អានតួអត្ថបទ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង​អឺរ៉ុប និង ​អាមេរិកខាងត្បូង មិនទាន់​សម្រេច​ទេ​​មុន​ដាច់​ឆ្នាំនេះ

សហគមតំបន់​សេដ្ឋកិច្ច​អាមេរិក​ខាង​ត្បូង ឬ​តំបន់​អាមេរិក​ឡាទីន ហៅកាត់ថា Mercosur មាន​​សមាជិក​ជាង​១០ ប្រទេស ហើយ​ ដឹកនាំមុខ​គេ​ដោយ អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ ប៉ារ៉ាហ្គាយ​ និង វ៉េណេស៊ុយអេឡា ជាដើម។ ចំណែក​ សហភាព​អឺរ៉ុប មាន ​២៧ ប្រទេស។ តំបន់​ប៉ូលសេដ្ឋកិច្ច​ទាំង​ពីរ​ ​ចាប់ផ្តើមជជែកគ្នា​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ​ប្រសិនបើ​គេ​បូក​ទាំង​ពីរ​តំបន់​ចូលគ្នា នោះគឺ​ទំហំ​ផ្លាស់ប្តូរ​ពាណិជ្ជកម្មសេរី នឹង​ធំ​ជា​ងគេ​លើពិភពលោក។ ក៏ប៉ុន្តែ អ្នកវិភាគ​ប្រមើលមើលឃើញថា​ នៅមាន​ការ​រាំង​ស្ទះ​ជា​ច្រើន ហើយក៏​​ទំនង​ជា​រក​មិនទាន់​ឃើញ​កិច្ចព្រមព្រៀង​ជាក់លាក់ណាមួយ​​ទេ នៅមុន​​បំណាច់​ឆ្នាំ​២០២៣នេះ។​

ថ្នាក់ដឹកនាំ​ប្រស៊ីល និង​អាល្លឺម៉ង់​ សំណេះសំណាល់គ្នា​នៅថ្ងៃទី​៤ធ្នូ។​
ថ្នាក់ដឹកនាំ​ប្រស៊ីល និង​អាល្លឺម៉ង់​ សំណេះសំណាល់គ្នា​នៅថ្ងៃទី​៤ធ្នូ។​ REUTERS - ANNEGRET HILSE
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ រវាង អាមេរិក​ឡាទីន និង​សហភាព​អឺរ៉ុប គឺត្រូវតំបន់​សេដ្ឋកិច្ច​ទាំងពីរ បាន​ចរ​ចា​គ្នា​ ជាច្រើន​ឆ្នាំមកហើយ ក៏ប៉ុន្តែ នៅតែមិនបាន​​សម្រេច។  មិន​បាន​សម្រេច ​ក៏ពីព្រោះតែពីមុនមក ប្រេស៊ីល យកជើង​រាទឹក។ ប្រេស៊ីល នៅក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ Jair Bolsonaro កាប់​ព្រៃ​តំបន់​អាម៉ាហ្សូន និង​បំផ្លាញ់បរិស្ថាន ហើយ​​ការ​​​អភិរក្ស​បរិស្ថាន​ធម្មជាតិ ​ជាលក្ខខណ្ឌតម្រូវ​ចាំបាច់​របស់​សហភាព​អឺរ៉ុប។ លុះដល់​ប្រធានាធិបតីប្រេស៊ីល​ថ្មីលោក Lula គឺ​បាន​សន្យាកែតម្រូវ​នយោបាយ​បរិស្ថាន​ និង​ងាក​មក​ចូលតុចរចា​ឡើងវិញ។ ប៉ុន្តែ លើកនេះ គឺដល់វេន​ បារាំង ​ទៅវិញ ដែល​ជំទាស់។

ប្រធានាធិបតីបារាំង​ បាន​ជួប​ផ្ទាល់​មួយ​ទល់មួយ​ជាមួយ​ ប្រធានាធិបតីប្រេស៊ីល ​នៅ​ទីក្រុង​ឌូបៃ​ថ្មីៗនេះ​ ហើយ​លោក ​ម៉ាក្រុង​ បាន​ថ្លែង ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ពេលនេះ ​​​មាន​លក្ខណៈ​មិនទាន់​គ្រប់គ្រាន់ទេ ពោលគឺនៅ​ចន្លោះប្រហោង​នៅឡើយ។ ចន្លោះប្រហោង​​​ទាក់ទង​នឹង​ការ​ថែរក្សា​ប្រព័ន្ធ​ជីវចម្រុះ​និង​​​បរិស្ថាន​អាកាសធាតុ​។

ទន្ទឹម​​នឹងគ្នា​នេះ បារាំង​និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ព្រួយ​បារម្ភ​អំពី​បញ្ហាវិស័យ​កសិកម្ម​។ ផ្ទុយទៅវិញ​ អាល្លឺម៉ង់​ ជាក្បាល​ម៉ាស៊ីន​មួយធំ​​របស់​សហភាព​អឺរ៉ុប គឺ​ចង់​ឲ្យ​ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ​កើត​ឡើង​ឆាប់ ពីព្រោះ​អាល្លឺម៉ង់​យល់ថាវា​នឹងមាន​សារៈសំខាន់​ណាស់​ចំពោះ​ឧស្សាហកម្ម​របស់ខ្លួន។

ប្រធានាធិបតីប្រេស៊ីល​ លោក Lula ទំនង​ជា​បាន​ដឹង​ដែរថា កិច្ចព្រមព្រៀង​មិនអាច​ចុះហត្ថលេខា​ទៅរួច​ទេ ​នៅ​ចុង​ឆ្នាំនេះ​ ប៉ុន្តែ​លោក​បាន​លើកបង្ហាញថា បើ​ចុះ​កិច្ចព្រមព្រៀង​មិនកើត ក៏​តាម​ហ្នឹងទៅ ប៉ុន្តែ សូម​កុំ​ទម្លាក់​កំហុស​លើ​ប្រេស៊ីល ឬ​ប្រទេស​​អាមេរិក​ខាង​ត្បូង ថា​គ្មាន​សុច្ឆន្ទៈឲ្យសោះ​។ ​

ទោះជាយ៉ាង​នេះក្តី​ គេ​ក៏​កំពុង​តែ​រង់​ចាំ​មើល​ជំហរ​ផ្លូវ​ការ​របស់​ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី ដែល​ត្រូវ​ចូល​កាន់​តំណែង​នៅថ្ងៃទី​១០ធ្នូ​ខាងមុខ។​

សម្រេច​សម្រួល​ទៅ គ្រប់​ភាគី​បាន​ដឹងច្បាស់ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អាមេរិកឡាទីន និងសហភាពអឺរ៉ុប ធ្វើទៅ​មិនរួច​ នៅមុន​ដាច់​ឆ្នាំនេះឡើយ។ ធ្ងន់ធ្ងន់ជាងនេះទៀត អ្នក​ស្រាវជ្រាវ Bruno Binetti នៃមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ London School of Economics ប្រមើលមើលឃើញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ ស្លាប់​បាត់​ទៅហើយ គ្រាន់តែ​ថា​ គេ​មិន​និយាយ និង​​មិន​កប់​ចោល តែប៉ុណ្ណោះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ