អានតួអត្ថបទ
បារាំង

បារាំង៖ លោក​ហ្កាប្រ៊ីយែល អាតតាល់ ត្រូវ​បាន​តែងតាំង​នាយករដ្ឋមន្ត្រីថ្មី

២០ខែបន្ទាប់ពីបានដឹកនាំ​រដ្ឋាភិបាល​បារាំង លោក​ស្រី អេលីហ្សាប៊ែត ប៊ន បានលាចុះពីមុខតំណែងនាយករដ្ឋមន្ត្រី​ ទៅតាមការសម្រេច​ របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ​ម៉ាក្រុង កាលពីថ្ងៃចន្ទ​ទី​៨មករា​​។​ ការសម្រេចរុះរើរដ្ឋាភិបាល​នេះ​ គឺបន្ទាប់ពី​មានបញ្ហា​​រកាំរកូសបែកបាក់គ្នា ក្នុងចំណោមសមាជិក​​រដ្ឋាភិបាល​ ព្រមទាំងសមាជិកសភាមកពីបក្សរបស់​លោកម៉ាក្រុង​។​ លោក​ម៉ាក្រុង បានតែងតាំង លោក​ ហ្កាប៊្រីយែល អាតតាល់ ដែលមានអាយុ​៣៤ឆ្នាំ ឲ្យធ្វើជានាយករដ្ឋមន្ត្រី​ថ្មី​។

លោក​ ហ្កាប៊្រីយែល អាតតាល់ ក្នុងពេលថ្លែងសុន្ទរកថាទទួលតំណែង ពីលោកស្រី អេលីហ្សាប៊ែត ប៊ន នៅវិមាន Matignon ទីក្រុងប៉ារីស ថ្ងៃទី៩មករា ២០២៤
លោក​ ហ្កាប៊្រីយែល អាតតាល់ ក្នុងពេលថ្លែងសុន្ទរកថាទទួលតំណែង ពីលោកស្រី អេលីហ្សាប៊ែត ប៊ន នៅវិមាន Matignon ទីក្រុងប៉ារីស ថ្ងៃទី៩មករា ២០២៤ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​​៣៤ឆ្នាំ លោក ហ្កាប៊្រីយែល អាតតាល់ (Gabriel Attal) បាន​ក្លាយជានាយករដ្ឋមន្ត្រីបារាំង ដែលមាន​​​វ័យ​ក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រនយោបាយ​បារាំង​។ ភ្លាម​ៗក្រោយ​ការប្រកាសតែងតាំង នៅព្រឹកថ្ងៃទី​៩មករា លោក​ប្រធានាធិបតី​ម៉ាក្រុង បានសរសេរសា​នៅលើបណ្តាញសង្គម X ថាលោក​សង្ឃឹមនឹងមានទំនុកចិត្តទៅលើ ភាពស្វាហាប់ របស់​​លោក ហ្កាប៊្រីយែល អាតតាល់ ក្នុងការដឹកនាំរដ្ឋាភិបាលថ្មី ផ្តល់សន្ទុះ​​ដល់​គម្រោង​ពង្រឹង​​កម្លាំង​យុវជន​បារាំង​​​ជំនាន់​ថ្មី​​។

យ៉ាងណាមិញ ក្នុងពិធីផ្ទេរតំណែង​នៅវិមាន​ម៉ាទីញ៉ុង លោកហ្កាប៊្រីយែល អាតតាល់ បានទទួលស្គាល់ថា​ ការតែងតាំងរូបលោក​ជានាយករដ្ឋមន្ត្រី គឺបានស្តែងអំពីទំនុកចិត្ត​របស់​លោកប្រធានាធិបតី​ មកលើ​ភាពស្វាហាប់ ភាពក្លាហានរបស់យុវជនវ័យក្មេងជំនាន់ក្រោយ​។ លោក​បានបន្ថែមថា ការងារ​របស់​​លោក​​ចាប់​ពី​ពេលនេះ គឺ​ចាត់ចែងដឹកនាំជោគវាសនា​របស់​បារាំង ដើម្បីរំដោះសក្តានុពល​របស់បារាំង​។ ចូលកាន់តំណែងភ្លាម លោក​នាយករដ្ឋមន្ត្រី ហ្កាប៊្រីយែល អាតតាល់ បានធ្វើដំណើរទៅ​សួរសុខទុក្ខពលរដ្ឋបារាំង​រងគ្រោះដោយគ្រោះទឹកជំនន់នៅភាគខាងជើងបារាំង។​

សូមបញ្ជាក់ថា លោក ហ្កាប៊្រីយែល អាតតាល់ គឺជាអ្នកនយោបាយវ័យក្មេង ដែលកំពុងលេចធ្លោបំផុត នៅលើ​ឆាកនយោបាយ​បារាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកគឺជា​សកម្មជននយោបាយ ដែល​​បានចូលរួម​ក្នុង​ចលនា​​​នយោបាយ ដឹកនាំ​​​ដោយ​​​​លោក​ម៉ាក្រុង ដំបូងៗគេបង្អស់ កាលពីឆ្នាំ​២០១៧។ ពីអ្នកនាំពាក្យ​វិមានប្រធានាធិបតី លោក​ ហ្កាប៊្រីយែល អាតតាល់ ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុកកញ្ចប់ថវិកា​​សាធារណៈ នៅខែឧសភា ឆ្នាំ​២០២២ មុននឹងបានក្លាយជា​រដ្ឋមន្ត្រីក្រសួងអប់រំ នៅខែកក្កដា​២០២៣។ ដោយសារតែភាពស្វាហាប់ ម៉ឺងម៉ាត់ និងពូកែវោហារសព្ទ លោកហ្កាប៊្រីយែល អាតតាល់ បានក្លាយជាអ្នកនយោបាយ ដែលមានប្រជាប្រិយ​បំផុត ក្នុងការយល់ឃើញរបស់​ប្រជាជនបារាំងទូទៅ។

យោងតាមការវិភាគ លោក​ប្រធានាធិបតីម៉ាក្រុង បានសម្រេចចិត្តតែងតាំង​លោក ហ្កាប៊្រីយែល ​​អាតតាល់ ដោយ​សង្ឃឹម​ថា អាចនឹងផ្តល់សន្ទុះវិជ្ជមាន ដល់​រដ្ឋាភិបាលអាណត្តិទី​២របស់ខ្លួន ដែលកំពុង​តែ​ជួប​ការ​លំបាកខ្លាំង​ឡើងៗ​។ ច្បាប់កំណែទម្រង់ប្រព័ន្ធ​ចូលនិវត្តន៍ និងច្បាប់​អន្តោប្រវេសន៍ថ្មី ដែល​រដ្ឋាភិបាល​បារាំង ​បានមានៈអនុម័ត បានធ្វើឲ្យ​​បែកបាក់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មិនថាក្នុងសភា និង​ក្នុងរដ្ឋាភិបាលខ្លួនឯង។ បន្ថែមពីនេះ លោកម៉ាក្រុងត្រូវតែ​ត្រៀម​ជម្រុញ ឲ្យ​បក្សរបស់​ឈានទៅ​បានជោគជ័យ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភាអឺរ៉ុប នៅខែមិថុនាខាងមុខ ស្របពេល​ដែល​តាមការស្ទាបស្ទង់មតិ គឺបក្សស្តាំនិយមជ្រុលដែល​កំពុង​ទទួលបានការគាំទ្រខ្លាំង​​។​

យ៉ាងណាក៏ដោយ មានឧបសគ្គជាច្រើនកំពុងរងរចាំ​លោកនាយករដ្ឋមន្ត្រីថ្មី ហ្កាប៊្រីយែល អាតតាល់​ ព្រោះថារដ្ឋាភិបាល​លោក ​​​ពុំមានសំឡេងភាគច្រើននៅក្នុងសភាទេ។ រាល់ការ​បោះឆ្នោត​ធ្វើកំណែទម្រង់ ឬធ្វើច្បាប់ថ្មីណាមួយ គឺត្រូវតែ​ឆ្លងកាត់ការចរចា ជាមួយ​គណបក្សផ្សេងៗទៀត ដែលពួកគេ​កាន់តែបង្ហាញ​ការ​ប្រឆាំង​ខ្លាំងឡើងៗ ទៅលើការដឹកនាំរបស់​លោក​អេម៉ានុយអែល ម៉ាក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ