អានតួអត្ថបទ
បាញ់រះនៅឆែក

ការបាញ់រះនៅ​ឆែក៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបាញ់សម្លាប់មនុស្ស​១៤នាក់

ប៉ុន្មានម៉ោង​ក្រោយ​ហេតុការណ៍​បាញ់រះសម្លាប់មនុស្ស​នៅ​ក្នុងសកលវិទ្យាល័យ​ដ៏ល្បីឈ្មោះ ក្នុងទីក្រុង​ប្រាក អាជ្ញាធរ​ឆែកកំពុងស៊ើបអង្កេត​រក​ហេតុផល​ដែលធ្វើ​ឲ្យ​និស្សិតអាយុ​២៤​ឆ្នាំ ក្លាយជា​ខ្មាន់កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅទីក្រុង​ប្រាក កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២១ ធ្នូ។ យ៉ាងណាក៏ដោយ ប៉ូលិស​ឆែក​អះអាងថា ការបាញ់រះ​សម្លាប់​មនុស្ស នៅក្នុង​សកលវិទ្យាល័យ ជាករណី​ដាច់ដោយឡែក គ្មាន​ជាប់ទាក់ទង​នឹងបញ្ហា​ភេរវកម្ម​អន្តរជាតិ។

និស្សិតនាំគ្នាមកលាក់ខ្លួន​នៅរបៀងសាលាដើម្បីគេ​ចពីខ្មាន់កាំភ្លើង​ដែលចូលបាញ់រះសម្លាប់មនុស្ស​នៅ​សកលវិទ្យាល័យក្នុងទីក្រុង​ប្រាក ថ្ងៃទី ២១​ធ្នូ ២០២៣
និស្សិតនាំគ្នាមកលាក់ខ្លួន​នៅរបៀងសាលាដើម្បីគេ​ចពីខ្មាន់កាំភ្លើង​ដែលចូលបាញ់រះសម្លាប់មនុស្ស​នៅ​សកលវិទ្យាល័យក្នុងទីក្រុង​ប្រាក ថ្ងៃទី ២១​ធ្នូ ២០២៣ © Ivo Havranek / Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជាជនឆែក​រន្ធត់តក់ស្លុត​នឹង​ហេតុការណ៍​បាញ់រះ នៅក្នុងសកលវិទ្យាល័យ កណ្តាលទីក្រុង​ប្រាក កាលពីថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​សម្លាប់​មនុស្ស១៤នាក់ និង​របួស ២៥នាក់ ដែលនៅក្នុងនោះ ១០នាក់​របួសធ្ងន់។

សោកនាដកម្ម ដែល​សម្លាប់​មនុស្ស​ដ៏ច្រើនមិនធ្លាប់​មាន​នៅសាធារណរដ្ឋ​ឆែក បាន​កើតឡើង នៅ​ពេល​ខ្មាន់កាំភ្លើង​អាយុ​២៤ឆ្នាំ ចូលទៅ​បាញ់រះ​សម្លាប់មនុស្ស​ដោយ​ឥតរើសមុខ នៅក្នុង​សកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​របស់​ឆែក គឺ Charles de Prague។

មកដល់​ថ្ងៃ​សុក្រ ប៉ូលិស​ឆែក​នៅបន្ត​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ដែលធ្វើ​ឲ្យខ្មាន់កាំភ្លើង​ លើកដៃ​បាញ់រះសម្លាប់​មនុស្ស​នៅក្នុង​សកលវិទ្យាល័យ។ យោងតាម​ប៉ូលិស​ឆែក ខ្មាន់កាំភ្លើង ធ្លាប់ជា​និស្សិតមហាវិទ្យាល័យ​វិចិត្រសិល្បៈ ដែលជាផ្នែកមួយ​នៃ​សកលវិទ្យាល័យCharles de Prague។ ប៉ូលិសសង្ស័យថា ខ្មាន់កាំភ្លើង​អាចជាប់ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ឪពុកកូន ពីរនាក់​នៅក្នុង​ព្រៃ កាលពីថ្ងៃទី ១៥ធ្នូកន្លងទៅ។

នៅប៉ុន្មានម៉ោង​មុន​កើតហេតុ ប៉ូលិស​បាន​ទៅស្វែងរក​ជនរូបនេះ នៅ​មហាវិទ្យាល័យវិចិត្រ​សិល្បៈ បន្ទាប់ពី​មាន​ការរាយការណ៍ថា ឪពុករបស់​ខ្មាន់កាំភ្លើង​ត្រូវ​បាញ់សម្លាប់​នៅ ភូមិHostoun ជាយទីក្រុង​ប្រាក។ ប៉ូលិសឆែកជឿថា ខ្មាន់កាំភ្លើង​ជាអ្នកបាញ់​សម្លាប់​ឪពុកខ្លួនឯង មុន​នឹង​សម្រេចចិត្ត​មកធ្វើ​អត្តឃាត​នៅទីក្រុង​ប្រាក។

ប៉ុន្តែ មុន​នឹង​បាញ់សម្លាប់​ខ្លួនឯង ខ្មាន់កាំភ្លើង ដែលមានអាវុធដ៏ច្រើនជាប់ខ្លួន រួមទាំងកាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិផង ​បាន​ចូលទៅ​បាញ់រះ​សម្លាប់​មនុស្ស ដោយឥតរើសមុខ នៅក្នុង​អគារ​របស់​សកលវិទ្យាល័យ។ តាម​រដ្ឋមន្រ្តីមហាផ្ទៃឆែក ដោយសារ​មានវត្តមាន តាមរកមុខ​ខ្មាន់កាំភ្លើង នៅមុនហេតុការណ៍​បាញ់រះទៅទៀត ប៉ូលិស​ឆែក​ចាប់​អន្តរាគមន៍ យ៉ាង​ឆាប់រហ័ស ប៉ុន្តែ បាន​ប្រទះឃើញ​សាកសព​របស់ខ្មាន់កាំភ្លើង ដែល​ប៉ូលិស​ជឿថា បាន​បាញ់​សម្លាប់​ខ្លួនឯង។

អាជ្ញាធរ​ឆែក នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ប្រកាស​ប្រាប់​ប្រជាជន​ឲ្យស្ងប់ស្ងាត់ ព្រោះថា ការបាញ់រះ​សម្លាប់​មនុស្ស​ធ្វើឡើង​​ដោយ​ឧក្រិដ្ឋជនទោល ពោលគឺគ្មានជាប់ទាក់ទង​នឹងក្រុមភេរវកម្មអន្តរជាតិ​ណាមួយឡើយ។ បើតាម​រដ្ឋមន្រ្តីមហាផ្ទៃ ឆែក ដែល​និយាយ​យោង​ដល់ការស៊ើបអង្កេត​នៅ​លើ​បណ្តាញ​សង្គម ខ្មាន់កាំភ្លើង​ទំនងយកគំរូតាម​ហេតុការណ៍​បាញ់សម្លាប់មនុស្ស​នៅ​រុស្ស៊ី កាលពី​ ប៉ុន្មានខែ​មុននេះ។

ចាប់តាំងពីទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៩៣ នេះជាលើកទី​១ ដែល​សាធារណរដ្ឋឆែក ជួបហេតុការណ៍​បាញ់រះ សម្លាប់ក្នុងចំនួន​ដ៏ច្រើន ជាពិសេស នៅ​សកលវិទ្យាល័យដ៏ល្បីឈ្មោះ ក្នុង​សង្កាត់​ទេសចរ កណ្តាលក្រុង​ប្រាក។ នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ឆែក សំដែង​ការរន្ធត់ និង​ប្រកាស​កាន់ទុក្ខជាតិ នៅថ្ងៃសៅរ៍​ស្អែក។ មេដឹកនាំ​អាមេរិក អឺរ៉ុប និង​បារាំង បានផ្ញើសារ​ចូលរួម​មរណទុក្ខ​របស់​គ្រួសារ​ជនរងគ្រោះ​ស្លាប់​នៅក្នុងសោកនាដកម្ម​លើកនេះ។

ទោះជា​អំពើហិង្សា​ប្រើកាំភ្លើង​បាញ់សម្លាប់មនុស្ស​ជា​រឿងកម្រ នៅប្រទេស​ឆែក ប៉ុន្តែ ករណី​បាញ់សម្លាប់មនុស្ស មុន​នឹង​ធ្វើ​អត្តឃាតខ្លួន​ឯងធ្លាប់ កើតមាន​២លើកហើយ​នៅ​ឆែក។ នៅ​ឆ្នាំ ២០១៥ បុរសម្នាក់​ចូល​ទៅ​បាញ់សម្លាប់មនុស្ស​នៅក្នុងបន្ទប់រង់ចាំគ្រូពេទ្យ ចំណែក​នៅ​ឆ្នាំ ២០១៩ បុរស​អាយុ​៦៣ឆ្នាំម្នាក់​បាញ់សម្លាប់​មនុស្ស​៧នាក់​នៅក្នុងភោជនីយដ្ឋាន មុន​នឹង​ធ្វើ​អត្តឃាត ផ្តាច់ជីវិតខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ