោប្រវេសន៍

ជនអន្តោប្រវេសន៍ជាង​៤ម៉ឺននាក់​ប្រថុយជីវិត​ឆ្លងសមុទ្រ​មរណៈ សំដៅអង់គ្លេស​នៅឆ្នាំ ២០២២

ទោះត្រូវប្រថុយជីវិត​ឆ្លងសមុទ្រ​មរណៈ​ពី​បារាំង​ទៅ​អង់គ្លេស និង​នយោបាយកាន់តែ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​អង់គ្លេស ជនអន្តោប្រវេសន៍​នៅតែ​មិនរារែក បោះបង់ចោល​គោលដៅ​របស់​ខ្លួន។ តាម​តួលេខ​របស់​ក្រសួងការពារ​ជាតិ​អង់គ្លេស​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP នៅក្នុងរយៈពេល​មួយឆ្នាំ ២០២២ មនុស្ស​ជាង ៤៥០០០នាក់ប្រើ​មធ្យោបាយជិះទូកពោង​ដើម្បីធ្វើដំណើរ​ខុសច្បាប់​ចូល​ទឹកដីអង់គ្លេស។

ឆ្មាំសមុទ្រអង់គ្លេសស្ទាក់​ឃាត់​ទូក​ពោង​ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ដែលមាន​ដំណើរ​ចេញពីឆ្នេរបារាំង នៅ ខែ​កញ្ញា​ឆ្នាំ ២០២១
ឆ្មាំសមុទ្រអង់គ្លេសស្ទាក់​ឃាត់​ទូក​ពោង​ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ដែលមាន​ដំណើរ​ចេញពីឆ្នេរបារាំង នៅ ខែ​កញ្ញា​ឆ្នាំ ២០២១ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

២០២២​ ​បំបែកឯតទគ្គកម្ម​ជាឆ្នាំដែលសំបូរ​​​​ជនអន្តោប្រវេសន៍ជិះទូកខុសច្បាប់​ចូល​ប្រទេស​អង់គ្លេស។ នៅឆ្នាំ ២០២១ ជនអន្តោប្រវេសន៍​ដែល​ធ្វើដំណើរ​ឆ្លងសមុទ្រ​ដោយ​ខុសច្បាប់​ចូល​អង់គ្លេស​​ មានចំនួន​២៨ ៥២៦នាក់ ដែលនេះជា​ចំនួន​ដ៏ច្រើន​មិនធ្លាប់​មាន។ ប៉ុន្តែ នៅ​ឆ្នាំ ២០២២ ចំនួនជនអន្តោប្រវេសន៍​ដែល​ផ្សងគ្រោះថ្នាក់​ជិះទូក​ឆ្លងសមុទ្រ​មរណៈ​ពី​ឆ្នេរសមុទ្រ​បារាំង ទៅកាន់​ទឹកដី​អង់គ្លេស​បាន​កើនឡើង​ដល់កម្រិត​កំពូល​ ៤៥ ៧៥៦នាក់។

តាម​សមាគម និង​អង្គការ​ជួយសង្រ្គោះ នៅ​ច្រកសមុទ្រ​La Manche ដែលជាព្រំដែនទឹកបារាំង និងអង់គ្លេស ​ជនអន្តោប្រវេសន៍​ដែល​ប៉ុនប៉ង ឆ្លងដែន​ខុសច្បាប់​ចូលទៅ​អង់គ្លេស តាមមធ្យោបាយ ទូកពោងមាន​ចំនួន​កាន់តែ​ច្រើន។ តាមធម្មតា សកម្មភាពដឹកមនុស្ស​តាម​ទូកពោង​ ​រមែង​កើតមានច្រើននៅពេល​មេឃស្រឡះ នៅ​រដូវ​ក្តៅ ដើម្បីជៀសវាង​គ្រោះថ្នាក់​លិចក្នុង​សមុទ្រ។ ប៉ុន្តែ នៅ​ឆ្នាំ ២០២២ សូម្បី​នៅរដូវរងារ ទឹកសមុទ្រ​ត្រជាក់រឹងថ្គាម មេឃស្រអាប់ ពិបាក​មើលផ្លូវ គេនៅតែ​សង្កេត​ឃើញ​ទូកឈ្មួញលួចដឹកជនអន្តោប្រវេសន៍​ខុសច្បាប់​សំដៅ​ឆ្នេរអង់គ្លេស​។ នៅ​ចុងខែ​វិច្ឆិកា​ ជនអន្តោប្រវេសន៍​​២៧នាក់ ស្លាប់​នៅពេល​ទូកពោង​លិច​ក្នុងសមុទ្រ​។ ជនអន្តោប្រវេសន៍​បានយកជម្រើសធ្វើដំណើរ​តាម​ទូកពោង ​ជាជម្រើស​ចុងក្រោយ ដើម្បីលួច​ឆ្លងដែន​ខុសច្បាប់​ទៅអង់គ្លេស បន្ទាប់ពី អង់គ្លេស និង​បារាំងបានរឹតបន្តឹងការត្រួតពិនិត្យ លំហូរ​ជនអន្តោប្រវេសន៍តាម​ច្រកកំពង់ផែ។

ទប់ស្កាត់​លំហូរជនអន្តោប្រវេសន៍​ជានយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្រ្តី​ថ្មីរបស់អង់គ្លេស។ នៅក្នុង​សារអបអរឆ្នាំថ្មី ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្តី រីស៊ី ស៊ូណាក់បានសន្យា​អនុវត្ត​នយោបាយ​រឹតបន្តឹងព្រំដែន។

នៅឆ្នាំ មុន អង់គ្លេស​បាន​ចុះកិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាសជាមួយ​ប្រទេស​រវ៉ាន់ដា ដើម្បីឲ្យរវ៉ាន់ដា​ទទួល​យក​ជនអន្តោប្រវេសន៍​ខុសច្បាប់ដែល​អង់គ្លេស​បណ្តេញចេញ ទាំងនៅមុន​ការដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន។ ដោយសារ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​ប្រឆាំង គម្រោងការចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់​ទៅរវ៉ាន់ដា ត្រូវ​ផ្អាកទៅវិញ ប៉ុន្តែ រដ្ឋាភិបាល​អង់គ្លេស​គ្រោង​នឹង​អនុវត្តឡើងវិញ នៅក្រោយ​ការបើកភ្លើងខៀវរបស់​តុលាការ​អង់គ្លេស​កាលពីពេលថ្មីៗនេះ។

គោលដៅ​របស់​រដ្ឋាភិបាលអង់គ្លេស​គឺ​បំបាក់ទឹកចិត្ត​កុំ​ឲ្យ​ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ខុសច្បាប់​តាមទូក​​ចូល​អង់គ្លេស។ ម្យ៉ាង​ដើម្បី​បំផ្លាញប្រភពចំណូល​របស់​ក្រុមឈ្មួញទុច្ចរិតដែល​លួចដឹកមនុស្ស​ខុសច្បាប់តាមទូក​ពោង​គ្មាន​សុវត្ថិភាព។ ប៉ុន្តែ ការប៉ុនប៉ង​របស់​រដ្ឋាភិបាលអង់គ្លេស​នៅតែ​មិនសម្រេច​ជោគជ័យ​។ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលមាន​ប្រភពមកពីប្រទេស​អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន យេម៉ែន អាល់បានីជាដើម នៅតែ​ប្រថុយជីវិត​ធ្វើដំណើរ​​តាម​ទូកឆ្លងសមុទ្រសំដៅ​អង់គ្លេស។ ប្រឈម​នឹង​លំហូរ​ជនអន្តោប្រវេសន៍ខុសច្បាប់ រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី​ស៊ូណាក់ កាលពីពេលថ្មីៗនេះ បាន​ប្រកាសវិធានការថ្មីៗ​បន្ថែមទៀត ដូចជា​​បង្កើតក្រុមពិសេស​ប្រឆាំង​ឈ្មួញដឹកមនុស្ស​ខុសច្បាប់ និង​ការប្រើប្រាស់​បន្ទាយទាហាន​ កន្លែងស្នាក់នៅ​របស់​និស្សិតសម្រាប់​ដាក់​ជនអន្តោប្រវេសន៍ខុសច្បាប់។ ជា​វិធានការ​កាត់បន្ថយការចំណាយ​របស់រដ្ឋាភិបាល​ ព្រោះថា រហូតមកដល់​ពេលនេះ ជនអន្តោប្រវេសន៍​ខុសច្បាប់ដែលកំពុងដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអង់គ្លេស ត្រូវ​រដ្ឋាភិបាល​យកទៅដាក់​នៅសណ្ឋាគារ។

ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​លំហូរជនអន្តោប្រវេសន៍ អង់គ្លេស​គ្រោងផងដែរ​ថា នឹង​បង្កើត​ច្បាប់​ដែល​រារាំង​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ដែលធ្វើដំណើរ​ដោយខុសច្បាប់​ចូលអង់គ្លេស អាច​ស្នាក់ ស្ថិតនៅ​ក្នុងទឹកដីអង់គ្លេស នៅក្រោយ​ការចាប់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ