អានតួអត្ថបទ
បារាំង

លោក​ម៉ាក្រុង អះអាងថាបារាំងត្រូវតែពង្រឹងសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីដោះស្រាយ​បញ្ហាហិង្សារបស់យុវជន

ពីទីក្រុងនូម៉េអា កោះនូវែលកាឡេដូនី លោក​ប្រធានាធិបតីម៉ាក្រុង បានផ្តល់បទសម្ភាសន៍​ឲ្យទូរទស្សន៍​បារាំង កាលពីរសៀលថ្ងៃចន្ទម្សិលមិញ។ គឺជាឱកាស ដែលលោក​ម៉ាក្រុង ត្រូវថ្លែងប្រាប់ប្រជាជនបារាំងអំពីគោលជំហរ ក៏ដូចជា​ការងារដឹកនាំរបស់​លោកទៅថ្ងៃខាងមុខ បន្ទាប់ពីបារាំង បានពើបប្រទះនឹងភាពចលាចលហិង្សាយ៉ាងខ្លាំងក្លាបំផុត បង្កឡើងដោយយុវជនក្មេងៗ កាលពី​ចុងខែ​មិថុនា។

​លោកម៉ាក្រុង ពេលឆ្លើយបទសម្ភាសន៍ តាមទូរទស្សន៍ ពីទីក្រុង Noumea កោះនូវែលកាឡេដូនី ថ្ងៃទី២៤កក្កដា២០២៣
​លោកម៉ាក្រុង ពេលឆ្លើយបទសម្ភាសន៍ តាមទូរទស្សន៍ ពីទីក្រុង Noumea កោះនូវែលកាឡេដូនី ថ្ងៃទី២៤កក្កដា២០២៣ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ឆ្លើយនឹងសំណួរអ្នកកាសែត ដែលចោទសួរថា អ្វីទៅជាមេរៀនដកពិសោធន៍​ ក្រោយ​ភាពចលាចលហិង្សាកន្លងមកនេះ លោកម៉ាក្រុង​ បាន​លើកឡើងថា ភាពចំបាច់បំផុតដែល​លោក​នឹងចាប់ផ្តើម​ធ្វើ គឺការស្តារ ពង្រឹង​សណ្តាប់ធ្នាប់សង្គមឡើងវិញ។ ការពង្រឹងសណ្តាប់ធ្នាប់ ទប់ស្កាត់អំពើហិង្សារបស់​យុវជនក្មេងៗ ដែលលោកម៉ាក្រុងអះអាងថា ត្រូវតែធ្វើដោយ​មានការចូលរួម​ពីឱពុកម្តាយ​អាណាព្យាបាល​។

01:46

សម្រង់​សំដី​លោក​ម៉ាក្រុង ដែលផ្តល់បទសម្ភាសន៍ ពី​ក្រុងនូម៉េអា ថ្ងៃទី២៤កក្កដា២០២៣

"មេរៀនដែលខ្ញុំបានស្រង់មក ទី១​គឺ​សណ្តាប់ធ្នាប់ សណ្តាប់ធ្នាប់​! ទី២ គឺថាប្រទេសយើង ត្រូវការស្តារឲ្យ​មាន​ឡើងវិញ នូវ​អាជ្ញាគ្រប់គ្រង​ នៅគ្រប់លំដាប់ថ្នាក់ទាំងអស់។ ជាបឋម គឺត្រូវចាប់ផ្តើម​ ពីក្នុងគ្រួសារនីមួយៗ។ ត្រង់នេះហើយ ដែលខ្ញុំនឹងចាប់ផ្តើមធ្វើ​ការ​ងារនេះ នៅចុងរដូវក្តៅនេះ ដើម្បីរៀបចំ​ពង្រឹងអំណាចរបស់ឪពុកម្តាយ ក្នុង​ការ​​អប់រំគ្រប់គ្រងកូន​​។​

បញ្ហារបស់ក្មេងៗហិង្សាទាំងនេះ មិនមែន​សាលារៀន ឬនគរបាលអាចទៅដោះស្រាយ កែប្រែពួកគេបានទេ។ យើងត្រូវដោះស្រាយបញ្ហា នៅឯប្រភព​របស់វា គឺក្នុង​ក្រុមគ្រួសារ​របស់ពួកគេ។​ គឺយើងត្រូវ​តែធ្វើ​ឲ្យ​គ្រួសារ​ មានការទទួលខុសត្រូវ និងចាំជួយគ្រួសារទាំងនោះ។ ហើយយើងក៏ត្រូវតែ​ ចំណាយ​កម្លាំងថាមពល និងថវិកា ដើម្បីជួយ​យុវជនរបស់យើងឲ្យ​ដើរលើផ្លូវ​ល្អឡើងវិញ ឲ្យ​ពួកគេមាន​ក្របខណ្ឌមានវិន័យ។

មេរៀនមួយទៀត ដែលខ្ញុំបាន​ដកពិសោធន៍​ដែរ គឺថា​វាអាចជាចំណុចខ្សោយរបស់​ប្រទេសយើងក៏ថាបានដែរ គឺកន្លងមករាប់ទសវត្សហើយ​ ដែល​យើងបានយកបញ្ហា ទៅប្រមូល​ផ្តុំនៅតែតាមទីតាំង​ ឬតំបន់​ខ្លះមួយចំនួន​។ ដូច្នេះការងារនេះ គឺយើងនឹងចាប់ផ្តើមធ្វើ​ ដើម្បីពិចារណារកដំណោះស្រាយ ដោយ​ពិភាក្សាជាមួយ​មេឃុំ ចៅសង្កាត់ ចៅហ្វាយក្រុងនានា។

ហើយ​ការងារទី​៣មួយទៀត គឺការបង្ការបញ្ហា​លំបាកទាំងអស់នេះ​។ ក្នុងចំណុចនេះ គឺមាន​បញ្ហា​ចោទឡើងដោយការប្រើ​ប្រាស់​បណ្តាញសង្គម។ យើងត្រូវតែ​ធ្វើការ សហការជាមួយ​ក្រុមហ៊ុន​គ្រប់គ្រងបណ្តាញ​សង្គមទាំងអស់ ឈានទៅ​កំណត់ក្រិត្យ​ក្រម​​សណ្តាប់ធ្នាប់​សាធារណៈនៅលើបណ្តាញសង្គម ដើម្បីធ្វើយ៉ាងណាបង្ការទប់ស្កាត់​ឲ្យ​បានមុន កុំឲ្យឈានទៅកើតអំពើហិង្សា​ហួសប្រមាណបែបនេះ​៕"

យុវជនហិង្សាដុតរថយន្តនិងបង្កអគ្គីភ័យ វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិង​ឯកជន នៅតំបន់ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី២៩​មិថុនា២០២៣
យុវជនហិង្សាដុតរថយន្តនិងបង្កអគ្គីភ័យ វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិង​ឯកជន នៅតំបន់ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី២៩​មិថុនា២០២៣ AP - Christophe Ena

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ