អានតួអត្ថបទ

អឺរ៉ុប​យល់ព្រមព្រៀងគ្នា​ដើម្បី​ចាយលុយរុស្ស៊ី​ដែលអឺរ៉ុបបង្កកទុក ដោយសារ​សង្រ្គាម​អ៊ុយក្រែន

ទីបំផុតទៅ សហភាពអឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងរួម​ស្តីពីការទាញយកប្រយោជន៍​ពី​ទ្រព្យសម្បត្តិរុស្ស៊ី ដែល​ផ្អឹបទុក​នៅ ទឹកដី​អឺរ៉ុប​ ដោយសារ​សង្រ្គាម​អ៊ុយក្រែន។ តាម​បែលហ្ស៊ិក​ដែលជាប្រធានផ្លាស់វេន​ក្រុមប្រឹក្សា​អឺរ៉ុប នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃ​ចន្ទទី ២៩​មករា អ្នកតំណាងទូត​របស់​ប្រទេស​សមាជិក​ទាំង​២៧​របស់​សហភាពអឺរ៉ុប​សម្រេចចិត្ត​លើកដៃ បោះឆ្នោត​ជា​ឯកច្ឆន្ទ​ឲ្យ​គេ​យក​ប្រាក់ចំណូល បានមក​ពី​ទ្រព្យសម្បត្តិ​រុស្ស៊ី ផ្អឹបទុក​ក្នុង​ទឹកដីអឺរ៉ុប ទៅ​ប្រើប្រាស់​សម្រាប់​ជួយកសាង​អ៊ុយក្រែន នៅក្រោយ​ចប់សង្រ្គាម។ 

Прапор ЄС на фоні Єврокомісії. Брюссель, Бельгія
អឺរ៉ុប​យល់ព្រមព្រៀងគ្នា​ដើម្បី​ចាយលុយរុស្ស៊ី​ដែលអឺរ៉ុបបង្កកទុក ដោយសារ​សង្រ្គាម​អ៊ុយក្រែន © GETTY IMAGES
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ក្របខណ្ឌនៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដែល​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន អឺរ៉ុប​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី ប្រមាណ ២០០​ពាន់លាន​អឺរ៉ូ។ ៩០%​នៃ​មូលនិធិ​រុស្ស៊ី នៅ​ទឹកដីអឺរ៉ុប ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​Euroclear ដែល​មាន​ទីតាំង នៅ​ប្រទេស​ប៊ែលហ្សិក។

សហភាពអឺរ៉ុប​ធ្លាប់ជជែក​គ្នាជាច្រើន​ដង​ពី​ទ្រព្យសម្បត្តិ​រុស្ស៊ី ដែលគេ​បង្កក​ទុកចោល នៅ​អឺរ៉ុប ដែល​នៅក្នុងនោះ មាន​តាំង​ពី​ការជំរុញ​ឲ្យ​យក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ទាំងអស់​ដែលគេ​ចាប់បង្កកទុក នៅ​អឺរ៉ុប ទៅប្រើ​សម្រាប់​កសាង​អ៊ុយក្រែន។ អ៊ុយក្រែន​ដែល​កំពុង​ត្រូវ​បំផ្លាញខ្ទេចខ្ទីរ​ដោយសារ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។

ប៉ុន្តែ ដោយសារ​បញ្ហា​នីតិវិធី​ដ៏ស្មុគស្មាញ និង​ដើម្បី​ជៀសវាង​កុំ​ឲ្យ​លុយអឺរ៉ូ ធ្លាក់ថ្លៃ ឬ​ទីផ្សារអន្តរជាតិ​ជួប​ហានិភ័យ សហភាពអឺរ៉ុប​បាន​ទាត់ចោល​ជំរើស​ខាងលើ ដោយ​ងាកមក​ផ្តោត​សំខាន់​លើ​ការប្រាក់ ឬ​ប្រាក់ចំណេញ បាន​មក​ពីទ្រព្យសម្បត្តិ​ផ្ទឹបទុក​នៅអឺរ៉ុប។

កន្លងមក គណៈកម្មការអឺរ៉ុប​បាន​ដាក់​សំណើ​ទៅ​ប្រទេស​សមាជិក​ទាំង​២៧​របស់​សហភាព​អឺរ៉ុប ដែលនៅក្នុងនោះ ស្ថាប័នដែលមានបង្កកទ្រព្យសម្បត្តិ​រុស្ស៊ី ដូចជា Euroclear ជាដើម​ ត្រូវបែងចែក​ឲ្យដាច់ រវាង​ការប្រាក់ ឬ​ប្រាក់ចំណេញ បានមកពី​ទ្រព្យសម្បត្តិរុស្ស៊ី បន្ទាប់មក​ត្រូវដាក់​វា​ទៅ​ក្នុង​គណនីពីរផ្សេងគ្នា។

នៅក្នុង​ដំណាក់កាលទី២ គណៈកម្មការអឺរ៉ុប​នឹង​ស្នើសាជាថ្មី ដើម្បី​រឹបអូសយក​ប្រាក់ចំណេញ ឬការប្រាក់​លើ​ទ្រព្យសម្បត្តិបង្កក​រុស្ស៊ី ដើម្បី​ប្រគល់ទៅ​ឲ្យអ៊ុយក្រែន។

ប្រទេស​មួយចំនួន ដូចជា​បែលហ្សិក​បាន​ស្នើ​ឲ្យគេ​យកពន្ធ​លើ​ទ្រព្យសម្បត្តិបង្កក​របស់រុស្ស៊ី ព្រោះថា ពន្ធប្រភេទនេះនឹង​អាច​ឲ្យ​ទទួលបាន​ប្រាក់​ប្រមាណ ៣ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំៗ សម្រាប់យកទៅជួយអ៊ុយក្រែន។ ជាឧទាហរណ៍​ស្រាប់ បែលហ្សិក​បានទាមទារ​ឲ្យ​Euroclear ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិបង្កក​របស់​ធនាគារកណ្តាល​រុស្ស៊ី បង់​ពន្ធ​លើ​ប្រាក់ចំណេញ ឬ​ការប្រាក់​បានមកពីទ្រព្យរុស្ស៊ី មុននឹង​បង្វែរទៅ​ឲ្យ​អ៊ុយក្រែន។ នៅ​ឆ្នាំ ២០២៣ ប៊ែលហ្សិក​ប្រមូលបាន​ពន្ធ​ពី​ទ្រព្យសម្បត្តិបង្កករុស្ស៊ី ប្រមាណ ៦០០​លានអឺរ៉ូ ដើម្បី​យកទៅជួយ​អ៊ុយក្រែន។ ថ្មីៗនេះ នាយករដ្ឋមន្រ្តីបែលហ្សិក លោក Alexander de Croo សន្យា​ថា នឹង​ព្យាយាម​ប្រមូលពន្ធបន្ថែមទៀត នៅ​ឆ្នាំ​នេះ ឲ្យបាន​១៧០០លាន​អឺរ៉ូ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ៊ុយក្រែន។

គួររំលឹកថា នៅតែប៉ុន្មានខែ​ក្រោយ រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រទេស​លោកខាងលិច ដូចជា​អាមេរិក អង់គ្លេស និង​សហភាពអឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើរុស្ស៊ី ដែលនៅ​ក្នុងនោះ ទ្រព្យសម្បត្តិ​របស់​រដ្ឋរុស្ស៊ី និង​មហាសេដ្ឋី អ្នកជំនួញ​រុស្ស៊ី ប្រមាណ ៣៥០​ពាន់លាន​អឺរ៉ូ ត្រូវ​គេ​បង្កកទុក​នៅតាម​ធនាគារ​ក្នុងប្រទេស​លោកខាងលិច។

ដោយទាញប្រយោជន៍ពី​ប្រាក់ចំណេញ បាន​មក​ពី​ទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កកទុកនៅអឺរ៉ុប សហភាពអឺរ៉ុប ដែលបាន​ទទួលការគាំទ្រ​ពី​ក្រុមប្រទេស​G7 កំពុង​ស្វះស្វែងរកមធ្យោបាយ ប្រភពហិរញ្ញវត្ថុថ្មី​ដើម្បី​ជួយ​អ៊ុយក្រែន នៅក្នុង​កាលៈទេសៈ​ដែល​ប្រាក់ជំនួយ​អន្តរជាតិ​សម្រាប់​អ៊ុយក្រែន​កាន់តែយ៉ាប់រក។ នៅអាមេរិក គណបក្ស​សាធារណរដ្ឋ​ដែលជា​បក្ស​ប្រឆាំង​បាន​បោះឆ្នោត ប្រឆាំង​នៅ​សភា​មិន​ឲ្យ​អាមេរិក​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​ជួយ​អ៊ុយក្រែន ក្នុងហេតុផលថា អាមេរិកខ្លួនឯង​ត្រូវការថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុងស្រុក ដូចជា​បញ្ហា​អន្តោប្រវេសន៍ នៅ​ព្រំដែនជាដើម។ ចំណែក ការសន្យា​ផ្តល់ប្រាក់ជំនួយ និងកម្ចី ៥០ពាន់លានអឺរ៉ូ របស់​សហភាពអឺរ៉ុប​សម្រាប់អ៊ុយក្រែន ក៏កំពុងត្រូវ​ជាប់គាំង ដោយសារ​ការប្រឆាំង​របស់​ហុងគ្រី។

អង្គការ​សហប្រជាជាតិ ធនាគារ​កណ្តាល​វាយតម្លៃ កាលពី​ខែ មីនា​ឆ្នាំមុន ថា គេត្រូវ​ការទឹកប្រាក់ប្រមាណ ៣៨០ពាន់​លាន​អឺរ៉ូ ស្មើនឹង​៤១១ពាន់លាន​ដុល្លារ សម្រាប់​សាងសង់​អ៊ុយក្រែន​ឡើងវិញ នៅ​ក្រោយ​សង្រ្គាមបិទបញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ