អានតួអត្ថបទ
កម្ពុជា-បារាំង

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​​ប្រទេស​បារាំង

លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ទៅកាន់អឺរ៉ុប កាលពីចុងសប្តាហ៍ កន្លងមកនេះ។ បន្ទាប់ពីបានទៅចូលរួមកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវូសប្រទេសស្វីស ព្រមទាំងជួបជាមួយតំណាងសហព័ន្ធនយោជកបារាំង ដើម្បីទាក់ទាញការវិនិយោគ នៅថ្ងៃព្រហស្បតិ៍ទី​១៨​មករា លោក​នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន​ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសបារាំង។ ក្រៅពី​ចូលរួមជាអធិបតី ក្នុងកម្មវិធី​ត្រួតពលទាហាន លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានទៅជួបពិសារអាហារថ្ងៃត្រង់ និង​ពិភាក្សាការងារ ជាមួយ​លោក​ប្រធានាធិបតី​បារាំង នៅឯវិមានអេលីហ្សេ។

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសុន្ទរកថាទៅកាន់អ្នកកាសែត នៅវិមានអេលីហ្សេ ថ្ងៃទី​១៨មករា២០២៤
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសុន្ទរកថាទៅកាន់អ្នកកាសែត នៅវិមានអេលីហ្សេ ថ្ងៃទី​១៨មករា២០២៤ © RFI-Pisey MAM
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍ ទី​១៨មករា នៅ​វេលាម៉ោង​១រសៀល លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​​បាន​ទទួល​ស្វាគមន៍ ដោយ​​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាកុ្រង នៅឯវិមានអេលីហ្សេ ដើម្បី​ពិសារអាហារថ្ងៃត្រង់និងពិភាក្សាការងារ​។ ក្រៅពីបាន​អ្នកអបអរសាទរមិត្តភាព​​ដ៏​ស្និទ្ធ​នៃប្រទេស​ទាំង២ និង​​ការដើរតួនាទីយ៉ាងសំខាន់របស់កម្ពុជា នៅក្នុងអង្គការក្រុមប្រទេសនិយាយភាសាបារាំង La Francophonie លោក​ប្រធានាធិបតី​ម៉ាក្រុង បានកោតសរសើរមកលើកម្ពុជាដែលបានចូលរួម​ធ្វើការងារ​យ៉ាងសកម្ម​ នៅក្នុង​សហគមន៍អន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រីកម្ពុជា​បានថ្លែងអរគុណ ចំពោះការអញ្ជើញ និងការទទួលស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសំណាក់រដ្ឋាភិបាល​បារាំង។ លោក​ក៏បានអរគុណផងដែរ ចំពោះការដើរតួនាទីដ៏សំខាន់របស់បារាំង នៅក្នុងដំណើរការកសាងសន្តិភាព​នៅកម្ពុជា ដោយ​រាប់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១ រហូតរៀងមក​។

ផ្អែក​តាម​​សេចក្តី​ប្រកាស​របស់​​វិមាន​ប្រធានាធិបតី​បារាំង ទស្សនកិច្ច​​ផ្លូវរដ្ឋ​របស់​លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅប្រទេសបារាំង គឺត្រូវបាន​ធ្វើ​ឡើង ក្នុ​ងក្របខណ្ឌពង្រឹងទំនាក់ទំនងទ្វេភាគីរវាង​ប្រទេសទាំង និងបន្ទាប់ពី​ ​ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេច​បានយាងមក​ទស្សនកិច្ច​​នៅ​បារាំង កាលពីខែវិច្ឆិកាកន្លងទៅ។ 

មុននឹងមកជួបលោកប្រធានាធិបតី​​​ម៉ាក្រុង នៅវិមានអេលីហ្សេ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៨​មករា លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតី ជាមួយ​លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង នៅក្នុងកម្មវិធីទ្រួតពលទាហាន នៅឯវិមាន អាំងវ៉ា​លីដ (Invalides) ដែលជាទីតាំងនិម្មិតរូបដ៏សំខាន់បំផុត នៃ​កងទ័ពបារាំង។ កម្មវិធីស្វាគមន៍​ថ្នាក់ជាតិនេះ គឺជាការទទួលស្វាគមន៍​ដ៏​មានកិត្តិយសបំផុត ដែល​ក្រសួងការពារជាតិ​បារាំង បានរៀបចំឡើងជាពិសេស ដើម្បីទទួលរូប​លោក នាយករដ្ឋមន្ត្រីរបស់កម្ពុជា។​

សូមបញ្ជាក់ដែរថា កាលពីដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូ តំណាងវិស័យធុរកិច្ចកម្ពុជា ចូលទៅជួបប្រជុំ ជាមួយ​សហព័ន្ធ​នយោជក និងសហគ្រាសបារាំង។ ជាកម្មវិធីដ៏សំខាន់​​ផងដែរ នៃដំណើរមកកាន់​អឺរ៉ុបរបស់​គណៈប្រតិភូកម្ពុជា ព្រោះថាកម្មវត្ថុ គឺដើម្បី​ធ្វើបទបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ចរបស់​កម្ពុជា ព្រមទាំង​ទាក់ទាញការបោះទុនវិនិយោគ​ថ្មីៗបន្ថែមទៀត ពីសំណាក់​ក្រុមហ៊ុន​បារាំង ក៏ដូចជាក្រុមហ៊ុនអឺរ៉ុបទាំងមូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ