អានតួអត្ថបទ
កូវីដ​បំប្លែងខ្លួន

អង្គការ​សុខភាពពិភពលោក​និ​ងអាមេរិក​កំពុង​តាមដាន​មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី

អង្គការ​សុខភាពពិភពលោក​និង​អាជ្ញាធរ​សុខភាព​អាមេរិក​បាន​ប្រកាស​នៅថ្ងៃ​សុក្រ​ទី ១៨​សីហា ដាក់​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មីមួយ​ទៀត​ ឱ្យ​ស្ថិត​នៅក្រោម​ការ​តាមដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​​បំផុត។ គិតមក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់ដឹង​​អំពី​សក្តានុពល​នៃ​​មេរោគ​បំប្លែង​ខ្លួន​ថ្មី BA.2.86នេះ​ទេ។

អង្គការ​សុខភាពពិភពលោក​និ​ងអាមេរិក​កំពុង​តាមដាន​មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី
អង្គការ​សុខភាពពិភពលោក​និ​ងអាមេរិក​កំពុង​តាមដាន​មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី © via REUTERS - Social Media
ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​តែ​មេរោគកូវីដ​១៩​​​ថ្មី​​នេះ​បានបំប្លែង​​ហ្សែននៃ​ប្រូតេអ៊ីន​Spike​ច្រើនខ្លាំង​ពេក (លើស​ពី​៣០)​ ទើប​អង្គការ​សុខភាពពិភពលោក​សម្រេច​ចាត់​បញ្ចូល​មេរោគកូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី ក្នុង​ចង្កោម​មេរោគ​ត្រូវ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន។ នេះ​បើ​តាម​សំណេរ​របស់​អង្គការ​នៅក្នុង​ព្រឹត្តិប័ត្រ​ស្តីពី​កូវីដ​១៩​ដែល​មាន​ចេញ​ផ្សាយ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍​​ឆ្លង​មក​​ថ្ងៃ​សុក្រទី​១៨​សីហា​២០២៣។ មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី មាន​លេច​ឡើង​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ ដាណឺម៉ាក និង​សហរដ្ឋ​អាមេរិកដែល​ក៏​សម្រេច​តាមដាន​មេរោគកូវីដ​១៩បំប្លែង​ខ្លួន​​​ថ្មី​ជាពិសេស​ដែរ។

គឺ​ប្រូតេអ៊ីន​Spikeនេះ​ហើយ​ដែល​ជា​អ្នក​នាំ​មេរោគ​កូវីដ​Sars-Cov-2 ឱ្យ​ជ្រៀត​ចូល​ក្នុង​កោសិកា​របស់​មនុស្ស​យើង។ ប៉ុន្តែអង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ស្គាល់​មេរោគ​បំប្លែងខ្លួន​ថ្មី​​ច្បាស់​លាស់​នៅឡើយ​ទេ ​និង​កំពុង​សិក្សា​វាយតម្លៃ​អំពី​សក្តានុពល​​របស់​វា​ឱ្យ​បាន​​​​​ល្អិតល្អន់​។ សម្រាប់​អង្គការ​ គេ​ចាំបាច់​ត្រូវ​តែ​បន្ត​តាមដាន កត់ត្រា​និង​ផ្តល់​ទិន្នន័យ​ឱ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​សម្រេច​​ទស្សនៈ​វិស័យ​និង​ក្តោប​ស្ថានភាព​របស់​ជំងឺ​រាតត្បាត​កូវីដ​១៩​បាន​ច្បាស់​លាស់​និង​ទាំង​ស្រុង។ បច្ចុប្បន្ននេះ អង្គការ​សុខភាពពិភពលោក​កំពុង​ចាប់​អារម្មណ៍​​តាម​មើល​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួនថ្មី​​ចំនួន​បី​ និងបញ្ចូល​​មេរោគ​បំប្លែង​ខ្លួន​៧​ផ្សេង​ទៀតក្នុង​បញ្ជី​មេរោគ​ត្រូវ​តាម​ដាន។

ថ្វីបើ​អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​លែង​ចាត់​ទុក​កូវីដ​១៩ជា​ហានិភ័យ​សុខភាព​បន្ទាន់​របស់​ភព​ផែនដី​ក៏​ដោយ ក៏អង្គការបាន​ឆ្លៀត​បន្ត​បរិហារ​និង​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​កុំ​ទម្លាក់​ដៃ​ តែ​ត្រូវ​​បន្ត​តាមដាន និង​វិភាគ​​មេរោគ​កូវីដ​១៩​ ព្រោះ​មេរោគ​នៅ​តែ​​សកម្មនិង​បន្តចម្លង​មនុស្ស ​ក្នុង​គ្រប់​ប្រទេសហើយ​​បន្ត​បំប្លែង​ខ្លួន​ឥត​ឈប់ ធ្វើ​ឱ្យ​មាន​អ្នក​ឈឺ​និង​អ្នក​ស្លាប់​ជារដឹក។ នៅ​ក្នុង​​តួលេខ​ចុះ​ផ្សាយដោយព្រឹត្តប័ត្រ​​រ​បស់​អង្គការ​ ពី​ថ្ងៃទី​១៧កក្កដា​ដល់​ថ្ងៃ​ទី១៣​សីហា​២០២៣ មាន​មនុស្ស​ឆ្លង​កូវីដ​១៩​ចំនួន​១,៤លាន​ករណីថ្មី និង​ជាង​២៣០០នាក់​បាន​ស្លាប់។ ជា​កំណើន​ចម្លង​៦៣%​ តែ​អត្រា​អ្នក​ស្លាប់​បាន​ថយ​ចុះ​៥៦%​បើ​ប្រៀប​ទៅ​នឹង​២៨​ថ្ងៃ​មុន។

គិត​ត្រឹម​ថ្ងៃ​ទី ១៣​សីហា ពិភពលោក​រាប់​ឃើញ​មាន​អ្នក​កើត​កូវីដ​១៩​សរុប​៧៦៩​លាន​នាក់​ និង​ជាង​៦,៩​លាន​នាក់​ស្លាប់ នៅលើ​ពិភពលោក។ ប៉ុន្តែ​តុល្យការ​នេះ​ទាប​ជាង​ការ​ពិត​ឆ្ងាយ​ណាស់ ព្រោះ​មាន​ករណី​កូវីដ​មិន​ចុះ​បញ្ជី​ច្រើនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ