អានតួអត្ថបទ

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី៖ លោកព្រីហ្គោហ្សីន ស្លាប់ដោយធ្លាក់យន្តហោះ

មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ  លោកព្រីហ្គោហ្សីន ស្ថិតក្នុងចំណោមអ្នកដំណើរដែលបានស្លាប់ ក្រោយធ្លាក់យន្តហោះ កាលពីថ្ងៃពុធម្សិលមិញ នៅភាគខាងជើងទីក្រុងម៊ូស្គូ។ ហេតុការណ៍នេះ បានកើតឡើងប្រមាណ២ខែ ក្រោយមេក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលនេះ បានប្រកាសដឹកនាំការបះបោរផ្ដួលរំលំអំណាចយោធារុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថា លោកមិនមានការភ្ញាក់ផ្អើលអ្វីនោះឡើយ។

លោកព្រីហ្គោហ្សីន មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner នៅប៉ុន្មានសប្តាហ៍មុនស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅរុស្ស៊ីនៅថ្ងៃទី ២៣​សីហា​២០២៣
លោកព្រីហ្គោហ្សីន មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner នៅប៉ុន្មានសប្តាហ៍មុនស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅរុស្ស៊ីនៅថ្ងៃទី ២៣​សីហា​២០២៣ AP
ផ្សាយពាណិជ្ជកម្ម

មេក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលគឺ លោក ​អេវហ្គីនី ព្រីហ្គោហ្សីន ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្ស៊ីTASS នៅថ្ងៃពុធម្សិលមិញ រាយការណ៍ថា​ លោកស្ថិតនៅលើយន្តហោះដែលបានធ្លាក់ស្លាប់អ្នកដំណើរទាំងអស់ កាលពីល្ងាចថ្ងៃពុធម្សិលមិញ នៅតំបន់Tver ភាគខាងជើងទីក្រុងម៊ូស្គូ។ ហេតុការណ៍ធ្លាក់យន្តហោះដ៏គួរឲ្យសង្ស័យនេះ បានកើតឡើង នៅប្រមាណ២ខែ ក្រោយមេក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលនេះ បានដឹកនាំការបះបោរសំដៅផ្ដួលរំលំអំណាចមេដឹកនាំយោធារុស្ស៊ី។ យ៉ាងណាមិញ គិតព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ពីវិមានក្រឹមឡាំង ឬក្រសួងការពារជាតិរុស្ស៊ី ចំពោះករណីនេះនៅឡើយនោះទេ។  

ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី នៅថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា​ យន្តហោះដែលបានធ្លាក់នេះ ជាប្រភេទយន្តហោះឯកជន ផ្ទុកអ្នកដំណើរសរុបចំនួន១០នាក់ ធ្វើដំណើរពីទីក្រុងMoscow ទៅកាន់ទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ី។ នៅចំពោះមុខនេះ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ក៏បានបើកសំណុំរឿងស៊ើបអង្កេតព្រហ្មទណ្ឌ លើហេតុការណ៍មួយនេះផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការមួយរបស់លោកស្រី Svetlana Petrenko។

គួរជម្រាបថា អំឡុងហេតុការណ៍នេះ ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន បានឡើងថ្លែងសុន្ទរកថា ក្នុងឱកាសប្រារព្ធខួបលើកទី៨០នៃសមរភូមិKursk ក្នុងសង្គ្រាមលោកលើកទី២ តែលោកមិនបាននិយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះនោះទេ ។ ចំណែក ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលកំពុងធ្វើវិស្សមកាលឯណោះវិញ បានឆ្លើយតបជាមួយអ្នកកាសែតថា លោកមិនទាន់បានដឹងច្បាស់ពីហេតុការណ៍នេះឡើយ ក៏ប៉ុន្តែលោកអះអាង លោកក៏មិនមានការភ្ញាក់ផ្អើលអ្វីនោះដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញនិងជាអ្នកប្រឹក្សាជាន់ខ្ពស់ លោក Keir Giles បានលើកឡើងថា ហេតុការណ៍នេះ អាស្រ័យថាអ្នកដំណើរនោះ គឺពិតជាលោកPrigozhinមែន ឬក៏ជាអ្នកណាផ្សេងដែលធ្វើដំណើរក្រោមឈ្មោះមេក្រុមទាហានស៊ីឈ្នួលរូបនេះ ក្រោមវិធានការការពារសុវត្ថិភាព។ យ៉ាងណាមិញ លោកបញ្ជាក់ដែរថា លោកក៏មិនមានការភ្ញាក់ផ្អើលដែរ ដោយអ្វីដែលត្រូវភ្ញាក់ផ្អើលនោះ គឺការណ៍ដែលលោកព្រីហ្គោហ្សីន អាចនៅមានជីវិតបានយ៉ាងយូរ ក្រោយការដឹកនាំការបះបោរប្រឆាំងអំណាចយោធារុស្ស៊ីនេះ។

យោងតាមទិន្នន័យតាមដានការហោះហើរ(Flight Tracking Data) យន្តហោះ Embraer – 135 (ЕВМ-135BJ)ដែលបានធ្លាក់នេះ ​ មិនបានបង្ហាញសញ្ញាថាមានបញ្ហាអ្វីឡើយ ក្រៅតែពីបានហោះធ្លាក់ចុះយ៉ាងគំហុក​ អំឡុងប្រមាណ៣០វិនាទីចុងក្រោយ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ