អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ជំនួយ​មនុស្សធម៌

អ.ស.ប.​អំពាវនាវរក​​ជំនួយមនុស្សធម៌​​៤២០០លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅថ្ងៃ​ចន្ទទី​១៥​មករា​នេះ ត្រូវ​ការ​ប្រមូល​ថវិកា​ចំនួន​៤២០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤ សម្រាប់ជា​ជំនួយ​មនុស្សធម៌​ដើឮ​​អ៊ុយក្រែន និង​ជនភៀសខ្លួន​រាប់​លាន​ដែល​បានបង្ខំ​ចិត្ត​​រត់​ចេញ​ពីផ្ទះ​សម្បែង​ ដើម្បី​គេច​ពី​សង្គ្រាម​។ អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​បន្ថែម​ទៀត ឱ្យសហគមន៍​អន្តរជាតិ​កុំ​បោះបង់​អ៊ុយក្រែន បើ​ទោះ​បី​ជាមាន​សង្គ្រាម​​ធ្ងន់ធ្ងរ​ផ្សេង​ទៀ​ត​ដូច​យ៉ាង​នៅ​ហ្កាហ្សា​និង​ស៊ូដង់​ក៏​ដោយ។

លោក Martin Griffithsឆ្វេង និង​លោក​ Filippo Grandi អំពាវនាវ​រក​ជំនួយ​៤២០០លាន​សម្រាប់​អ៊ុយក្រែន
លោក Martin Griffithsឆ្វេង និង​លោក​ Filippo Grandi អំពាវនាវ​រក​ជំនួយ​៤២០០លាន​សម្រាប់​អ៊ុយក្រែន AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​ទៅ​ គ្រប់​គ្នា​និយាយ​តែ​ពី​អ៊ុយក្រែន ប៉ុន្តែ​តាំងពី​ប៉ុន្មាន​សប្តាហ៍​​មក​នេះ មាន​ដំណឹង​ពី​អ៊ុយក្រែន​តិច​តួចណាស់។ សូម​កុំបំ​ភ្លេច​អ៊ុយក្រែន។ នេះ​ជា​ប្រសាសន៍​របស់​​លោក​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ ម៉ារតាំង ហ្គ្រីហ្វីត ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​អំពាវនាវ​ស្វែង​រក​ជំនួយ​មនុស្សធម៌​​ឱ្យ​អ៊ុយក្រែន។

បើ​តាម​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​២០២៤​នេះ មាន​ពលរដ្ឋ​អ៊ុយក្រែន​១៤លាន​៦សែន ​នាក់ ត្រូវ​ជា​​៤០%​​នៃ​ប្រជាជន​សរុប​ រំពឹង​លើ​ជំនួយ​មនុស្សធម៌ ហើយ​ក្នុង​នោះ​៨លាន​នាក់​កន្លះ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

លោក Martin Griffiths បាន​លម្អិតទៀត​​ថា កុមារ​រាប់​ពាន់​នាក់​កំពុង​រស់​ក្នុង​តំបន់​ជា​សមរភូមិ​ជួរ​មុខ​ រស់​ក្នុង​ភាព​ភ័យ​ខ្លាច ​បាក់ស្បាត​ និងគ្មាន​អ្វី​ជា​សេចក្តី​ត្រូវការ​បឋម​សម្រាប់​​រស់​ទេ​។ សាលា​រៀន​ ផ្ទះ​សម្បែង​ មន្ទីរ​ពេទ្យ​ បណ្តាញ​ទឹក​ស្អាត ​ឧស្ម័ន អគ្គីសនី ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ជា​ញឹក​ញយ។ ​សង្គម​គ្រប់​ស្រទាប់​រង​ការ​បំផ្លាញ ដោយ​បន្សល់​ទុក​នូវ​​ផលវិបាកដ៏​អាក្រក់​ខ្លាំង​ណាស់។ រលក​នៃ​ការ​វាយប្រហារ​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​អំឡុង​រដូវ​រងា បាន​បញ្ជាក់​អំពី​ភាព​ហិនហោច​នៃ​សង្គ្រាម​។ ដូច្នេះ​​​​យើង​ត្រូវ​ប្រឹង​ឱ្យ​អស់​ពី​លទ្ធភាព​​ក្នុង​ការ​ពាំនាំ​ជំនួយ​មនុស្ស​ធម៌​ដល់​អ៊ុយក្រែន។ នេះជា​ពាក្យ​ទទូច​របស់​លោក​ម៉ារតាំង ​​ ហ្គ្រីហ្វីតដដែល។

​ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​នេះ ​​អង្គការ​សហប្រជាជាតិសុខ​ចិត្ត​បង្រួម​កម្មវត្ថុ​ប្រមូល​ថវិកា ​​​​ផ្តុំ​​​អាទិភាព​​ទៅលើ​​ជំនួយ​បន្ទាន់​តែ​ប៉ុណ្ណោះ ដោយ​អំពាវនាវរក​​ថវិកា​ត្រឹម​តែ​៣១០០​លាន​ដុល្លារ​ ទល់​នឹង​៣៩០០​លាន​កាលពី​ឆ្នាំ​២០២៣ ព្រោះ​កាលពី​ឆ្នាំ​ទៅ​អ.ស.ប.​បាន​ទទួល​ជំនួយ​តែ​៦៤%​នៃ​សេចក្តី​ត្រូវ​ការ​ប៉ុណ្ណោះ។ សង្ឃឹម​ថា​រដ្ឋាភិបាល​នីមួយៗមិន​ភ្លេច​អ៊ុយក្រែន ​និង​បន្ត​មាន​សទ្ធា​ផ្តល់​វិភាគ​ទាន​កាន់​តែ​ច្រើន។

បន្ថែម​ពី​លើ​ជំនួយ​មនុស្សធម៌​សម្រាប់​​អ៊ុយក្រែន​៣១០០លាន​ អង្គការ​សហប្រជាជាតិ​ក៏​អំពាវានាវ​សុំ​ថវិកា​១១០០​លាន​ទៀត​សម្រាប់​ជនភៀស​ខ្លួន​អ៊ុយក្រែន​ ចំនួន​២លាន​បី​សែន​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ជាង​៦លាន​បី​សែន​នាក់។ នាយក​ភ្នាក់ងារអង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(HCR) លោក ហ្វីលីប៉ូ ហ្ក្រង់ឌី បាន​រំលឹក​ថា​ មាន​ប្រជាពលរដ្ឋ​អ៊ុយក្រែនភៀស​ខ្លួន​​នៅក្រៅ​ប្រទេស​ជា​ច្រើន​លាន​នាក់​ណាស់​ត្រូវការ​ជំនួយ​បន្ទាន់។ ថ្វីបើ​សហគមន៍​អឺរ៉ុប​បាន​ទទួល​ជនភៀស​ខ្លួន​អ៊ុយក្រែន​ដ៏​ល្អ​មែន តែ​កុមារ​អ៊ុយក្រែន​ភៀសខ្លួន​ពាក់​កណ្តាល​មិន​បាន​ចូល​រៀន មនុស្សធំ​ប្រមាណ​​តែ​៤០ទៅ​៦០%​មាន​ការងារ​ធ្វើ និង​ការ​ងារ​មិន​ចំ​សមត្ថភាព៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ