អានតួអត្ថបទ
អង្គការសុខភាពពិភពលោក-កូវីដ១៩

អង្គការ​សុខភាពពិភពលោក​​​បិទ​បញ្ចប់ ការ​ប្រកាស​​អាសន្ន​កូវីដ១៩

ជាង​បីឆ្នាំ​ក្រោយ​ពី​បាន​រាតត្បាត​​ និង​សម្លាប់​ជីវិត​មនុស្ស​ជិត​២០លាន​នាក់មក ពេល​នេះ​ ពិភពលោក អាច​ឃុំ​គ្រង​ជំងឺ​កូវីដ​១៩ បាន​សមល្មម​នឹង​ប្រកាស​លើក​ភាព​អាសន្នអតិបរិមា​បាន​ហើយ។ នេះ​ជា​សេចក្តី​សម្រេច​ ជា​ផ្លូវការ​របស់​អង្គកា​រ​សុខភាពពិភពលោក នៅ​ថ្ងៃ​ម្សិលមិញ ដោយ​ឆ្លៀត​រំឮក​ថា ​ភាព​អាសន្ន​សុខាភិបាល​​អន្តរជាតិ​ត្រូវ​បាន​បញ្ចប់​មែន ប៉ុន្តែ​កូវីដ១៩​ មិនទៅណាទេ។ វា​​នៅតែ​បន្ត​ចម្លង​មនុស្ស​ ជាច្រើននិង​យូរ​ឆ្នាំ​ទៀតណាស់។

នាយក​អង្គការសុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus ប្រកាស​លើក ភាព​អាសន្នកូវីដ១៩ ជា​ផ្លូវការ
នាយក​អង្គការសុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus ប្រកាស​លើក ភាព​អាសន្នកូវីដ១៩ ជា​ផ្លូវការ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី ៣០​មករា​២០២០ អង្គការ​សុខភាពពិភពលោក​​បាន​ប្រកាស​អាសន្ន​កំរិត​អតិបរិមា​ប្រឈម​នឹង​ជំងឺផ្លូវដង្ហើម​​បង្ក​ឡើង​មេរោគកូរ៉ូណា ដែល​លេច​ឡើងដំបូងគេ​​នៅក្នុង​ប្រទេស​ចិន និង​ដែលពុំ​ទាន់​មាន​​ថ្នាំព្យាបាល​នៅពេលនោះ។ គេត្រូវ​រង់​ចាំ​ដល់​ខែ​មីនា​២០២០ ទើប​ប្រធានអង្គការ​សុខភាពពិភពលោក​ចាប់ផ្តើម​និយាយ​ពី​ជំងឺ​រាតត្បាត​សកល​ ហើយ​ប្រជាពលរដ្ឋ​ពិភពលោក​ចាប់​យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ចាត់​វិធានាការបិទ​ខ្ទប់​ប្រទេស​អស់​ជា​ច្រើន​ខែ។

ប៉ុន្តែ​បើ​តាម​យោបល់​អ្នក​ជំនាញ ទោះបី​ជា​នៅមាន​ភាព​មិន​ជាក់លាក់​ខ្លះជុំ​វិញ​ការ​វិវឌ្ឍ​របស់​វីរុសក្តី ក៏​ដល់​វេលា​ដែល​​ត្រូវ​មាន​ចំណាត់ការ​លើ​ជំងឺ​កូវីដ១៩ សម្រាប់អនាគត​ដ៏​វែងហើយ។  

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​អង្គការ​សុខភាពពិភពលោក តេដ្រូស ​បាន​ប្រកាស នៅថ្ងៃសុក្រទី ៥ឧសភា​​ បិទ​បញ្ចប់​ភាព​អាសន្ន​កូវីដ១៩​ជា​ផ្លូវការ ដូច​អ្វី​ដែល​លោក​ធ្លាប់​សង្ឃឹម​កន្លង​មក។

លោកវេជ្ជបណ្ឌិត តេដ្រូស ៖

“តាំងពីជាង​មួយឆ្នាំ​មក​នេះ ការ​​រាតត្បាត​ចាប់​ថយ។ ភាព​ស៊ាំនឹងមេរោគ​បាន​ឡើង​ខ្ពស់។ អត្រាមរណៈ​បាន​ធ្លាក់ចុះ ហើយ​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​ក៏​រួម​តូច។ ជាមួយ​នឹង​ក្តី​សង្ឃឹម​ដ៏​ធំ ​ខ្ញុំ​សូម​ប្រកាស​ថា​ កូវីដ​១៩​លែង​ជា​ភាព​អាសន្ន​សុខភាព​កំរិត​ពិភពលោក​ទៀត​ហើយ។ ​ប៉ុន្តែ​ភាពអំណររីករាយ​នៅ​មាន​កំរិត​ ព្រោះវីរុស​កូវីដ​១៩ នៅជាមួយ​យើង​ជានិច្ច នៅ​បន្ត​ចម្លង ​បន្ត​សម្លាប់ និង​បំប្លែង​ខ្លួន។ បើ​កូវីដ​ចាប់គំរាមពិភពលោក​ទៀត ខ្ញុំ​មិន​រារែក​នឹង​កោះប្រជុំ​គណៈកម្មការ​បន្ទាន់​​ជា​ថ្មីឡើយ។”

ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​អស់​៩៥%​តាំងពី​ខែ​មករា​​ម​កមែន ប៉ុន្តែក្នុង​ពេល​មួយ​ខែ​មុន​នេះ​ ​កូវីដ១៩ បាន​ឆ្លង​​លើ​មនុស្ស​ជាង​២លាន​៨សែននាក់ និង​បន្ត​ឆក់​យក​​ជីវិត​អស់​១៧០០០នាក់ទៀត។ ជា​ចំនួន​ដ៏​ច្រើន​ មិន​តិច​ទេ។

​សម្រាប់​លោក​នាយក​អង្គការ​សុខភាពពិភពលោក ជាង​បី​ឆ្នាំ​កន្លងមក​នេះ ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជិត​២០លាន​នាក់ ពោលគឺ​បី​ដង​ច្រើន​ជាង​តួលេខ​ផ្លូវការ​មុន។ តួលេខផ្លូវការ​ថ្ងៃទី​៣​ឧសភា​២០២៣ រាប់​ឃើញ​មាន​អ្នក​ស្លាប់​ដោយកូវីដ​១៩​ជា​ ​ជិត​៧លាន​នាក់ និង​អ្នក​ឆ្លង​​កូវីដ​៧៦៥លាន​នាក់។

សូម​បញ្ជាក់​ថា​សេចក្តីសម្រេច​បិទ​បញ្ចប់​ ភាព​អាសន្នកូវីដ​១៩ ជា​ផ្លូវការនេះ​ មិន​បាន​ប្តូរ​ផ្លាស់​​អ្វី​ក្នុង​កា​រអនុវត្ត​ជាក់ស្តែង​ទេ ដ្បិតគ្រប់​​ប្រទេស​បាន​លុប​​បម្រាម​ និង​លើក​វិធានការ​ប្រឆាំង​កូវីដ​ស្ទើរ​អស់​រលីង​ទៅ​ហើយ នៅឡើយ​តែ​សេចក្តី​អំពាវនាវ​ឱ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ ទៀត​ ព្រោះ​វីរុស​នៅ​តែ​សកម្ម​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ