អានតួអត្ថបទ
ទាហានស៊ីឈ្នួលwagner

អង់គ្លេស​ដាក់ទាហានស៊ីឈ្នួល​រុស្ស៊ី​Wagnerក្នុងបញ្ជីក្រុមភេរវនិយម

អង់គ្លេស​រៀបចំសេចក្តីព្រាងក្រឹត្យដើម្បីដាក់បញ្ចូល​ពួកទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរ Wagnerទៅក្នុងបញ្ជីក្រុមភេរវនិយម។ តាមអំណះអំណាង​របស់​ក្រសួងមហាផ្ទៃ​អង់គ្លេស ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ជា​ក្រុមប្រដាប់អាវុធហិង្សា បំផ្លិចបំផ្លាញ និង​ជា​អាវុធ​របស់រុស្ស៊ី​ដើម្បីធ្វើសង្រ្គាមនៅទឹកដីបរទេស។ សេចក្តីព្រាងក្រឹត្យ​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សភាអង់គ្លេស​បោះឆ្នោត​អនុម័ត​នៅថ្ងៃ​ពុធទី​៦​ខែ​សីហា​ឆ្នាំ ២០២៣។

ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ​ដែលលើកគ្នា​បះបោរ​ប្រឆាំង​រុស្ស៊ី នៅថ្ងៃទី ២៤​មិថុនា ២០២៣
ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ​ដែលលើកគ្នា​បះបោរ​ប្រឆាំង​រុស្ស៊ី នៅថ្ងៃទី ២៤​មិថុនា ២០២៣ REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងការពារជាតិ​អង់គ្លេស លោក Grant Shapps បាននិយាយ​ថា អង់គ្លេស​នឹង​ដាក់បញ្ចូលក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ ទៅក្នុងបញ្ជីឈ្មោះ​ក្រុមភេរវនិយម ឲ្យ​ដូច​ក្រុមអាល់កៃដា ឬ​ក្រុមអង្គការរដ្ឋអ៊ីស្លាម។ ទៅតាម​សេចក្តីព្រាងក្រឹត្យ​ដែល​សភាអង់គ្លេស​ត្រូវ​បោះឆ្នោតអនុម័ត​នៅថ្ងៃ​ពុធ ការចូលជាសមាជិក ឬ​គាំទ្រ ជំរុញ ផ្សព្វផ្សាយ លើកទង់សញ្ញាវ៉ាក់ណែរ​នៅទីសាធារណៈ ជារឿង​ខុសច្បាប់ និងត្រូវប្រឈម​នឹងការដាក់ទោស​ជាប់ពន្ធនាគារ ១៤ឆ្នាំ នៅអង់គ្លេស។

ការដាក់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរក្នុងបញ្ជីឈ្មោះក្រុមភេរវនិយម មានន័យដែរថា រាល់​ទ្រព្យសម្បត្តិ​របស់​ក្រុម វ៉ាក់ណែរ Wagner​ជា​ទ្រព្យរបស់​ក្រុមភេរវនិយម ដែល​អាជ្ញាធរ​មានសិទ្ធិរឹបអូស​យក​មកជា​សម្បត្តិរដ្ឋ។

តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ Wagner​ជា​ក្រុមហិង្សា បំផ្លិចបំផ្លាញ និងជាឧបករណ៍ធ្វើសង្រ្គាមនៅទឹកដីបរទេស​របស់​មេដឹកនាំរុស្ស៊ី លោកពូទីន។ បង្កើតឡើង​ដោយ​លោកពូទីន ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ​ចូលរួម​ក្នុងការឆក់ប្លន់ ប្រព្រឹត្តឧក្រិដ្ឋកម្ម ធ្វើទារុណកម្ម និងសម្លាប់មនុស្ស​ដ៏ព្រៃផ្សៃ។

សម្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​អង់គ្លេស ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែរ Wagner​ជាក្រុមគំរាមកំហែង សន្តិសុខពិភពលោក។ ក្រៅពីចូលប្រលូកធ្វើសង្រ្គាម​នៅទឹកដីអ៊ុយក្រែន ដើម្បីរុស្ស៊ី ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ​ Wagnerកំពុង​ធ្វើប្រតិបត្តិការយ៉ាង​សកម្ម នៅ​ទឹកដីស៊ីរី និង​ប្រទេស​ជាង ១០​នៅអាហ្វ្រិក ដូចជា លីប៊ី និងម៉ាលី​ជាដើម។ ទាហាន​វ៉ាក់ណែរ​មួយ​ចំនួនធំ ធ្លាប់​ជាអ្នកទោស​ដែល​លោកព្រីហ្គោហ្ស៊ីន​រើស​ចេញ​ពី​ពន្ធនាគារ។ ពួកគេ​បានទទួល​ការលើកលែងទោសពីអាជ្ញាធររុស្ស៊ី ជាថ្នូរនឹង​ការធ្វើសង្រ្គាម​នៅអ៊ុយក្រែន រយៈពេល ៦ខែ។ តាម​អាមេរិក ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ៥ម៉ឺននាក់ បានប្រលូកក្នុងសង្រ្គាមអ៊ុយក្រែន ដែលនៅក្នុងនោះ ៤ម៉ឺននាក់ ធ្លាប់​ជា​ឧក្រិដ្ឋជន អ្នកទោស​ជាប់ពន្ធនាគារ។

នៅមុន​ចាត់បញ្ចូល​ក្រុមទាហានវ៉ាក់ណែរ​ Wagner​ទៅក្នុង​បញ្ជីក្រុមភេរវនិយម អង់គ្លេស​ធ្លាប់​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ លោក​ព្រីហ្គោហ្ស៊ីន និង​មនុស្ស​១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមទាហានវ៉ាក់ណែរ​នៅទឹកដីអាហ្វ្រិក នៅក្នុងបទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម។

អង់គ្លេស​ប្រកាស​ដាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែរ ទៅក្នុងបញ្ជីក្រុមភេរវនិយម នៅ២សប្តាហ៍ក្រោយ ដែល​លោកព្រីហ្គោហ្ស៊ីន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែរ ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ នៅ​ភាគខាងជើង​ទីក្រុង​ម៉ូស្គូ។ ក្រុមស៊ើបអង្កេត​រុស្ស៊ី​នៅមិនទាន់​បង្ហាញ​មូលហេតុ​ដែលធ្វើ​ឲ្យ​យន្តហោះដឹកមេក្រុម Wagnerជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះ កាលពីថ្ងៃទី ២៣​សីហា ប៉ុន្តែ លោកខាងលិច ជឿថា វាអាចជាស្នាដៃ​របស់​លោកពូទីន ដែលមិនសប្បាយចិត្ត និង​ធ្លាប់​ចាត់ទុក​ការបះបោរ​របស់​មេក្រុមទាហានស៊ីឈ្នួល Wagner​ប្រឆាំង​រដ្ឋអំណាច​ម៉ូស្គូ​ថា ជា​ទង្វើក្បត់ ចាក់ពីក្រោយខ្នងរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ