អានតួអត្ថបទ
បញ្ញាសិប្បនិម្មិត

ពិភពលោកព្រមព្រៀងសហការគ្នា​​គ្រប់​គ្រង​ហានិភ័យ​នៃ​បញ្ញាសិប្បនិម្មិត

ជំនួប​កំពូល​ពិភពលោក​ស្តីពី​ហានិភ័យ​និ​ងសន្តិសុខ​បញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្ត​ទៅ​ជា​លើ​ទី​មួយ​នៅ​ប្រទេស​អង់គ្លេស​ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២​វិច្ឆិកា​២០២៣ម្សិលមិញ។ ជា​លទ្ធផល រដ្ឋាភិបាល​និង​ក្រុមហ៊ុន​សហគ្រាស​បាន​ព្រមព្រៀង​ធ្វើ​ការ​រួម​គ្នា​ជុំ​វិញ​សន្តិសុខ​នៃ​គំរូ​បញ្ញា​សិប្បនិម្មិត​ថ្មី​សិន មុននឹង​ដាក់​ឱ្យ​ប្រើប្រាស់។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ថ្លែង​បិទ​បញ្ចប់​ជំនួប​កំពូល​ស្តីពី​បញ្ញា​សិប្បនិម្មិត
នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ថ្លែង​បិទ​បញ្ចប់​ជំនួប​កំពូល​ស្តីពី​បញ្ញា​សិប្បនិម្មិត via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ដូច​ក្តី​រំពឹង​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស រីស្ហ៊ី​ ស៊ូណាក់ រដ្ឋាភិបាល​ជាង​៣០​​​ប្រទេស និង​ក្រុមហ៊ុន​សហគ្រាសបច្ចេកវិទ្យា​ធំៗ​នៅ​លើ​ពិភពលោក បាន​យល់​ព្រម​ព្រៀង​ ធ្វើ​ការ​រួម​គ្នា​ ជុំ​វិញ​ហានិភ័យ​និង​សុវត្ថិភាព​ដែល​អាច​បង្ក​ឡើង​ដោយ​គំរូ​ឬ​កម្មវិធី​បញ្ញសិប្បនិម្មិត​ថ្មី ជា​មុនសិន មុន​នឹង​ដាក់ឱ្យ​ដំណើរ​ការ។ សម្រាប់​និង​រហូត​មក​ទល់​ពេល​នេះ អ្នក​ធ្វើ​តេស្តគំរូ (មូឌែល​​)បញ្ញា​សិប្បនិម្មិត​ចេញ​ថ្មី​ គឺ​​ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍ​មូឌែល​នោះ។ នេះ​ជា​ការ​ពន្យល់​លម្អិត​របស់​លោក​នាយករដ្ឋមន្ត្រី​ស៊ូណាក់ ដោយ​បន្ថែម​ថា ជា​មួយ​លោកស្រី​អនុប្រធានាធិបតី​អាមេរិក អង់គ្លេស​បាន​សម្រេច​ចិត្ត​បង្កើត​វិទ្យាស្ថាន​សន្តិសុខ​បញ្ញា​សិប្បនិម្មិត ដោយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ទាំងពីរ។

អង្គការ​​ក្រុម​អ្នក​ជំនាញអន្តររដ្ឋាភិបាល​​បញ្ញាសិប្បនិម្មិត​ តាម​គំរូ​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ហៅកាត់​ថា​Giec ក៏​ត្រូវ​បង្កើត​ឡើង​ដែរ។ ក្រុម​ការងារអន្តររដ្ឋាភិបាល​នឹង​ចេញ​របាយការណ៍​ជា​រៀង​រាល់​ឆ្នាំ​ស្តីពី​ហានិភ័យ​នៃ​បញ្ញា​សិប្បនិម្មិត។

​ថ្វីបើក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ​ជំនួប​កំពូល​​បាន​ផ្តោត​ការ​ពិភាក្សា​ទៅ​លើ​សក្តានុពល​នៃ​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​មែន តែ​​លោក​ស៊ូណាក់​មាន​ជំនឿ​ថា មិន​ទាន់​ដល់​ពេល​ដែល​​​សហគមន៍​អន្តរជាតិ​ត្រូវ​មាន​ស្ថាប័ន​មួយ​​សម្រាប់ចាត់​ចែង​បញ្ញា​សិប្បនិម្មិត​ទេ។ ប៉ុន្តែលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ស្វែង​រក​ដំណោះ​ស្រាយ​រួម ជា​និរន្ត​និង​ទូលំទូលាយ​សម្រាប់​ប្រឈម​នឹង​ហានិភ័យធ្ងន់ធ្ងរ​​ដែល​អាច​បង្កឡើង​ដោយបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត។ សម្រាប់​លោក​អគ្គលេខាធិការ​ គោលការណ៍​នៃអភិបាលកិច្ច​បញ្ញសិប្បនិម្មិត​ត្រូវ​ផ្អែក​លើធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

ជំនួប​កំពូល​ពីរ​ទៀត​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​​ឡើង​ដើម្បី​បន្ត​ជជែក​អំពី​បញ្ហា​សន្តិសុខ​បញ្ញាសិប្បនិម្មិត​នេះ៖ ក្នុង​ទម្រង់​ជា​ជំនួបកំពូល​អនឡាញ​នៅ​៦​ខែ​ខាង​មុខ​ដឹកនាំ​ដោយ​កូរ៉េខាង​ត្បូង និង​ជា​ការ​ជួប​ជុំ​ដោយ​បង្ហាញ​វត្តមាន​ផ្ទាល់​នៅ​ក្រុង​ប៉ារីស នៅ​មួយឆ្នាំ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ