អានតួអត្ថបទ
ស្វីស-អាកាសធាតុ

ត្រឹម​តែ២ឆ្នាំចុងក្រោយ ផ្ទាំងទឹកកកនៅស្វីសរលាយ​អស់ ក្នុងទំហំ​ស្មើនឹង​ចន្លោះពី​ឆ្នាំ​១៩៦០-១៩៩០

ក្នុងរវាង២ឆ្នាំ​ចុងក្រោយ ផ្ទាំងទឹកកក​នៅ​លើភ្នំប្រទេសស្វីស បានរលាយ​ហូរជាទឹក អស់ក្នុងទំហំ ស្មើនឹង​ទំហំរលាយ ក្នុងរយៈពេល​​៣០ឆ្នាំ រវាងពីឆ្នាំ​១៩៦០ដល់១៩៩០។ យោងតាម​របាយការណ៍​ស្រាវជ្រាវថ្មី ដែលទើបតែចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍ ទី​២៨កញ្ញា គឺលក្ខខណ្ឌឧតុនិយម​ ដែល​កាន់តែដុនដាបខ្លាំង​​ទៅ ដោយសារតែបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យ​ផ្ទាំងទឹកកក​នៅលើភ្នំស្វីស​ រលាយអស់​​យ៉ាងលឿនរហ័សបែបនេះ​។

ទង់ជាតិស្វីស នៅលើផ្ទាំងទឹកក Rhone glacier តំបន់ Obergoms ប្រទេសស្វីស ថ្ងៃទី​២៦កញ្ញា ២០២៣
ទង់ជាតិស្វីស នៅលើផ្ទាំងទឹកក Rhone glacier តំបន់ Obergoms ប្រទេសស្វីស ថ្ងៃទី​២៦កញ្ញា ២០២៣ REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

តើ​ទៅថ្ងៃអនាគត ទេសភាព​ទឹកកកសក្បុះនៅ​លើកំពូលភ្នំស្រុកស្វីស អាចនឹងមានទៀតទេ?

រដូវរងារ ទឹកកកធ្លាក់កាន់តែតិចទៅៗ ហើយរដូវក្តៅវិញ សីតុណ្ហភាពកាន់តែ​ក្តៅខ្លាំងទៅៗ​។ នៅរវាងឆ្នាំ​២០២២ ២០២៣ ​ផ្ទាំងទឹកកកនៅស្វីស បាន​រលាយ​អស់ក្នុងទំហំ​ប្រមាណ​ជា​១០% នៃកម្រាសនិងទំហំរួមរបស់វា។ នេះបើផ្អែកតាម​ការសិក្សាពិនិត្យ របស់ក្រុមអ្នកជំនាញ​ នៅបណ្ឌិតសភាស្វីសដើម្បី​ការសិក្សាវិទ្យាសាស្ត្រធម្មជាតិ​។ ជា​ការសន្និដ្ឋានដ៏ច្បាស់ គឺ​ផ្ទាំងទឹកកកនៅស្វីស បានរលាយកាន់តែលឿនរហ័ស។

ពីមួយឆ្នាំទៅ​មួយឆ្នាំ កត្តាឧតុនិយមកាន់តែមិនអំណោយ​ផល ដល់តុល្យភាព​លំនឹងនៃទំហំ​ផ្ទាំងទឹកកក​។ ឆ្នាំ​២០២២ផ្ទាំងទឹកកកនៅស្វីសបាន​រលាយ ស្រកទំហំ​អស់​ប្រមាណ​៦% ដែលជាទំហំ​រលាយ​ស្រកដ៏ច្រើនមិនធ្លាប់​មានរួចទៅហើយ។ នៅ​ឆ្នាំ​២០២៣ ទំហំ​នេះចុះស្រកចំនួន​៤%បន្ថែមទៀត។

លោក​ Mathias Huss ប្រធាន​​បណ្តាញ​ទិន្នន័យស្រាវជ្រាវ​អំពីផ្ទាំងទឹកកកស្វីស (Glamos) បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា​ ជាមួយនឹងល្បឿន​ដូច​២ឆ្នាំកន្លងមកនេះ គឺនៅឆ្នាំខាងមុខៗ វានឹងក្លាយជាឆ្នាំដ៏អាក្រក់សម្រាប់ផ្ទាំងទឹកកក។ លោក​​បានអំពាវនាវថា ត្រូវតែមានវិធានការ​ឲ្យបានឆាប់​បំផុត ដើម្បីរក្សាលំនឹង​អាកាសធាតុ ដោយ​ធ្វើ​យ៉ាងណា ទាញ​ការបញ្ចេញ​​ឧស្ម័នកាបូនិក ឲ្យមកនៅត្រឹមសូន្យ ប្រសិនបើគេចង់រក្សា​ផ្ទាំងទាំងកកនៅស្វីស ឲ្យនៅគង់វង្សក្នុងទំហំ​១ភាគ៣។ លោក​ថ្លែងក្នុងក្តីអស់សង្ឃឹមថា ទៅថ្ងៃអនាគត ផ្ទាំងទឹកកកតូចៗអាចនឹងរលាយអស់រលីង ខណៈផ្ទាំងធំៗអាចរួញខើចនៅសល់​ទំហំតូច។ តែយ៉ាងណា ក៏វាអាចនៅសល់ខ្លះ នៅ​តាមកំពូលភ្នំ​ខ្ពស់ៗ​​ ដើម្បីទុកឲ្យ​កូនចៅជំនាន់​ក្រោយ​បានឃើញដែរ​។​

យោងតាមរបាយការណ៍​សិក្សា នៅតំបន់ភាគខាងត្បូងស្វីស ផ្ទាំងទឹកកកបានរលាយ​នៅឆ្នាំ​២០២៣ មានទំហំសឹងតែស្មើឆ្នាំ​២០២២ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង​។ យ៉ាងណាមិញ តំបន់​ Valais និង​ Engadine គេសង្កេតឃើញថាផ្ទាំងទឹកកកដែលស្ថិតនៅកំពស់ ៣២០០ម៉ែត្រ ក៏បានចាប់ផ្តើមរលាយ​ដែរ។ តាមធម្មតាពីមុនមក នៅកំពស់​ខ្ពស់បែបនេះ គឺផ្ទាំងទឹកកក​អាចរក្សាតុល្យភាពបាន​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​។ តែ​ខែ​មិថុនាឆ្នាំ​២០២៣ សីតុណ្ហភាពក្តៅខ្លាំងនៅស្វីស បាន​ធ្វើឲ្យរលាយអស់ នូវ​​​ស្រទាប់ព្រឹលទឹកកកដែល​បានធ្លាក់កាលពីរដូវរងារ​​ ក្នុងរយៈពេល​​ចន្លោះពី​២ទៅ​៤សប្តាហ៍​​លឿនជាង​ធម្មតា។

គួរបញ្ជាក់ថា ស្វីសត្រូវគេចាត់ទុក​ថា គឺជា​អ្នក​ផ្គត់ផ្គង់ទឹក​សម្រាប់អឺរ៉ុបទាំងមូល តាមរយៈផ្ទាំងទឹកកកធំៗ ដែលមានចំនួន​ប្រមាណ​១៤០០ទីតាំងនៅតាមកំពូលភ្នំ។ គឺផ្ទាំងទឹកកកទាំងនេះហើយ ដែលជាអ្នកផ្គត់​ផ្គង់ទឹ ក​ទៅតាមបឹង ស្ទឹង​ ទន្លេនានា​នៅអឺរ៉ុប។​ ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល សិក្សាអំពី​ការវិវឌ្ឍន៍​អាកាសធាតុ ហៅកាត់ថា GIEC បានចាត់ទុក​ ការរលាយ​ផ្ទាំងទឹកកក ថា​គឺជាការគំរាមដ៏ធំមួយក្នុងចំណោម​១០ ដែល​បណ្តាល​មកពីការកើនឡើងនៃកំដៅផែនដី​។ ហើយ​ផ្អែកតាម របាយការណ៍​មួយទៀត ចេញផ្សាយ​កាលពីខែមករា ក្នុង​ទស្សនាវត្តី​ The Science បាន​អះអាងថា ប្រសិនបើ​មនុស្សយើង មិនអាចទប់​សីតុណ្ហភាព​ផែន​ដីកុំឲ្យ​ឡើងលើសពី​ ១,៥°c ទេនោះ មានន័យថា​យ៉ាងហោចណាស់ ផ្ទាំងទឹកកកចំនួន​ពាក់កណ្តាល​ នៅទូទាំងពិភពលោក នឹងត្រូវតែ​រលាយ​អស់​ដោយ​ចៀសមិនរួច នៅរវាង​ចុង​សតវត្សទី​២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ