អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោកហ្សេឡេនស្គីសន្យាសងសិកវិញ ក្រោយ​រុស្ស៊ីវាយ​​បំផ្លាញ​ព្រះវិហារសម្បត្តិបេតិកភណ្ឌយូណេស្កូ នៅអូដេសា

នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ កងទ័ពរុស្ស៊ីបាន​វាយប្រហារយ៉ាងដំណំ ជាថ្មីម្តងទៀត មកលើទី​ក្រុង​អូដេសា របស់អ៊ុយក្រែន​។ យោងតាម​អាជ្ញាធរអ៊ុយក្រែន គឺមានមនុស្ស​ស្លាប់យ៉ាងហោច២នាក់​ និងរបួសចំនួន​២២នាក់​។ បន្ថែមពីនេះ មីស៊ីលរបស់រុស្ស៊ី បានបណ្តាល​ឲ្យ​បាក់បែក​ ព្រះវិហារបុរាណធំបំផុត កណ្តាលក្រុងអូដេសា ដែលចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ព្រះវិហារ Transfiguration សម្បត្តិបេតិកភណ្ឌយូណេស្កូ រងការខូចខាតយ៉ាងដំណំ ដោយសារមីស៊ីលរបស់រុស្ស៊ី យប់ថ្ងៃទី​២២កក្កដា២០២៣។ ក្រុងអូដេសា អ៊ុយក្រែន ថ្ងៃទី​២៣កក្កដា​២០២៣
ព្រះវិហារ Transfiguration សម្បត្តិបេតិកភណ្ឌយូណេស្កូ រងការខូចខាតយ៉ាងដំណំ ដោយសារមីស៊ីលរបស់រុស្ស៊ី យប់ថ្ងៃទី​២២កក្កដា២០២៣។ ក្រុងអូដេសា អ៊ុយក្រែន ថ្ងៃទី​២៣កក្កដា​២០២៣ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

យោងតាមលោក Oleg Kiper អភិបាលក្រុងអូដេសា នៅវេលាម៉ោងប្រមាណ​៣ទាបភ្លឺ រុស្ស៊ីបាន​បាញ់​ប្លោង​មីស៊ីល​មកផ្ទួនៗ ចំនួន​យ៉ាងហោច​១៩គ្រាប់ សំដៅ​កំទេចទីក្រុង​អូដេសា ដែលជាទីក្រុង​ចុះបញ្ជីក្នុង​សម្បតិ្តបេតិកភណ្ឌរបស់យូណេស្កូ។ ព្រះវិហារ អកតូដុក្ស La Transfiguration ដែលជាសម្បតិ្តបេតិកភណ្ឌធំបំផុតនៃទីក្រុងនេះ បានរងការខូចខាតយ៉ាងដំណំ​។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ មានស្លាប់​ប្រជាជនស៊ីវីលចំនួន​២នាក់ របួស២២នាក់ ក្នុងនោះកុមារ​៤នាក់។​

នេះគឺជាលើកទី២ហើយ ដែលរុស្ស៊ី​បានវាយ​ប្រហារ បាញ់​ប្លោងគ្រាប់​មកកាន់ទីក្រុង​អូដេសា ទីក្រុងកំពង់ផែ​​ភាគខាងត្បូង​អ៊ុយក្រែន ជាប់មាត់សមុទ្រខ្មៅ បន្ទាប់ពី​រុស្ស៊ី​បានបិទបញ្ចប់កិច្ច​ព្រមព្រៀង​​នាំចេញគ្រាប់ធញ្ញជាតិ​។ ក្រៅពី​បានវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ មកលើទីតាំង ឃ្លាំង​ស្តុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន រុស្ស៊ីបាន វាយប្រហារផងដែរ ទៅលើអគារបុរាណ និង​សារៈមន្ទីរ នៃទីក្រុង​អូដេសា ដែលជាទីក្រុងបុរាណ​ចុះបញ្ជីបេតិកភណ្ឌពិភពលោក​។ កាលពីថ្ងៃសុក្រ អង្គការ​យូណេស្កូ បានថ្កោលទោសចំពោះអំពើនេះ របស់រុស្ស៊ី​។

ក្រោយ​ការ​វាយ​ប្រហារសារជាថ្មីរបស់រុស្ស៊ី​ នៅវេលាទាបភ្លឺថ្ងៃអាទិត្យនេះ ដែលបាន​បំផ្លាញ​ព្រះវិហារសម្បតិ្តបេតិកភណ្ឌពិភពលោកនៅក្រុងអូដេសា​ លោក​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អ៊ុយក្រែន បានចាត់ទុកថា វាគឺជា ឧក្រិដ្ឋកម្មសង្គ្រាម​យ៉ាងប្រាកដណាស់ ដែលរុស្ស៊ីកំពុងតែធ្វើ។ ឧក្រិដ្ឋកម្មសង្គ្រាម ដែលអ៊ុយក្រែន​នឹងមិនអាចបំភ្លេចបាន ហើយ​មិនអាចអភ័យទោសឲ្យ​បានជាដាច់ខាត​។ លោក​ប្រធានាធិបតី​ វ្លូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែងសារតាមវីដេអូ ដោយ​លោកសន្យាថា អ៊ុយក្រែននឹងសកសិកវិញ តាមរយៈការវាយប្រហារ​នៅក្នុងទឹកដីរុស្ស៊ី ចំពោះអ្វីដែលរុស្ស៊ីបានធ្វើមកលើក្រុងអូដេសា។

ដោយឡែក កងទ័ពរុស្ស៊ីបានអះអាងថា រុស្ស៊ីបានវាយ​ប្រហារ ហើយនឹងបន្តការវាយ​ប្រហារ នៅគ្រប់ទីតាំងទាំងអស់ ដោយ​មិនរើសមុខ ឲ្យតែទីតាំងនោះ ជាកន្លែងប្រភព រៀបចំប្រតិបត្តិការ​វាយប្រហារភេរវកម្ម​ មកលើទឹកដីរុស្ស៊ី។ គួរបញ្ជាក់ដែរថា នៅថ្ងៃអាទិត្យទី​២៣កក្កដានេះ លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែជួបជាមួយ​លោកលូកាឆិនកូ ប្រធានាធិបតីបេឡារុស នៅក្រុងសាំងប៉េតេសបួរ ដើម្បីនិយាយអំពីសម្ព័ន្ធភាពយុទ្ធសាស្ត្រ។ ផ្អែកតាមបណ្តាញព័ត៌មានរុស្ស៊ី​ មេដឹកនាំទាំង២នឹងនិយាយគ្នាតែ២នាក់ រយៈពេល​២ថ្ងៃឯណោះ ដោយលោក​ពូទីន​បានបញ្ជាក់ប្រាប់ទៅ​លោក​លូកាឆិនកូថា លោក​បានប្តូរផែនការខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ