អានតួអត្ថបទ

គ្រោះថ្នាក់ធ្លាក់យន្តហោះដែល​សម្លាប់អ្នកប្រឆាំងលោកពូទីន ជាឧប្បត្តិហេតុ ឬ​ការសងសឹក?

ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលនៅក្នុងនោះ មានទាំងលោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន ស្ថិតក្នុងចំណោមមនុស្ស​១០នាក់ ដែលស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះឯកជន កាលពីថ្ងៃ​ពុធទី ២៤​សីហា នៅភាគខាងជើង​រដ្ឋធានីម៉ូស្គូ។ ខណៈពេល​ដែល​អាជ្ញាធរអាកាសចរណ៍ស៊ីវិល​រុស្ស៊ី​ប្រកាស​បង្កើតគណៈកម្មាធិការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​ហេតុការណ៍កាលពីថ្ងៃ​ពុធ សំណួរជាច្រើនបាន​ផុសឡើង។ តើគ្រោះថ្នាក់ធ្លាក់យន្តហោះដែល​ដឹកថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរ ជាឧប្បត្តិហេតុ ឬ​ជា​ការសងសឹក? តើអ្នកណា​ជា​អ្នកនៅពីក្រោយ​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ឯកជន​ដែលដឹក​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ? តើ​អនាគត​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរនឹងទៅជាយ៉ាងណា?

សកម្មភាពសែងយកសាកសពចេញពីកន្លែងផ្ទុះធ្លាក់យន្តហោះដែលដឹកមេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថ្ងៃទី ២៤ សីហា ២០២៣
សកម្មភាពសែងយកសាកសពចេញពីកន្លែងផ្ទុះធ្លាក់យន្តហោះដែលដឹកមេដឹកនាំក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថ្ងៃទី ២៤ សីហា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

វិបសៃតិ៍តាមដានទិន្នន័យ​ការហោះហើរ(Flight Tracking Data) បង្ហាញថា យន្តហោះ Embraer 135របស់​ក្រុមហ៊ុនវ៉ាក់ណែ ដែលហោះចេញពី​ម៉ូស្គូ សំដៅ ទីក្រុង​Saint Petersburg ដែលមានទីស្នាក់ការ​របស់​ក្រុមហ៊ុន​វ៉ាក់ណែរ មិនបាន​បង្ហាញសញ្ញា​ថា មានបញ្ហា​នៅមុន​ធ្លាក់ចុះ​យ៉ាងគំហុក​មកលើដី។ ប៉ុន្តែ អ្នកភូមិ​រុស្ស៊ី ដែលរស់នៅ​ក្បែរកន្លែងធ្លាក់​យន្តហោះ​និយាយប្រាប់​អ្នកកាសែត​ថា ពួកគេ​លឺសំឡេងផ្ទុះនៅលើមេឃ បន្ទាប់មក​គេឃើញ​យន្តហោះ​ធ្លាក់ចុះលឿនស្លេវ ដូច​ជា​ស្លឹកឈើ និង​ផ្ទុះឆេះនៅលើ​ដី។

គេ​នៅមិនទាន់ដឹង​ពីមូលហេតុពិតប្រាកដ​ដែលធ្វើ​ឲ្យ​យន្តហោះឯកជន ដែលដឹកលោកព្រីហ្គោហ្ស៊ីន មេក្រុមទាហានស៊ីឈ្នួលជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះនៅឡើយទេ។ ប៉ុន្តែ មាន​ព័ត៌មាន​២ដែលគេត្រូវ​ដឹង។ ទី១ តាមអ្នកជំនាញ​ខាងអាកាសចរណ៍​ស៊ីវិល យន្តហោះ​ដឹក​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ ឃើញមាន​ស្លាបតែម្ខាង នៅពេលធ្លាក់ចុះមកលើដី។ គេអាចគិតថា យន្តហោះ​ដឹកលោក​ព្រីហ្គោហ្ស៊ីន​អាចមានបញ្ហាផ្ទុះពី​ខាងក្នុង ឬ​អាចប៉ះទង្គិច​នឹង​អ្វីម្យ៉ាងពីខាងក្រៅ។

នៅ​ល្ងាច​ថ្ងៃ​ពុធ នៅប៉ុន្មាន​នាទី​ក្រោយ​អាកាសចរណ៍ស៊ីវិល​រុស្ស៊ី​ប្រកាសថា លោក​ព្រីហ្គោហ្ស៊ីន មេទាហានវ៉ាក់ណែរ ស្ថិតក្នុង​បញ្ជីឈ្មោះ អ្នកដំណើរដែលឡើង​ជិះយន្តហោះ គណនីរបស់​ទាហាន​វ៉ាក់ណែរ ឈ្មោះ Grey Zone សរសេរ​ថា យន្តហោះ​ដឹកលោក​មេក្រុម​វ៉ាក់ណែរ រងការវាយប្រហារ​ពី​ប្រព័ន្ធខែលមីស៊ីល។ តាម គណនីតេឡេក្រាម Grey Zone លោក​ព្រីហ្គោហ្ស៊ីន​ស្លាប់​ដោយសារ​ទង្វើ​ក្បត់​របស់​ជនជាតិ​រុស្ស៊ី។ មេបញ្ជាការ​ទាហាន​វ៉ាក់ណែរ ដែលជា​មនុស្សដៃស្តាំ​របស់​លោក​ព្រីហ្គោហ្ស៊ីន និងដែលមានវត្តមាននៅក្នុង​យន្តហោះជាមួយ​ព្រីហ្គោហ្ស៊ីន ធ្លាប់​បាន​និយាយ​ប្រាប់កូនចៅរបស់ខ្លួនថា ម៉ូស្គូ​កោះហៅ​ពួកគេ ទំនង​ដើម្បី​ទទួលស្តាប់ការដាក់ទោស ទាក់ទង​នឹងការបះបោរមិនបាន​សម្រេច របស់​ទាហានវ៉ាក់ណែរ នៅម៉ូស្គូ កាលពី ខែ​មិថុនា។

ពីមេចុងភៅ មនុស្សជំនិតរបស់លោកពូទីន មកជា​ជនក្បត់ជាតិ

មូលហេតុដែលធ្វើឲ្យយន្តហោះដឹកមេទាហានស៊ីឈ្នួលវ៉ាក់ណែ មិនមែនជារឿងសំខាន់។ អ្វីដែលគេចាប់អារម្មណ៍​ចោទសួរ​ថា តើ​គ្រោះថ្នាក់ធ្លាក់យន្តហោះដែលមាន​ដឹក មេដឹកនាំសំខាន់ៗ​របស់​ទាហាន​វ៉ាក់ណែរ ជា​ការសងសឹក​របស់​លោក​ពូទីន? ក្រៅពីអ្នកបើកបរយន្តហោះ ២នាក់ អ្នកបម្រើការលើយន្តហោះ៣នាក់ មនុស្ស​៧នាក់ផ្សេងទៀត ដែលស្លាប់​នៅក្នុងគ្រោះថ្នាក់​ធ្លាក់​យន្តហោះ សុទ្ធជាមនុស្ស​សំខាន់ៗ​របស់​ក្រុមហ៊ុន​វ៉ាក់ណែរដែលមានជាប់ពាក់ព័ន្ធ​នឹង​ការបះបោរ​របស់​វ៉ាក់ណែរ ប្រឆាំង​រដ្ឋអំណាច​រុស្ស៊ី កាលពីថ្ងៃទី ២៣ និង​២៤​មិថុនា។ មនុស្ស​សំខាន់ៗ មាន​លោក​ព្រីហ្គោហ្ស៊ីន និង មនុស្ស​ដៃស្តាំ​របស់​លោក គឺ​លោក Dmitry Utkin ដែល​សហស្ថាបនិក​ក្រុមហ៊ុនវ៉ាក់ណែ។ ជាមេបញ្ជាការទាហាន​វ៉ាក់ណែរ លោក​ឌីមីទ្រី អ៊ុតគីន​ធ្លាប់បម្រើការ​ក្នុងក្រសួង​ស៊ើបការណ៍​សម្ងាត់រុស្ស៊ី។ បន្ទាប់មក​ទៀតគឺលោក វ៉ាឡេរី ឆេកាឡូវ ដែលទទួលបន្ទុក​កិច្ចការជំនួញ កិច្ចសន្យារបស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែរ ហើយ​និងជា​អ្នកចាត់ចែង​ការធ្វើដំណើរដ៏សម្ងាត់​របស់​លោកព្រីហ្គោហ្ស៊ីន។

ទាំងលោកព្រីហ្គោហ្ស៊ីន និង​មនុស្ស​ដៃស្តាំរបស់លោក គឺ​លោក ឌីមីទ្រី អ៊ុតគីន ជាប់ពាក់ព័ន្ធ​នឹង​ការបះបោរ​មិនបាន​សម្រេច​របស់​វ៉ាក់ណែរ នៅម៉ូស្គូ កាលពីខែ​មិថុនា។

គេមិនដឹងតើវាជារឿងចៃដន្យ ឬ​គ្រោងទុក នោះទេ។ គ្រោះថ្នាក់ធ្លាក់​យន្តហោះ ដឹកលោក​ព្រីហ្គោហ្ស៊ីន កើតឡើង​នៅចំថ្ងៃគម្រប់ ២ខែគត់ ដែល​លោក​ព្រីហ្គោហ្ស៊ីន​ដឹកនាំ​ទាហាន​វ៉ាក់ណែរ​ឲ្យធ្វើការបះបោរ លើកគ្នា​ទៅ​ម៉ូស្គូ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋមន្រ្តីការពារជាតិ និង​មេបញ្ជាការទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន ត្រូវតែ​ចុះចេញ​ពីតំណែង។ ចាប់តាំង​ពី​មានស្នាដៃ​ក្នុងការប្រយុទ្ធដណ្តើមបានទឹកដី ពីកងទ័ពអ៊ុយក្រែន មេទាហានស៊ីឈ្នួល​វ៉ាក់ណែរ លោកព្រីហ្គោហ្ស៊ីន​បាន​ចេញមុខ និងដំឡើងសំឡេងរិះគន់កាន់តែខ្លាំង យុទ្ធសាស្រ្ត​ធ្វើសង្រ្គាម​របស់​ម៉ូស្គូ នៅអ៊ុយក្រែន។ នៅពេល​នាំទាហានរបស់ខ្លួន ទៅកាន់កាប់​មូលដ្ឋានទ័ព​សំខាន់មួយក្នុងទឹកដី​រុស្ស៊ី ​លោកព្រីហ្គោហ្ស៊ីន និយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ​រុស្ស៊ី​ចង់​ដណ្តើម​ជ័យជំនះ​របស់​វ៉ាក់ណែរ​ក្នុងសង្រ្គាម​អ៊ុយក្រែន តាមរយៈ ការដាក់កំហិត ឲ្យ​ទាហាន​វ៉ាក់ណែរចុះចូលក្នុងកងទ័ពរុស្ស៊ី។ តាមលោកព្រីហ្គោហ្ស៊ីន ទាហាន​វ៉ាក់ណែរ​លើកគ្នា​បះបោរ​ក៏ដោយសារតែ​ពួកគេ​មិន​ចង់ចូលក្នុងជួរកងទ័ពជាតិ​រុស្ស៊ី ប៉ុន្តែ ចង់នៅបន្ត​ធ្វើជា​ទាហានស៊ីឈ្នួល ដដែល។

មរណភាពរបស់​ព្រីហ្គោហ្ស៊ីន​មានន័យ​យ៉ាងណា?

ទំព័រ​របស់​មេទាហានស៊ីឈ្នួលវ៉ាក់ណែ​បាន​បិទបញ្ចប់​ទៅ ជាមួយការរលត់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីថ្ងៃ​ពុធ ប៉ុន្តែ សម្រាប់អ្នកដែល​ស្គាល់រុស្ស៊ី លោក​ព្រីហ្គោហ្ស៊ីន​តាមពិត ជាមនុស្ស​ស្លាប់ទាំងរស់ ចាប់តាំង​ពីលោកលើកទាហាន​វ៉ាក់ណែរ​សំដៅ ក្រុងម៉ូស្គូ ដែល​លោក​ប្រធានាធិបតី​ពូទីន​ចាត់ទុក​ជាទង្វើក្បត់ ចាក់​ពី​ក្រោយខ្នង។

លោកព្រីហ្គោហ្ស៊ីន​ស្លាប់នៅក្នុង​គ្រោះថ្នាក់យន្តហោះ មិនមែនជា​រឿងដែលគេភ្ញាក់ផ្អើល ប៉ុន្តែ អ្វីដែលធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ចម្លែកចិត្ត​នៅត្រង់ថា ហេតុអ្វី​បានជា​លោក​ពូទីន បន្តទុកជីវិតឲ្យ​លោកព្រីហ្គោហ្ស៊ីន​បាន​យូរ​ដល់ទៅ​២ខែ បើទោះបីជា​លោក​ព្រីហ្គោហ្ស៊ីន​ជា​មនុស្ស​ដែលលោក​ចាត់ទុក​ជា​ជនក្បត់ ចាក់ពីក្រោយខ្នង គ្រោះថ្នាក់​សម្រាប់អំណាច​របស់​លោក ពីព្រោះ​ហ៊ានលើក​ទាហាន​វ៉ាក់ណែរ​ទៅ​លើកទាហានវ៉ាក់ណែរ​បះបោរ​ប្រឆាំងអំណាច​របស់​លោក។ អ្នកជំនាញ​ដែលស្គាល់​ចរិត​របស់​លោកពូទីន​កាន់តែភ្ញាក់ផ្អើល ព្រោះថា បទពិសោធន៍កន្លងមក បង្ហាញថា អ្នកចេញមុខ​ប្រឆាំង​រិះគន់​លោកពូទីន បើមិនត្រូវ​ឃាតករ​បាញ់សម្លាប់ កណ្តាលផ្លូវ ឬ​ត្រូវគេ​ដាក់ថ្នាំពុលសម្លាប់ទេ ក៏ត្រូវ​ជាប់ពន្ធនាគារ ដូចជា​មេបក្ស​ប្រឆាំង លោកណាវ៉ាល់នីជាដើម។

សម្រាប់អ្នកជំនាញ ទង្វើរបស់​លោកព្រីហ្គោហ្ស៊ីនដែលដឹកនាំទាហានវ៉ាក់ណែរបះបោរ ប្រឆាំង​ថ្នាក់ដឹកនាំ​រុស្ស៊ី បានធ្វើ​ឲ្យលោកពូទីនអាម៉ាស់មុខខ្លាំង។ នៅរុស្ស៊ី រូបភាព​របស់​លោក​ពូទីន​កាន់តែ​ចុះស្រអាប់ ព្រោះថា លោក​ព្រីហ្គោហ្ស៊ីន ដែល​ជា​មេឧក្រិដ្ឋជន ហ៊ានលើកទ័ព​បែរក្បាលមក​ប្រឆាំង​រដ្ឋអំណាច​ម៉ូស្គូ បែរ​ជា​ត្រូវលោកពូទីន​មិនប្រកាន់ទោសពៃ ដោយគ្រាន់តែ​និរទេស​ទៅនៅ​បេឡារុស។

ប៉ុន្តែ នៅថ្ងៃពុធទី ២៤ ចំពេល​២ខែគត់ នៃ​ការបះបោរ​របស់ទាហានវ៉ាក់ណែរ លោកព្រីហ្គោហ្ស៊ីន និងថ្នាក់ដឹកនាំ​សំខាន់ៗរបស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែរ ស្លាប់ទាំងអស់​នៅក្នុងគ្រោះថ្នាក់​ធ្លាក់យន្តហោះ។ នេះសបញ្ជាក់​ឲ្យឃើញថា លោកពូទីន​មិនបានភ្លេច ហើយ​ក៏មិនអត់ឱនដាច់ខាតសម្រាប់អ្នកដែលគ្រោះថ្នាក់ គំរាមកំហែងអំណាច​របស់លោក។ តាមរយៈ ករណីធ្លាក់យន្តហោះ​ដឹក​មេក្រុមវ៉ាក់ណែរ មេដឹកនាំរុស្ស៊ី មាន​សារពីរ។ ទី១ លោកចង់ផ្ញើ​សារ បង្រ្កាប​ទឹកចិត្ត​របស់​ទាហានវ៉ាក់ណែរ ដែលជា​កូនចៅ​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់​ព្រីហ្គោហ្ស៊ីន និងសារ​មួយទៀត ទៅកាន់​មនុស្ស​រាល់គ្នា​នៅ​រុស្ស៊ី​ដែលមាន​គំនិត ចង់​ធ្វើការតស៊ូអាវុធប្រឆាំង​នឹងលោកថា កុំឲ្យ​ព្យាយាម ព្រោះថា មានគំរូរួចស្រាប់ហើយ។ អ្នកដែលប្រឆាំង​លោកពូទីន​គឺជួបវាសនា​អាក្រក់​ដូចជា​លោក​ព្រីហ្គោហ្ស៊ីន​យ៉ាងដូច្នេះឯង។

អស់​មេកើយ តើ​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​វ៉ាក់ណែរ នឹង​ទៅ​ជាយ៉ាងណា?

ដោយសារ​ការបះបោរ​មិនបាន​សម្រេច​នៅម៉ូស្គូ លោក​ព្រីហ្គោហ្ស៊ីន បានក្លាយជា​សំរាមក្នុងកែវភ្នែក​របស់​លោកពូទីន និង​ថ្នាក់ដឹកនាំ​យោធារុស្ស៊ី។ ប៉ុន្តែ នៅទីក្រុង​Saint Petersburg ជាទីដែល​មានទីស្នាក់ការ​ក្រុមហ៊ុន​វ៉ាក់ណែរ ដែលរើសបញ្ចូល​ទាហាន​សម្រាប់​ការប្រយុទ្ធ​នៅទឹកដីបរទេស លោកព្រីហ្គោហ្ស៊ីនទទួលបាន​ការគោរពស្មោះស័្មគ្រ​ពីកូនទាហានវ៉ាក់ណែរ​ដែល​បាន​ចាត់ទុក​លោក​ជា​មេដឹកនាំ​គំរូ​យកចិត្ត​ទុកដាក់ពីកូនចៅ។ ទាហាន​វ៉ាក់ណែរ​មួយចំនួនធំ​ធ្លាប់ជាអ្នកទោស​ដែលលោកព្រីហ្គោហ្ស៊ីន​បាន​រើសចេញពីពន្ធនាគារ។ ពួកគេ​បានទទួល​ការលើកលែងទោស ជាថ្នូរនឹង​ការធ្វើសង្រ្គាម​នៅអ៊ុយក្រែន រយៈពេល ៦ខែ។ អាមេរិក​ធ្លាប់វាយតម្លៃថា ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ ដែលធ្លាប់សកម្ម​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន មាន​ចំនួន​បរ្មាណ ៥ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ម៉ឺននាក់ហើយ ជា​ឧក្រិដ្ឋជនអ្នកទោស​ក្នុងពន្ធនាគារ។ ក្រៅពីធ្វើសង្រ្គាមនៅអ៊ុយក្រែន ទាហាន​វ៉ាក់ណែរ​មានវត្តមាន​នៅទឹកដីអាហ្វ្រិក ដើម្បីផ្តល់សេវា​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន ដល់​ថ្នាក់ដឹកនាំ​ឬ​ការពារ​ក្រុមហ៊ុន​ដែលធ្វើអាជីវកម្ម​ជីកយកប្រេង មាស ជាដើម។ លែង​មាន​មេកើយគ្រប់គ្រង​តទៅទៀត ក្រុមហ៊ុន​ទាហានស៊ីឈ្នួល​វ៉ាក់ណែរ​រង្គោះរង្គើ។ ទាហានវ៉ាក់ណែរ​អាចបែកបាក់គ្នា​ជាក្រុមនិង​បន្តធ្វើជំនួញ​ដើម្បីផលប្រយោជន៍រៀងៗខ្លួន ដោយ​លែង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដូចមុន។ ការបំបែកកម្ចាយទាហាន​វ៉ាក់ណែរ​ដើម្បី​ឲ្យ​ពួកគេ​លែងមាន​អំណាច អំណួត​ខ្លាំងដូចមុន ជាគោលដៅ​ចង់បានរបស់​លោក​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ