អានតួអត្ថបទ
អង់គ្លេស-សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី​អង់គ្លេស ទៅអាមេរិកដើម្បី​ជជែក​អំពី​បច្ចេកវិទ្យា​និង​ការការពារ​ជាតិ

លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បំពេញ​ទស្សនកិច្ច​របស់ពេល​ពី​រ​ថ្ងៃ។ នៅរសៀល​​ថ្ងៃ​ព្រហស្បតិ៍​ទី៨មិថុនា លោកស៊ូណាក់ នឹង​ចូល​ជួប​លោកប្រធានាធិបតី​អាមេរិក ចូបៃដិន ដើម្បី​ពិភាក្សា​អំពី​តួនាទី​របស់​អង់គ្លេស​ ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត នាពេល​អនាគត​ផង និង​ក្នុង​វិស័យ​ការពារ​ជាតិ​ផង។

ឡោកប្រធានាធិបតី​អាមេរិក​និង​នាយករដ្ឋមន្ត្រី អង់គ្លេស កាលពី​ថ្ងៃទី ១៣ មីនា ២០២៣
ឡោកប្រធានាធិបតី​អាមេរិក​និង​នាយករដ្ឋមន្ត្រី អង់គ្លេស កាលពី​ថ្ងៃទី ១៣ មីនា ២០២៣ © AP / Evan Vucci
ផ្សាយពាណិជ្ជកម្ម

ឡុងដ៍ និង​វ៉ាស៊ីនតោន មាន​ជំហរ​តែ​មួយ មិន​ថា​​ក្នុង​ជម្លោះ​នៅអ៊ុយក្រែន ឬ​ការ​ប្រឈម​ជាមួយចិន​ទេ តែ​លោក​នាយករដ្ឋមន្ត្រីស៊ូណាក់ ​ត្រូវការ​ចង់​​ពង្រឹង​តួនាទី​របស់​អង់គ្លេស​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​​ទៀត ក្រោយ​ពី​ចាកចេញ​ពី​អឺរ៉ុបផង និង​កម្តៅ​ទំនាក់ទំនង​អាមេរិក-អង់គ្លេស ដែល​ធ្លាក់​ចុះ​ខ្លាំង​ក្រោម​​រដ្ឋបាល​របស់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ពីរ​រូប​មុន គឺ​លោក បូរីស ចនស៊ុន និង​លោកស្រី​ លីស ទ្រូស្ស៍ ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផង។

ជាង​នេះទៅ​ទៀត បើ​តាម​សារព័ត៌មាន​អង់គ្លេស លោក​ ស៊ូណាក់ ប្រាថ្នា​ជួប​ ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ចូបៃដិន នៅ​សេតវិមាន ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក ឱ្យ​គាំទ្រ​សំណើ​សុំ​ដាក់​ទីតាំង​អនាគត​ការិយាល័យ​គ្រប់គ្រង់​បញ្ញា​សិប្បនិម្មិត នៅទីក្រុង​ឡុងដ៍ ដែល​​ធ្លាប់​មាន​បទ​ពិសោធន៍​ និង​វត្តមាន​ផ្នែក​បច្ចេកវិទ្យា​ច្រើន​។ ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​កំពុង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ពាក្យ​សន្យា​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម​G៧ កាលពី​ខែ​មុន ជុំ​វិញ​កា​រប្រើប្រាស់​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត។ ថ្វីបើក្នុង​​ផ្នែក​បញ្ញាសិប្បនិម្មិត​​និង​ពាណិជ្ជកម្ម​ ​​អាមេរិក​ ​មាន​ជំហរ​ស្រប​គ្នា​ខ្លាំងនឹង ​អង់គ្លេស ជាង​ជាមួយ​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏​បើ​តាម​អ្នក​វិភាគ​លោក​ចូបៃដិន ទំនង​ជា​មិន​បណ្តោយ​តាម​ទេ។

​​​​សង្គ្រាម​អ៊ុយក្រែន​ ជា​សំណុំ​រឿងដ៏​ចម្បង នៃ​ជំនួប​រវាង​​លោក​ស៊ូណាក់នឹង​​លោក​បៃដិន ដោយ​មិន​រំលង​ឡើយ​សំណុំ​រឿង​​ការពារជាតិ។ បើ​តាម​សារព័ត៌មាន​អង់គ្លេស​មួយ​ចំនួន​ធំ លោក​ស៊ូណាក់ ចង់​រុញ​​រដ្ឋមន្ត្រីការពារ​ជាតិ​អង់គ្លេស​ឱ្យ​បាន​ក្លាយ​ជា​ប្រធាន​អង្គការ​អូតង់ ជំនួស​លោក ស្តុលទែនប៊ែរ ដែល​នឹង​ផុត​អាណត្តិ​នៅ​ខែ​តុលា​ខាង​មុខ។ តែ​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​អាមេរិក ថា​អាមេរិក​មានជំហរ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ដែរ ដោយ​សមាជិក​អឺរ៉ុប​មួយ​ចំនួន​ចង់​ឃើញ​មេដឹកនាំ​អូតង់​ថ្មី​ជា​ស្ត្រី ជា​លើក​ទីមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ