អានតួអត្ថបទ
អឺរ៉ុប-គ្រឿងញៀន

អឺរ៉ុបបង្កើតសម្ព័ន្ធភាព​តាមកំពង់ផែ ដើម្បីទប់ស្កាត់ការនាំចូលគ្រឿងញៀន

ប្រមាណជា​២ឆ្នាំចុងក្រោយនេះ គ្រឿងញៀនជាពិសេសប្រភេទកូកាអ៊ីន បាន​ហូរចូលមកអឺរ៉ុបយ៉ាងច្រើនសន្ធឹក ដោយ​ពួកឈ្មួញទុច្ចរិត បានបញ្ជូនចូលមកតាមកុងទឺន័រ ដែលគេដឹកមកដល់តាម​កំពង់ផែធំៗរបស់អឺរ៉ុប។ កំពង់ផែក្រុងអង់វែ នៅបែលហ្ស៊ិក បានក្លាយជាទីតាំង​ច្រកចូល​ដ៏សំខាន់មួយ នៃគ្រឿងញៀន​ទាំងនេះ។ ប្រឈមនឹងបញ្ហា​ សហភាពអឺរ៉ុប បានបង្កើតឲ្យ​មាន “សម្ព័ន្ធភាព”មួយ នៅតាមកំពង់ផែអឺរ៉ុប ដើម្បី​ពង្រឹងវិធានការសន្តិសុខ ឈានទៅទប់ស្កាត់​ការនាំចូលគ្រឿងញៀន​។

កាប៉ាល់កុងទឺន័រ​ នៅកំពង់ផែ​ក្រុងអង់វែ ប្រទេសបែលហ្ស៊ិក។
កាប៉ាល់កុងទឺន័រ​ នៅកំពង់ផែ​ក្រុងអង់វែ ប្រទេសបែលហ្ស៊ិក។ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

លោកស្រី Ylva Johansson ស្នងការអឺរ៉ុបទទួលបន្ទុក​កិច្ចការផ្ទៃក្នុង បាន​ប្រាប់អ្នកកាសែតថា ការរឹតបន្តឹងសន្តិសុខ​នៅកំពង់ផែតែមួយ គឺមិនអាចទប់ស្កាត់ការហូរចូលនូវគ្រឿងញៀនបានទេ ព្រោះពួកឈ្មួញទុច្ចរិត នឹងងាកទៅកំពង់ផែផ្សេងទៀត។ ដូច្នេះហើយ សហភាពអឺរ៉ុប នឹងរៀបចំ​បង្កើតជា “សម្ព័ន្ធភាព​មួយ” ដោយ​សហការជាមួយ អាជ្ញាធរគ្រប់គ្រងកំពង់ផែធំៗចំនួន​១៦ នៅអឺរ៉ុប ព្រមទាំង​តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រផងដែរ​។

លោកស្រី Ylva Johansson ថា​សម្ព័ន្ធភាព​នេះ អាចបានជោគជ័យ ទាល់តែមានការសហការ ជាមួយ​អាជ្ញាធរ​នគរបាល អាជ្ញាធរគយ ព្រមទាំងតំណាងក្រុមហ៊ុន​ឯកជន ដែល​មានចំណែកពាក់ព័ន្ធនៅតាម​កំពង់ផែ។ លោកស្រីបានគូសបញ្ជាក់ថា ការនាំចូលគ្រឿងញៀននៅតាមកំពង់ផែ កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ​អំពើពុករលួយ នៅតាមកំពង់ផែ។

គួរបញ្ជាក់ថា កំពង់ផែធំៗនៅអឺរ៉ុប បានក្លាយជាច្រកចូលនៃគ្រឿងញៀន របស់ពួកឈ្មួញទុច្ចរិត។ បណ្តាញ​ទុច្ចរិត ​បានប្រើលុយសូកប៉ាន់បុគ្គលិក​កំពង់ផែ អ្នកបើកបររថយន្តដឹកកុងទឺន័រ ព្រមទាំង​មន្ត្រីគយ និងមន្ត្រីនគរបាល​ថែមទៀតផង ដើម្បី​ឲ្យ​កូនចៅខ្លួន អាចចូលទៅយក​គ្រឿងញៀន ដែលត្រូវបានបញ្ជូនមកតាមកាប៉ាល់។​ ជាក់ស្តែង គ្រឿងញៀនប្រភេទកូកាអ៊ីន​ ដែលដឹកមកពី​​តំបន់​អាមេរិកឡាទីន​ កំពុងតែជនជោរខ្លាំងពេញអឺរ៉ុបតែម្តង។

នៅឆ្នាំ២០២៣ អាជ្ញាធរបែលហ្ស៊ិក បានចាប់ឃាត់បាន​កូកាអ៊ីនចំនួន​១៦តោន នៅកំពង់ផែក្រុងអង់វែ។ ជាងនេះទៀត សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងអាណាធិបតេយ្យ បាន​ធ្វើ​ឲ្យ​ទីក្រុងអង់វែ ប្រឈមនឹងអំពើហិង្សាបាញ់បោះខ្លាំងឡើងៗ រវាងពួកក្រុមជនទុច្ចរិតដែល​ប្រជែងទីផ្សារគ្នា​។ ផ្អែកតាមអាជ្ញាធរបែលហ្ស៊ិក ថ្វីបើឆ្នាំ​២០២៣កន្លងទៅ គេបាន​ចាប់ឃាត់​គ្រឿងញៀនបានច្រើនសន្ធឹកក៏ពិតមែន តែគ្រឿងញៀននៅតែមានតម្លៃថោកខ្លាំង។ មានន័យថា ទំហំបរិមាណគ្រឿងញៀន គឺមានច្រើនខ្លាំងណាស់ ទើបបាន​ជាវាមានតម្លៃថោកបែបនេះ​។​

គួរកត់សំគាល់ដែរថា ពួកជនទុច្ចរិត​បាន​សំរុក​នាំគ្រឿងញៀន ចូលតាម​កំពង់ផែក្រុងអង់វែរបស់បែលហ្ស៊ិក គឺបន្ទាប់​ពី​អាជ្ញាធរហូឡង់បានចាប់ផ្តើម​បង្ក្រាបខ្លាំង នៅ​កំពង់ផែក្រុងរ៉ូទែដាម។ ហើយ​ស្របពេល​ដែល​អាជ្ញាធរបែលហ្ស៊ិក បានចាប់ផ្តើមបង្ក្រាបនៅកំពង់ផែអង់វែ ស្រាប់តែគេសង្កេតឃើញថា សកម្មភាពនាំចូល​គ្រឿងញៀន បានងាកទៅ​កើនឡើងខ្លាំង នៅត្រង់កំពង់ផែ Helsingborg ប្រទេសស៊ុយអែត។

ផ្អែកតាម​លោកស្រី ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង ស្ថានការណ៍​ដូចគ្នានេះ គេសង្កេតឃើញដែរ នៅតាម​កំពង់ផែ​ ​ដែលគ្រឿងញៀនទាំងនោះ ត្រូវគេបញ្ជូនឡើងកាប៉ាល់មក។ ក្រោយពេលដែល អាជ្ញាធរកូឡុំប៊ី បានចាប់ផ្តើម​ពង្រឹងការបង្រ្កាប នៅតាមកំពង់ផែកូឡុំប៊ី គេសង្កេតឃើញថា ពួកបណ្តាញជួញដូរគ្រឿងញៀន បានងាកទៅប្រើប្រាស់​ កំពង់ផែនៅអាក្វាទ័រ ដើម្បី​បញ្ជូនគ្រឿងញៀនចេញមកអឺរ៉ុប​។

សូមបញ្ជាក់ថា នៅអឺរ៉ុប ៧០%នៃគ្រឿងញៀនកូកាអ៊ីន គឺគេរឹបអូសបាន នៅតាមកំពង់ផែ។ ប្រឈមនឹងការចុះចាប់កាន់តែញឹកញាប់របស់សមត្ថកិច្ចអឺរ៉ុប​ ក្រុមជនទុច្ចរិតខ្លះ បាន​ងាកទៅ​ប្រើប្រាស់​កំពង់ផែ នៅតាមប្រទេសអាហ្វ្រិកខាងជើង ដើម្បី​ទំលាក់គ្រឿងញៀន ហើយបញ្ជូន​ចូលអឺរ៉ុបតាមទូកតូចៗ នៅតាមកំពង់ផែអេស្ប៉ាញ។ បន្ថែមពីគ្រឿងញៀនប្រភេទកូកាអ៊ីន អាជ្ញាធអឺរ៉ុបមានការព្រួយបារម្ភផងដែរ អំពីគ្រឿងញៀនប្រភេទគីមី​សំយោគ ដែលអាចបង្កគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។ ជារៀងរាល់ឆ្នាំ សមត្ថកិច្ចអឺរ៉ុបចុះចាប់ បំបែកបាន​ទីតាំង​កែច្នៃសារធាតុញៀនគីមីសំយោគ ចំនួន​​៤០០​ទីតាំង​ជាមធ្យម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ