អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

ប្រមុខការទូតរុស្ស៊ីចោទក្រុមប្រទេសលោកខាងលិច ថាកំពុងវាយប្រយុទ្ធដោយ​ផ្ទាល់​មកលើរុស្ស៊ី

នៅក្នុង​ឱកាសអង្គមហាសន្និបាតលើកទី​៧៨​ នៃអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តិធ្វើទៅនៅក្រុងញូយ៉ក លោក​ស៊ែហ្កី ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បាន​ឆក់ឱកាស ថ្លែងសារវាយប្រហារមកលើក្រុម​ប្រទេសលោក​ខាងលិច ដែលមានសហរដ្ឋអាមេរិក​ជាមេដឹកមុខ​។ ក្រៅពីបាន​បរិហារក្រុមប្រទេសលោកខាងលិច ថាជាអាណាចក្រនៃ​ការភូតកុហក លោក​ប្រមុខការទូតរុស្ស៊ីបាន​រិះគន់មិនសំចៃមាត់ មកលើ​អង្គការសហប្រជាជាតិ និងបានទាមទារថាត្រូវតែធ្វើកំណែទម្រង់ស្ថាប័ននេះ ដើម្បីការពារ​ក្រុម​ប្រទេសស្ថិតនៅ​ភាគខាងត្បូងអឌ្ឍគោល​នៃផែនដី​។​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ Sergey Lavrov កំពុងថ្លែសុន្ទរកថា​នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ​ ថ្ងៃទី២៣កញ្ញា​២០២៣
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ Sergey Lavrov កំពុងថ្លែសុន្ទរកថា​នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ​ ថ្ងៃទី២៣កញ្ញា​២០២៣ AP - Mary Altaffer
ផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ក្នុងសប្តាហ៍​កន្លងទៅនេះ សំណុំរឿងធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ត្រូវបាន​គេលើកយកមកជជែកគ្នាយ៉ាងសកម្ម​។ ជាលើកទី១ តាមរយៈសំឡេងរបស់​ប្រមុខការទូតខ្លួន រុស្ស៊ី​បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ និង​បាន​សង្កត់បន្ថែម​នូវពាក្យរិះគន់ខ្លាំងៗ មកលើស្ថាប័ន​កំពូលនេះ ទាំងដែលធាតុពិត គឺរុស្ស៊ី​ខ្លួនឯង ដែលជាអ្នក​បាន​ប្រើសិទ្ធិវ៉េតូច្រើនដងជាងគេ ដើម្បីរារាំងដំណើរការរបស់ក្រុមប្រឹក្សាសន្តិសុខ​។

នៅចំពោះមុខ​​អង្គមហាសន្និបាត លោក​ស៊ែហ្កី ឡាវរ៉ូវ បាន​លើកឡើងថា “សម្រាប់រុស្ស៊ី គឺវាច្បាស់ណាស់ ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដែល​រណបអាយ៉ាង បាននិងកំពុងតែ​បង្កវិវាទ​គ្រប់ទីកន្លែង ធ្វើ​ឲ្យ​ពិភពលោក​បែកបាក់គ្នា​ជាច្រើនក្រុម​”។ លោក  ​ស៊ែហ្កី ឡាវរ៉ូវ បន្តថា “ក្រុមប្រទេសលោក​ខាងលិច ប្រឹងគ្រប់មធ្យោបាយ​ដើម្បីរារាំង កុំ​ឲ្យ​ពិភពលោក​មាន​សណ្តាប់ធ្នាប់រួមមួយ ដែលយុត្តិធម៌ និង​ពហុប៉ូល។ អ្វីដែលពួកគេចង់បាន គឺចង់តែដាក់សំពាធ​ ឲ្យពិភពលោកធ្វើតាម​វិធានច្បាប់ដែលគេចង់បាន ដែល​បម្រើ​អត្ថប្រយោជន៍​គេតែប៉ុណ្ណោះ”។

តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គុយស្តាប់​សុន្ទរកថារបស់​លោក​ប្រមុខការទូតរុស្ស៊ី នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ
តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គុយស្តាប់​សុន្ទរកថារបស់​លោក​ប្រមុខការទូតរុស្ស៊ី នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ AP - Mary Altaffer

សូមបញ្ជាក់ថា ក្រោយ​ចប់សុន្ទរកថានេះ លោក​ស៊ែហ្កី ឡាវរ៉ូវ បានធ្វើស​ន្និសីទកាសែតមួយ កាលពីថ្ងៃសៅរ៍ទី​២៣កញ្ញា​។ អ្នកកាសែត បានចោទសួរលោក​ អំពី​ “ផែនការសន្តិភាព” ដែល​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានស្នើនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ហើយយោងតាម​ផែនការនេះ អ៊ុយក្រែនទាមទារ​ឲ្យ​រុស្ស៊ីត្រូវដកទ័ពចេញទាំងស្រុងពីទឹកដីអ៊ុយក្រែន​។ លោកឡាវរ៉ូវ បាន​ឆ្លើយទៅកាន់អ្នកកាសែតថា ផែនការនេះគឺមិនអាចសម្រេច​ទៅបានជាដាច់ខាត ព្រោះគ្មានថ្ងៃទេ ដែលរុស្ស៊ីនឹងដកទ័ពចេញពីអ៊ុយក្រែន​។

អ្នកកាសែត បានជជីកសួរបន្តទៀត ស្តីអំពីការចូលរួម​របស់​ក្រុមប្រទេសលោកខាងលិច នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន​។ លោក​ឡាវរ៉ូវ បានឆ្លើយថា គ្រប់គ្នា​ដឹងច្បាស់ហើយ ថាអាមេរិក អង់គ្លេស និងបក្សពួកផ្សេងទៀត កំពុងតែវាយប្រយុទ្ធមកលើរុស្ស៊ីដោយ​ផ្ទាល់ ដោយ​ខ្ចី​ដៃ​ខ្ចី​កម្លាំង​ទាហាន​របស់​អ៊ុយក្រែន​។ លោក​ប្រមុខការទូតរុស្ស៊ី បាន​បន្តទៀតថា តាមរយៈការផ្តល់អាវុធដ៏សន្ធឹកមកឲ្យអ៊ុយក្រែន គឺក្រុមប្រទេសលោក​ខាងលិច ដែលមានអាមេរិកជាមេដឹកច្រមុះនោះ មិន​មែនចង់​ជួយអ៊ុយក្រែននោះទេ។ តែក្រុម​នេះ ចង់​វាយ​ប្រយុទ្ធមកលើរុស្ស៊ីដោយ​ផ្ទាល់​។ លោក​ឡាវរ៉ូវ ចោទបរិហារទៀតថា ក្រុមប្រទេសលោកខាងលិចកំពុងធ្វើ​ “សង្គ្រាមលាក់មុខ” ដែល​ធាតុពិតជាក់ស្តែង​ គឺវាគ្មានខុសអ្វី ពីសង្គ្រាម​មែនទែននោះឡើយ​ ព្រោះថាពួកលោកខាងលិច ផ្តល់​លុយ ផ្តល់អាវុធ និង​បានបញ្ជូន “ពួកទាហានស៊ីឈ្នួល” ទៅអ៊ុយក្រែនថែមទៀតផង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ