អានតួអត្ថបទ
អង់គ្លេស-លាងលុយ

របាយការណ៍៖ អង់គ្លេសនិងប្រព័ន្ធហិរញ្ញវត្ថុសម្រួលជួយឥស្សរជនពុករលួយអាស៊ីកណ្តាល

អង់គ្លេស​ និងប្រព័ន្ធហិរញ្ញវត្ថុដ៏មានឥទ្ធិពលរបស់ប្រទេស​នេះ​បានក្លាយជា​អ្នកបើកផ្លូវ ជួយឥស្សរជនពុករលួយមកពីបណ្តាប្រទេសនៅ​អាស៊ីកណ្តាល។ នេះបើតាម​​របាយការណ៍ ដែលគណៈកម្មការ​កិច្ចបរទេសរបស់សភាអង់គ្លេស ចេញផ្សាយ​កាលពី​ថ្ងៃសុក្រទី​១០​វិច្ឆិកា​។ នៅក្នុងសេចក្តីប្រកាស​ព័ត៌មាននៅថ្ងៃ​ដដែល គណៈកម្មការសភាអង់គ្លេស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលអង់គ្លេស​ ​ផ្តល់​ធនធាន​បន្ថែមដើម្បី​ពង្រឹង​សមត្ថភាពភ្នាក់ងារប្រយុទ្ធប្រឆាំង​ការលាយលុយកខ្វក់តាមរយៈប្រព័ន្ធ​ធនាគារអង់គ្លេស។

ឡុងដ៍ ទីក្រុងហិរញ្ញវត្ថុសំខាន់មួយក្នុងពិភពលោក
ឡុងដ៍ ទីក្រុងហិរញ្ញវត្ថុសំខាន់មួយក្នុងពិភពលោក AP - Kirsty Wigglesworth
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស និង​ប្រព័ន្ធហិរញ្ញវត្ថុដ៏មានឥទ្ធិពលរបស់ប្រទេស​នេះ​បាន​ក្លាយជាអ្នកជួយសម្រួលបើកផ្លូវ​ដ៏សំខាន់​សម្រាប់​ឥស្សរជនពុករលួយនៅបណ្តាប្រទេស​អាស៊ីកណ្តាល ដែលមាន​ដូចជា​កាហ្សាក់ស្ថាន កៀហ្សីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និង​អ៊ូសបេគីស្ថាន។ នៅក្នុងរបាយការណ៍របស់ខ្លួន​កម្រាស់​៧០ទំព័រ គណៈកម្មការកិច្ចការបរទេស​របស់សភាអង់គ្លេស​ ​លើកឡើងពីការជាប់ពាក់ព័ន្ធគ្នា​រវាង​ការជួញដូរ​គ្រឿងញៀន​នៅអាស៊ីកណ្តាល ​ហើយនិង​ថ្នាក់ដឹកនាំ ឥស្សរជនរបស់ប្រទេស​ទាំងនេះរួមទាំងបទឧក្រិដ្ឋដែលមានការរៀបចំ។

បើតាមរបាយការណ៍របស់សភាអង់គ្លេស លុយកខ្វក់ដែលមានប្រភពចេញមកពីការជួញដូរគ្រឿងញៀននៅអាស៊ីកណ្តាល​ បានឆ្លងកាត់ធនាគារ​អង់គ្លេស ដូចជា​City of Londonជាដើម។ សម្រាប់​​គណៈកម្មការកិច្ចការបរទេសរបស់សភាអង់គ្លេស ច្បាស់ណាស់ថា ការអនុវត្តមានកម្រិតនៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ​ភាពអសកម្មបានធ្វើឲ្យអង់គ្លេស​ជាប់ឈ្មោះជាអ្នកចូលរួមប្រព្រឹត្តបទឧក្រិដ្ឋ និង​អនុញ្ញាតឲ្យ​ពួកឥស្សរជនអាស៊ីកណ្តាល​អាច​លាងលុយកខ្វក់បានមកពីការជួញដូរ​គ្រឿងញៀននៅធនាគារអង់គ្លេស ដោយគ្មានខ្លាចញញើត។

នៅត្រង់ចំណុចនេះ របាយការណ៍​របស់សភាអង់គ្លេសលើកយកករណីស៊ើបអង្កេត ​ប្រឆាំង​អតីត​មន្រ្តីជាន់ខ្ពស់​កាហ្សាក់ស្ថានម្នាក់ដែល​គេសង្ស័យថា បានលាងលុយកខ្វក់តាមរយៈ​ការទិញផ្ទះ​៥ខ្នង​នៅទីក្រុង​ឡុងដ៍ដែលមានតម្លៃសរុប ៨០លាន​ផោន។ ប៉ុន្តែ នៅទីបំផុត តុលាការនៅទីក្រុង​ឡុងដ៍​សម្រេចបិទសំណុំរឿង នៅក្នុងហេតុផលមានបញ្ហានីតិវិធី។ បើតាមប្រធាន​គណៈកម្មការកិច្ចការបរទេស​ លោកស្រី Alicia Kearns គេមិនអាចបន្ទោស​ភ្នាក់ងារអនុវត្តច្បាប់បានទេ ព្រោះថាកន្លងមកពួកគេ​ខ្វះធនធានមធ្យោបាយ បើប្រៀបធៀប​នឹង​បុគ្គលអ្នកមានដែលពួកគេស៊ើបអង្កេត។ នៅក្នុងន័យនេះ គណៈកម្មការសភាអង់គ្លេស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ស៊ូណាក់​បង្កើនធនធាន​សម្រាប់​ផ្នែកស៊ើបអង្កេត​ប្រឆាំងឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។

មួយវិញទៀត យោងតាម​របាយការណ៍គណៈកម្មការសភាអង់គ្លេស​ ក្រៅពីដើរតួជាអ្នកសម្របសម្រួល​ជួយ​ក្រុមឥស្សរជន​ពុករលួយនៅអាស៊ីកណ្តាល ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងការកេងបន្លំលួចលុយរដ្ឋ ប្រព័ន្ធធនាគារ​អង់គ្លេសត្រូវ​បានគេប្រើសម្រាប់​គេចវេស​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី។ តាមគណៈក​ម្មការសភាអង់គ្លេស រុស្ស៊ីបាន​ប្រើ​ប្រទេស​អាស៊ីកណ្តាល​ទាំង៥​ស្ពានដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​​នៅក្នុង​សំណុំរឿង​សង្រ្គាមឈ្លានពានអ៊ុយក្រែន។

គណៈកម្មការសភាអង់គ្លេស​អំពាវនាវ​ឲ្យរដ្ឋាភិបាលចាប់ដៃសហការជាមួយ​ប្រទេស​អាស៊ីកណ្តាល​ដើម្បី​ទី១ ​ប្រគល់​លុយដែលគេលួចបន្លំយកចេញពីប្រទេស​អាស៊ីកណ្តាល​ទៅ​ឲ្យម្ចាស់ដើមវិញ និងទី២ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការប្រព្រឹត្តអំពើពុករលួយ និងកាត់បន្ថយការពឹងផ្អែករបស់​ប្រទេស​អាស៊ីកណ្តាល​ទៅលើ​រុស្ស៊ី។

រងការចោទប្រកាន់​ថា​ ធូររលុង មិនសូវ​សកម្មក្នុងការត្រួតពិនិត្យ​លើលំហូរទុនមកពីបរទេស អង់គ្លេស​ ចាប់តាំង​ពី​មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុស្ស៊ី បានបង្កើតច្បាប់ដែលតម្រូវឲ្យម្ចាស់ផ្ទះ​ត្រូវ​ប្រកាស​ឈ្មោះ​និងទ្រព្យសម្បត្តិរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង មាន អចលនទ្រព្យរាប់ម៉ឺននៅអង់គ្លេស​ដែលមានម្ចាស់កម្មសិទ្ធិលាក់មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ